ជាតិ
សង្គមជាតិ
ភិក្ខុ ឡុង ចន្ថា យល់ព្រមលាចាកសិក្ខាបទ
04, May 2020 , 4:19 pm        
រូបភាព
ព្រះតេជគុណ ឡុង ចន្ថា ដែលរងការរិះគន់ខ្លាំង ពីរឿងដែលព្រះអង្គ លួចទាក់ទងនិងប្រើពាក្យលែបខាយក្នុងន័យស្នេហាជាមួយនារីម្នាក់ បានធ្វើកិច្ចសន្យាជាមួយមន្រ្តីសង្ឃ​ថា ព្រះអង្គ នឹងលាចាកសិក្ខាបទ (សឹក) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ខាងមុខ។



ព្រះអង្គ ឡុង ចន្ថា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី៤ ខែឧសភាថា មន្រ្តីសង្ឃ ពុំបានបង្ខំឲ្យព្រះអង្គ សឹកឡើយ តែវា ជាការយល់ព្រមដោយព្រះអង្គឯង។ ព្រះអង្គ មានសង្ឃដីកាដូច្នេះថា៖«កុំឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា កុំឲ្យរឿងវែងឆ្ងាយ អាត្មា សុខចិត្តសឹក»។

នៅថ្ងៃទី៤ ខែឧសភានេះ សម្តេចគណៈសង្ឃនាយក នន្ទ ង៉ែត បានស្នើឲ្យព្រះមេគណខេត្តតាកែវ និមន្តព្រះអង្គ ឡុង ចន្ថា ចូលទៅដោះស្រាយក្នុងរឿងអាស្រូវនេះ។ ក្រោយឆ្លងកាត់ការដោះស្រាយជាមួយគ្នា ព្រះអង្គ ឡុង ចន្ថា ក៏សរសេរកិច្ចសន្យាពីការលាចាកសិក្ខាបទ។

យ៉ាងណា ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ព្រះអង្គ ឡុង ចន្ថា បដិសេធថា ព្រះអង្គ ពុំត្រូវអាបត្តិបារាជិកនោះទេ (អាបត្តិធ្ងន់ជាងគេបំផុតក្នុងវិន័យព្រះពុទ្ធសាសនា ដែលទាមទារឲ្យភិក្ខុ ដែលត្រូវអាបត្តិនេះ​ ត្រូវលាចាកសិក្ខបទ)។

ការប្រព្រឹត្តខុសឆ្គង៤យ៉ាង ដែលនាំឲ្យភិក្ខុ ត្រូវអាបត្តិបារាជិក រួមមាន ​ការសេព​សន្ថវៈ​ជាមួយ​ស្ត្រី ការ​លួច​ទ្រព្យ​របស់គេ ការសម្លាប់​មនុស្ស និង ​ការ​អួត​ពី​ឧ​ត្ត​រិម​នុស្ស​ធម្ម​។ ការ​អួត​ពី​ឧ​ត្ត​រិម​នុស្ស​ធម្ម គឺជា​ការ​អួតថា​ខ្លួន ជា​មនុស្ស​មានគុណ​វិសេស​លើសលែង​ ជាង​មនុស្ស​ធម្មតា ហើយ​បានសម្រេច​ធម៌​វិសេស ដើម្បី​ទទួលបាន​លាភ​សក្ការ ពី​បរិស័ទ ដែលមាន​ជំនឿ​ពី​ការ​អួត​នោះ​។

ព្រះអង្គ ឡុង ចន្ថា អះអាងថា ព្រះអង្គ គ្រាន់ប្រើពាក្យសម្តីបែបលេងសើចជាមួយនារីម្នាក់នោះប់ុណ្ណោះ តែពុំ ធ្លាប់បានប៉ះពាល់រាងកាយនាងឡើយ។ បច្ចុប្បន្ន ព្រះអង្គ គង់នៅវត្តមួយ ក្នុងខេត្តតាកែវ៕



Tag:
 ឡុង ចន្ថា
© រក្សាសិទ្ធិដោយ thmeythmey.com