កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Ronaldo ទិញឡាន Mercedes ស៊េរីថ្មីជូនម្តាយ ដើម្បីអបអរទិវាមាតា
04, May 2020 , 7:39 pm        
រូបភាព
Cristiano Ronaldo ខ្សែប្រយុទ្ធឆ្នើមក្រុម Juventus ទិញរថយន្តម៉ាក Mercedes ស៊េរីថ្មីមួយគ្រៀងតម្លៃជាងមួយសែនដុល្លារអាមេរិកជូនម្តាយដើម្បីអបអរសាទរទិវាមាតា (Mothers Day) នៅឯប្រទេសព័រទុយហ្គាល់។


Ronaldo និងម្តាយរបស់គេគឺអ្នកស្រី Maria Dolores តែងតែបង្ហាញទំនាក់ទំនងជិតស្និទ្ធបំផុត ខណៈអ្នកម្តាយរូបនេះបានដើរតួយ៉ាងសំខាន់ក្នុងអាជីពកីឡាបាល់ទាត់របស់ខ្លួន។ នៅថ្ងៃទី៣ ខែឧសភា ស្ត្រីវ័យ ៦៥ ឆ្នាំរូបនេះបានបង្ហាញកាដូពីកូនៗទាំង៤ របស់អ្នកស្រីនៅលើបណ្តាញសង្គម ដោយក្នុងនោះរថយន្ត Mercedes មួយគ្រឿងជាកាដូដែលកូនប្រុស Ronaldo បានទិញជូន។
 
«សូមអរគុណដល់កូនៗ ជាទីស្រឡាញ់របស់ខ្ញុំចំពោះអំណោយថ្ងៃនេះ។ រីករាយថ្ងៃទិវាមាតាទាំងអស់គ្នា»។ អ្នកស្រី Maria បានបង្ហោះរូបឈររថយន្ត Mercedes ស៊េរីថ្មីពណ៌ខ្មៅនិងមានកាន់ផ្កាផងដោយភ្ជាប់សារនេះលើបណ្តាញសង្គម Instagram ផ្ទាល់ដែលមានចំនួនអ្នក follow ចំនួន ២,២ លាននាក់។ ទិវាមាតានៅប្រទេសព័រទុយហ្កាល់ត្រូវបានប្រារព្វធ្វើជារៀងរាល់មួយឆ្នាំម្តង ពោលគឺនៅថ្ងៃអាទិត្យដំបូងនៃខែឧសភា។


 
រថយន្ត Mercedes មួយគ្រឿងដែលខ្សែប្រយុទ្ធសញ្ជាតិព័រទុហ្គាល់វ័យ៣៤ឆ្នាំទិញជូនម្តាយរបស់គេនេះគឺម៉ាក Mercedes Benz GLE63s AMG ដែលមានតម្លៃប្រហែល១១ម៉ឺនដុល្លារអាមេរិក។
 
ក្រៅពីកាដូជូនម្តាយ Ronaldo ក៏ជូនពរមិត្តស្រីនាង Georgina Rodriguez ក្នុងទិវាមាតានេះផងដែរ។ អតីតសមាជិកក្រុម Man Utd និង Real Madrid រូបនេះសរសេរលើ Instagram ខ្លួថា«រីករាយទិវាមាតា សម្រាប់ស្ត្រីដ៏អស្ចារ្យរបស់ខ្ញុំទាំងពីរ»៕
 

Tag:
 Mercedes
  Cristiano Ronaldo
  Mothers Day
© រក្សាសិទ្ធិដោយ thmeythmey.com