អន្តរជាតិ
វៀតណាម​ត្រៀម​នាំចេញ​ឧបករណ៍​ធ្វើតេស្ត​ជំងឺ​កូ​វីដ​១៩ ទៅ​បរទេស​
04, May 2020 , 7:59 pm        
រូបភាព
បុគ្គលិក​ពេទ្យ​ម្នាក់​ពាក់​គ្រឿង​ការពារ​ខ្លួន​​ដើរ​កាត់​​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​​រក​វីរុស​កូរ៉ូណា​ ដែល​បង្ហាញ​លទ្ធផល​​ក្នុង​រយៈពេល​ខ្លី នៅ​ទីក្រុងហូជីមិញ ប្រទេស​វៀតណាម ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ​២០២០។REUTERS/Kham
បុគ្គលិក​ពេទ្យ​ម្នាក់​ពាក់​គ្រឿង​ការពារ​ខ្លួន​​ដើរ​កាត់​​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​​រក​វីរុស​កូរ៉ូណា​ ដែល​បង្ហាញ​លទ្ធផល​​ក្នុង​រយៈពេល​ខ្លី នៅ​ទីក្រុងហូជីមិញ ប្រទេស​វៀតណាម ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ​២០២០។REUTERS/Kham
ដោយ: VOA
​ប្រហែល​មួយខែ​មុន ប្រទេស​វៀតណាម​បាន​នាំចូល​ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ ពី​ប្រទេស​កូរ៉េខាងត្បូង ហើយ​បានធ្វើការ​ស្រាវជ្រាវ​ខាង​ការធ្វើ​តេស្ត​ជាមួយ​ប្រទេស​ជប៉ុន​។ ប៉ុន្តែ​នៅពេល​បច្ចុប្បន្ននេះ ប្រទេស​វៀតណាម​បាន​នាំចេញ​ឧបករណ៍​ធ្វើតេស្ត​ផលិត​ក្នុងប្រទេស​ទៅ​ប្រទេស​ដែលមាន​ជាង​ខ្លួន​ទៅវិញ ដែល​ធ្វើឱ្យ​វៀតណាម​អាច​ចំណេញ​ផ្នែក​ការទូត​បន្ថែមទៀត​។​

 
​កន្លងមក ប្រទេស​វៀតណាម​បាន​ទប់ស្កាត់​ការ​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ បាន​លឿន​ជាង​ប្រទេស​ភាគច្រើន​។​
 
​រដ្ឋាភិបាល​ក្រុង​ហាណូយ​បានបញ្ជាក់​កាលពី​ចុងខែ​មេសា​ថា ឧបករណ៍​ធ្វើតេស្ត​របស់​វៀតណាម​បានទទួល​ការយល់ព្រម​ពី​អង្គការ​សុខភាព​ពិភពលោក និង​ចក្រភព​អង់គ្លេស​។​
 
​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​និយាយថា ប្រទេស​វៀតណាម​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស ៥ ដែល​ត្រៀម​រួចរាល់​ក្នុងការ​នាំចេញ​ឧបករណ៍​ធ្វើតេស្ត​ជំងឺ​កូ​វីដ​១៩ ទៅ​បរទេស ហើយ​កន្លងមក បានទទួល​ការបញ្ជាទិញ​ពី​ប្រទេស​ចំនួន ២០ រួចមកហើយ ស្រប​ពេលដែល​ប្រទេស​ជាច្រើន​ប្រឹងប្រែង​ឲ្យ​បាន​ឧបករណ៍​ធ្វើតេស្ត​គ្រប់គ្រាន់​។​
 
​កាលពី​ថ្ងៃ​អង្គារ​ទី ២៨ មេសា នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បាន​សរសើរ​អ្នកវិទ្យាសាស្ត្រ​និង​ក្រុមហ៊ុន​នានា ដែល​បាន​ផលិត​ឧបករណ៍​ធ្វើតេស្ត​ទាំងនេះ ដោយបាន​និយាយថា ប្រទេស​វៀតណាម​មាន​ឧបករណ៍​ទាំងនេះ​គ្រប់គ្រាន់​ហើយ​សម្រាប់​ការប្រើ​ក្នុងប្រទេស ដូច្នេះ​គ្មាន​ហេតុផល​អ្វីដែល​វៀតណាម​មិនអាច​នាំ​ចេញទៅ​បរទេស​នោះទេ​។​
 
​លោក Nguyen Xuan Phuc បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​អំពី​ជំងឺ​កូ​វីដ​១៩​ថា​៖ «​យើង​ត្រូវ​លើកទឹកចិត្ត​ក្រុមហ៊ុន​អាជីវកម្ម​នានា​ដែល​នាំចេញ​ម៉ាស់ ថ្នាំពេទ្យ និង​ប្រដាប់ប្រដា​វេជ្ជសាស្ត្រ​ទៅ​ក្រៅប្រទេស ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​លក្ខខណ្ឌ​ដ៏​ល្អប្រសើរ​បំផុត​»​។​
 
​ប្រទេស​វៀតណាម​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​បាន​បើក​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ​កាលពីពេល​ថ្មីៗ​នេះ ដោយ​ធ្វើ​ឲ្យ​អ្នកតាមដាន​ស្ថានការណ៍​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការឆ្លើយតប​យ៉ាង​លឿន​របស់​ប្រទេស​នេះ​ចំពោះ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​។​
 
​ប្រទេស​វៀតណាម​បាន​បញ្ជាក់ថា ការធ្វើ​តេស្ត​ជាមុន ការដាក់​អ្នកជំងឺ​និង​អ្នក​ដែល​ធ្លាប់បាន​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​ជាមួយនឹង​អ្នកជំងឺ​ឱ្យនៅ​ដាច់​ពី​គេ​ភ្លាមៗ និង​ការ​រឹតត្បិត​ការធ្វើដំណើរ បាន​ជួយ​ធ្វើឱ្យ​ប្រទេស​នេះ​មាន​ករណី​អ្នក​ឆ្លង​ជំងឺ​នេះ​តិចតួច​។ គិត​ត្រឹម​ថ្ងៃទី ៣០ ខែមេសា ក្រសួងសុខាភិបាល​វៀត​ណា​ម​បាន​បញ្ជាក់ថា វៀតណាម​បានធ្វើ​តេស្ត​មនុស្ស​ចំនួន ២៦១.០០៤ នាក់​ហើយ​។​
 
​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នេះ បានអនុញ្ញាត​ឱ្យ​ប្រទេស​វៀតណាម​ដែលមាន​ទំហំ​សេដ្ឋកិច្ច​ជាង ២៥០ ពាន់​លាន​ដុល្លារ​នេះ បង្កើន​កិច្ច​ការទូត​ដូចជា​ករណី​នាំចេញ​ឧបករណ៍​ធ្វើតេស្ត​ជំងឺ​កូ​វីដ​១៩ នេះ​ជាដើម​។​
 
​វៀតណាម​ក៏បាន​ឧបត្ថម្ភ ឬក៏​លក់​ម៉ាស់ និង​ប្រដាប់​ពាក់​ការពារ​ខ្លួន​ផ្នែក​វេជ្ជសាស្ត្រ​ទៅឱ្យ​ប្រទេស​មួយចំនួន​ផងដែរ នៅពេលដែល​ប្រទេស​ជាច្រើន​បាន​ហាមប្រាម​មិនឱ្យ​នាំចេញ​ឧបករណ៍​វេជ្ជសាស្ត្រ​ទាំងនេះ​។ វៀតណាម​បាន​បង្វែរ​ការផ្ដោត​រប​ស់​ខ្លួន​ទៅលើ​ការផលិត​ឧបករណ៍​ជួយ​ដកដង្ហើម និង​វ៉ាក់សាំង ដោយ​កាលពី​ថ្ងៃទី ២៩ ខែមេសា​កន្លងទៅនេះ ឧបនាយករដ្ឋមន្ត្រី​វៀតណាម​លោក Vu Duc Dam បាន​ជួបប្រជុំ​ជាមួយ​អ្នកវិទ្យាសាស្ត្រ ដើម្បី​ពិភាក្សា​អំពី​វិធី​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នេះ​។​
 
​ក្រសួងសុខាភិបាល​វៀត​ណា​ម​បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​មួយ​ថា​៖ «​ការស្រាវជ្រាវ និង​ការផលិត​ថ្នាំ​វ៉ាក់សាំង​គឺជា​កិច្ច​ការដែល​តម្រូវឱ្យមាន​ការសម្របសម្រួល​ពី​អង្គភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នានា​នៅក្នុង​វិស័យ​ផ្សេងៗ​»​។​
 
​បើ​យោងតាម​ការិយាល័យ​គយ​នៅ​ក្នង​ទីក្រុង​ហូជីមិញ ប្រទេស​ដំបូងៗ​ដែល​វៀតណាម​នឹង​នាំចេញ​ឧបករណ៍​ធ្វើតេស្ត​ទៅ មានដូចជា​ប្រទេស​អ៊ីរ៉ង់ ហ្វាំ​ង​ឡង់ ម៉ាឡេស៊ី និង​អ៊ុយ​ក្រែ​ន​ជាដើម​។ ក្រសួងសុខាភិបាល​វៀត​ណា​ម​បាន​បញ្ជាក់ថា វៀតណាម​បាន​ផលិត​ឧបករណ៍​ធ្វើតេស្ត​ចម្បងៗ​ពីរ​ប្រ​ភ​ទ​ដែល​ប្រើ​ជា​អន្តរជាតិ សម្រាប់​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​។​
 
​ឧបករណ៍​ធ្វើតេស្ត​ពីរ​ប្រភេទ​នោះ​គឺ ឧបករណ៍​ធ្វើតេស្ត​រក​អង់ទីគ័រ​ការពារ ដើម្បី​រកមើល​ថា​តើ​មនុស្សម្នា​ក់បាន​បង្កើត​អង់ទីគ័រ​ការពារ​ដើម្បី​ឆ្លើយ​បត​ទៅនឹង​វីរុស​នេះដែរ​ឬទេ និង​ឧបករណ៍​ធ្វើតេស្ត​មួយទៀត ដែល​គេ​ហៅថា​ការធ្វើ​តេស្ត PCR គឺ​ដើម្បី​ពិនិត្យ​មើលថា​តើ​មនុស្សម្នា​ក់មាន​ឆ្លង​វីរុស​នេះ​ឬក៏​អត់​។​
 
​លោក Doan Huu Thien ដែលជា​អ្នកស្រាវជ្រាវ​ម្នាក់​អំពី​ឧបករណ៍​ធ្វើតេស្ត​ទាំងនេះ បាន​និយាយថា​៖ «​លទ្ធផល​ខុស​ដែល​បង្ហាញ​អវិជ្ជមាន​មាន​ផលប៉ះពាល់​ដល់​សហគម​ន៍​។ ដូច្នេះ​គោលដៅ​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​យើង​គឺ​ផលិត​ឧបករណ៍​ធ្វើតេស្ត​បែប​ជីវសាស្ត្រ​មួយ​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​។​»
 
​ទោះបីជា​វៀតណាម​មាន​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​ក៏ដោយ ក៍​ប្រទេស​នេះ​អាច​ផលិត​ឧបករណ៍​ធ្វើតេស្ត​បាន ដោយសារតែ​ខ្លួន​មានបទពិសោធន៍​ទូលំទូលាយ​លើ​ការសិក្សា​ស្រាវជ្រាវ និង​ការព្យាបាល​ជំងឺ​ដែល​កើត​នៅ​តំបន់​ត្រូ​ពិ​ក និង​ជំងឺឆ្លង​។​
 
​ប្រទេស​វៀតណាម​មានកា​រិ​យា​ល័យ​ពីរ​របស់​មជ្ឈមណ្ឌល​ស​ហ​រដ្ឋ​អាមេរិក​សម្រាប់​ការគ្រប់គ្រង​និង​បង្ការ​ជំងឺឆ្លង​ដែល​ហៅ​កាត់​ថា CDC ក៏ដូចជា​មជ្ឈមណ្ឌល CDC របស់ខ្លួន​ផ្ទាល់​ផងដែរ​។ ក្រៅពីនេះ​ប្រទេស​នេះ​ក៏មាន​សាខា​មួយ​នៃ​ផ្នែក​ស្រាវជ្រាវ​ខាង​គ្លីនិក​នៃ​សាកលវិទ្យាល័យ Oxford របស់​ចក្រភព​អង់គ្លេស និង​សាខា​ជាច្រើន​ទៀត​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដែលជា​កេរ្តិ៍ដំណែល​អាយុកាល​ជាង ១ រយ​ឆ្នាំ បន្សល់​ពី​សម័យ​អាណានិគម​បារាំង​។​
 
​ប្រទេស​វៀតណាម​ក៏បាន​ធ្វើការ​ជិតដិត​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ផងដែរ​។ កាលពី​ជាង​ពីរ​ខែ​មុន អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជូន​ឧបករណ៍​ផ្គត់ផ្គង់​ខាង​មន្ទីរពិសោធន៍​ទៅ​ឲ្យ​ប្រទេស​វៀតណាម ដែល​ឧបករណ៍​ទាំងនេះ​រួមចំណែក​ដល់​ការផលិត​ឧបករណ៍​ធ្វើតេស្ត​ជំងឺ​កូ​វីដ​១៩ នេះ​។​
 
​លោក Kidong Park ដែលជា​អ្នកតំណាង​អង្គការ​សុខភាព​ពិភពលោក​ក្នុងប្រទេស​វៀតណាម បាន​និយាយថា​៖ «​តាមរយៈ​ការវិនិយោគ​នេះ ឥឡូវនេះ ប្រទេស​វៀតណាម​មាន​ប្រព័ន្ធ​មន្ទីរពិសោធន៍​ដ៏​ខ្លាំងក្លា​មួយ ដែល​ក្នុងនោះ​រួមមាន​ទាំង​ការធ្វើ​តេស្ត​ម៉ូលេគុល​ជាន់ខ្ពស់​ផងដែរ ដែលជា​អ្វីដែល​តម្រូវឱ្យមាន​សម្រាប់​ការរក​ជំងឺ​កូ​វីដ​១៩»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com