COVID-19
ជាតិ
លោក ម៉ម ប៊ុនហេង៖ ពលរដ្ឋត្រូវចេះផ្លាស់ប្តូរឥរិយាបទ និងរស់នៅទម្លាប់ថ្មី
× ភ្នំពេញ៖ ពលរដ្ឋត្រូវចេះរៀបចំការរស់នៅ បែបទម្លាប់ថ្មីមួយ នៅក្នុងស្ថានភាពចំពោះមុខ នៃជំងឺកូវីដ១៩។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងបែបនេះ នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី៤ ឧសភា។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការរស់នៅតាមបែបទម្លាប់ថ្មីនេះ វានឹងជួយឱ្យពលរដ្ឋចៀសផុតពីជំងឺឆ្លងផ្សេងៗ។ «ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះផ្លាស់ប្ដូរឥរិយាបទ និងទម្លាប់របស់ខ្លួន ដោយនៅចំពោះមុខការរាតត្បាតនេះ យើងត្រូវខិតខំប្រឹងប្រែងរៀបចំការរស់នៅ តាមគន្លងថ្មីនៃជីវភាពធម្មតារបស់ខ្លួន ដើម្បីចៀសវាងការចម្លងរោគ»។
នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលស្នើឱ្យពលរដ្ឋបន្តអនុវត្តការលាងដៃនឹងសាប៊ូ ទឹកអាល់កុល និងជែលឱ្យបានខ្ជាប់ខ្ជួន។ ជាពិសេសការប្រើប្រាស់ម៉ាស់ ក្រម៉ា ឬក្រដាស សម្រាប់ខ្ទប់មាត់ នៅពេលក្អក និងផ្ដាសាយ។
ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី Li Ailan បានបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែជាបញ្ហាសុខភាពសាធារណៈ ដ៏មានភាពស្មុកស្មាញ ទាំងនៅក្នុងសកលលោក ទាំងនៅក្នុងប្រទេសកម្ពុជា ដូច្នេះការគ្រប់គ្រងហានិភ័យនៃជំងឺនេះ ត្រូវតែបន្ត។ បើតាមលោក Li Ailan ពលរដ្ឋក៏ត្រូវអនុវត្តការរស់នៅតាមលក្ខណៈស្ដង់ដារថ្មីមួយ ដោយមិនត្រូវងាកទៅរស់នៅបែបទម្លាប់ចាស់នោះទេ។
បន្ថែមពីលើសម្ដីរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនោះ ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជារូបនេះ បានបញ្ជាក់ដូច្នេះ៖«យើងមិនអាចត្រឡប់ ទៅកាន់ភាពធម្មតា កាលពីដូចដើមមុន(ពេលមិនទាន់មានជំងឺកូវីដ១៩)នោះទេ គឺយើងត្រូវតែបង្កើតទម្លាប់មួយដែលថ្មីធម្មតាដែរ តែជាលក្ខណៈស្ដង់ដារថ្មីមួយ»។
គិតត្រឹមថ្ងៃទី៤ មេសានេះ អ្នកជំងឺកូវីដ១៩នៅកម្ពុជា បានជាសះស្បើយ១២០នាក់ហើយ ។ កម្ពុជានៅសល់អ្នកជំងឺកូវីដ១៩តែ២នាក់ទៀតប៉ុណ្ណោះ។
ដ្បិតកម្ពុជាថមថយការឆ្លងជំងឺក្តី ប៉ុន្តែមិនមែនមានន័យថា កម្ពុជាអស់ជំងឺកូវីដ១៩នោះទេ ព្រោះមេរោគនៃជំងឺនេះ អាចទុំនៅលើវត្ថុ និងរស់នៅជាមួយមនុស្សរយៈពេលវែង។បើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាល វីរុសនៃជំងឺកូវីដ-១៩នេះ មិនទាន់ផុតរលត់ពីកម្ពុជានោះទេ ព្រោះវាអាចកើតឡើងវិញ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ បើសិនជាពលរដ្ឋខ្វះការយកចិត្តទុកដាក់ការពារ និងទប់ស្កាត់៕
Tag:
ម៉ម ប៊ុនហេង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com