ពីនេះ ពីនោះ
សុវត្តិភាព ចរាចរណ៍
ប្រាក់​ពិន័យ​ប្រហែល​ច្រើន​ជ្រុល ប៉ុន្តែ​ហេតុអ្វី​ប្រជាជន​មិន​ចង់​គោរព​ច្បាប់​ចរាចរណ៍​?
04, May 2020 , 5:04 pm        
រូបភាព
ដោយ: ថ្មីៗ
​កិច្ចសន្ទនា​របស់​សុធី​រ និង​សំណាង ដើរ​តាម​ហេតុការណ៍​របស់​ប្រទេស​រហូត​។ ម្តងនេះ រឿង​អនុវត្ត​ការពិន័យ​តឹងរឹង​លើ​បទល្មើស​ចរាចរណ៍​។ សុធីរ និង​សំណាង​យល់​ខុសគ្នា ហើយ​ជជែក​គ្នា​តឹងសរសៃក​ដែរ​។​

 
​សំណាង​៖ រឿង​យុទ្ធនា​ការពិន័យ​បទល្មើស​ចរាចរណ៍​តាំងពី​ថ្ងៃ​១ មក​ដូច​នៅ​ក្តៅ​រាល់ថ្ងៃ​។ អញ​ថា ពិន័យ​លើក​នេះ ដូច​ធ្ងន់ធ្ងរ​ខ្លាំងពេក​ហើយ​អ្ហា ហើយ​ដូច​ប៉ះពាល់​ដល់​ជីវភាព​អ្នកក្រីក្រ​ច្រើនណាស់​។ ឃើញ​ប្រជាជន​ប្រតិកម្ម ពេញ​ហ្វេ​ស​ប៊ុ​ក​។​
 
​សុធីរ​៖ អ្ហែង​កុំ​មើលឃើញ​តែមួយ​ជ្រុង ហើយ​យកមក​និយាយថា ជា​រឿង​ទាំងមូល​។ អញ​មិន​កាន់ជើង​រឿង​មន្ត្រីប៉ូលិស​ដែលមាន​អ​កប្ប​កិរិយា​ច្រ​ង៉េ​ង​ច្រ​ង៉ាង​នោះទេ​។ ប៉ុន្តែ​បើ អ្ហែង​មើល​ហ្វេ​ស​ប៊ុ​ក និង​តាមដាន​ព័ត៌មាន​ដែរ តើ​អ្ហែង​ឃើញ​ឡាន​រាប់រយ​គ្រឿង​តម្រង់​ជួរ​ចូល​ឆៀក​ទេ​? ម្ចាស់​ឡាន​រាប់រយ​នាក់​ទៅ​បន្ត​សុពលភាព​បណ្ណ​បើកបរ​រាល់ថ្ងៃ​។ គ្រាន់តែ​ថ្ងៃ​ដំបូង ដែល​ប៉ូលិស​ចរាចរណ៍​ចាប់ផ្តើម​ពិន័យ​បទល្មើស​ចរាចរណ៍ អ្នកបើកបរ​ម៉ូតូ​រាប់ពាន់​គ្រឿង ត្រូវ​ប៉ូលិស​ចាប់​ពិន័យ​។ បើ​មិន​បន្តឹង​ពេលនេះ តើ​បន្តឹង​ពេលណា​? 
 
​សំណាង​៖ តែ​ខាង​ប៉ូលិស​ផ្សព្វផ្សាយ​ពី​ការ​វិធានការ​នេះ​មិន​ទូលំទូលាយ​ទេ​? ពលរដ្ឋ គេ​ថា គេ​មិនដឹង​។​
 
​សុធីរ​៖ ពិសោធន៍​ច្រើនលើក​ហើយ គឺ​មួយ​ថ្ងៃមុន ថ្ងៃ​អនុវត្ត​ពិន័យ ទើប​ម្ចាស់​យានយន្ត ម្ចាស់​ម៉ូតូ ទៅធ្វើ​ឯកសារ​។ អ្ហែង​ក៏​ធ្លាប់​រអ៊ូ​ឱ្យស្តាប់​ដែរ ថា​ពលរដ្ឋ​មួយចំនួន​មើលងាយ​ជីវិត​ខ្លួនឯង មិន​គោរព​ច្បាប់​ចរាចរណ៍ ខ្លាច​តែ​ប៉ូលិស​។ អ្ហែង​ថា ភ្លើង​ក៏​ទៅ​! ចំណត​ឡានក្រុង​សាធារណៈ ក៏មាន​មនុស្សយ​កឡាន​ទៅ​ឈប់​ពីលើ​! គេ​មិន​បត់​បក​ក្រោយ ក៏​អ្នកបើកបរ​យើង បក​ក្រោយ​! គេ​ហាម​បើកបរ ហួស​ល្បឿន ប៉ុន្តែ​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ហាញ​ថា ការបើកបរ​ហួស​ល្បឿន​នេះ ជា​មូលហេតុ​ចំបង​មួយ​ដែល​បង្ករ​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​។ គោរព​ច្បាប់​ចរាចរណ៍ ជាកា​ត្វ​កិច្ច​របស់​ប្រជាជន ដូច​ត្រូវគោរព​ច្បាប់​ទូទៅ​ទាំងអស់​ដែរ​។​
 
​សំណាង​៖ តែ​យ៉ាងណា​ក៏​ចាំ​យើង​ស្ងប់ស្ងាត់​ពី​កូ​វីដ ខ្លះ​ដែរ​។ មក​ធ្វើ​អី​ពេល​ហ្នឹង​?
 
​សុធីរ​៖ តើ​អ្ហែង​ឃើញ ពលរដ្ឋ​យើង​ឈប់​ធ្វើដំណើរ​ដែរឬទេ​? នៅតាម​កន្លែង​កម្សាន្ត មាន​មនុស្ស​ជួបជុំគ្នា​ច្រើន​ដដែល​។ អ្នក​ស្រវឹងស្រា នៅ​បន្ត​បើកបរ បុក​ទ្រូងផ្លូវ​រាល់​យប់​។ បើ​កុំ​តែ ប៉ូលិស​ចាប់ផ្តើម​អនុវត្ត​ពិន័យ យើង​មិនដឹងថា មាន​ម្ចាស់​ឡាន​រាប់រយ​គ្រឿង មាន​បណ្ណ​បើកបរ​ហួស​សុពលភាព ហើយ​ឡាន​ជាច្រើន​គ្រឿង​ហួសកំណត់​ពិនិត្យ​បច្ចេកទេស​ឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com