COVID-19
អន្តរជាតិ
កូនសិស្សវៀតណាមត្រលប់ចូលថ្នាក់រៀនវិញ ក្រោយឈប់៣ខែព្រោះCOVID-19
× កូនសិស្សវៀតណាមរាប់លាននាក់ បានត្រលប់ចូលថ្នាក់រៀនពួកគេវិញ នៅថ្ងៃទី៤ ខែឧសភា ក្រោយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ គ្មានករណីឆ្លងលក្ខណៈសហគមន៍១៧ថ្ងៃជាប់គ្នា។ ការសម្រេចចិត្តបើកសាលារៀនឡើងវិញនេះដែរ ធ្វើឡើងក្រោយវៀតណាមផ្ដើមបន្ធូរបន្ថយចំណាត់ការគម្លាតសង្គម នាដំណាច់ខែមេសាកន្លងទៅ។
នៅសាលារៀនមួយក្នុងភាគខាងលិចទីក្រុង ហាណូយ សិស្សថ្នាក់អនុវិទ្យាល័យម្នាក់ បានឈរតម្រង់ជួរយ៉ាងស្ងប់ស្ងាត់ដើម្បីវាស់កម្តៅ មុនពេលដើរចូលថ្នាក់រៀនខ្លួនជាលើកដំបូងក្នុងពេលជាង៣ខែមកនេះ។ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កុមារ Pham Anh Kiet អាយុ១១ឆ្នាំ និយាយដូច្នេះថា៖«ខ្ញុំសប្បាយរីករាយនិងរំភើបចិត្ត ព្រោះតែខ្ញុំពិតជាធុញថប់សម្រាកនៅផ្ទះណាស់»។
«ខ្ញុំមានអារម្មណ៍សុវត្ថិភាព នៅពេលខ្ញុំពាក់ម៉ាស់ និងទទួលការវាស់កម្តៅ។ ខ្ញុំមិនខ្លាចឆ្លងវីរុសនេះឡើយ»។ ប្អូនប្រុសវៀតណាមរូបនេះ លើកឡើងបែបនេះ មុននឹងទាញដៃមិត្តរួមថ្នាក់ខ្លួនម្នាក់ ហើយដើរចេញ។ ចំណែក សិស្សស្រីម្នាក់ទៀត ឈ្មោះថា Tran Dang Ngoc Anh អាយុ ១២ឆ្នាំ និយាយថា នាងនឹកមិត្តនាង និងគ្រូៗ ហើយសប្បាយចិត្តដែលបានវិលត្រលប់មកចូលថ្នាករៀនវិញ ទោះបីត្រូវពាក់ម៉ាស់ការពារក៏ដោយក្តី។
សម្រាប់ឆ្នាំ២០២០ វៀតណាម មានកូនសិស្ស និងនិស្សិតសរុបប្រមាណ២២លាននាក់។ ក្រោយតម្រូវឲ្យឈប់សម្រាក និងសិក្សាពីចម្ងាយ ចាប់តាំងពីចុងខែមករាមក កូនសិស្សមួយចំនួន បានវិលត្រលប់ចូលថ្នាក់រៀនវិញ កាលពីសប្តាហ៍មុន។ យ៉ាងណាមិញ សិស្សវៀតណាមផ្សេងទៀត ដូចជាសិស្សថ្នាក់បឋមសិក្សា និងសិស្សថ្នាក់មត្ដេយសិក្សា នឹងត្រូវរង់ចាំរហូតដល់សប្តាហ៍ក្រោយទៀត។ ចំណែក សកលវិទ្យាល័យចាប់ផ្ដើមបើកទ្វារជាបណ្ដើរៗហើយ។
គិតត្រឹមថ្ងៃទី៣ ខែឧសភា ប្រទេស វៀតណាម មានករណីឆ្លង COVID-19 ត្រឹម២៧១ករណី ក្នុងនោះអ្នកជំងឺជាសះស្បើយសរុបមាន ២១៩នាក់ ខណៈគ្មានករណីស្លាប់ដោយសារ COVID-19 ឡើយ។ ជាង២សប្តាហ៍ហើយ ប្រទេសដែលមានពលរដ្ឋជាង៩៥លាននាក់ ពុំមានរាយការណ៍ករណីឆ្លងលក្ខណៈសហគមន៍ថ្មីឡើយ។
ទោះជាបែបនេះក្តី វៀតណាមពុំមើលស្រាលលើស្ថានការណ៍ឡើយ។ អាជ្ញាធរកំពុងអនុវត្តវិធានការគម្លាតសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុតក្នុងបរិវេណសាលារៀន ដោយសិស្សទាំងអស់ត្រូវដាក់បញ្ជាឲ្យរក្សាគម្លាត១,៥ម៉ែត្រពីគ្នា នៅគ្រប់ពេលវេលា ហើយគ្រប់គ្នាត្រូវពាក់ម៉ាស់៕
Tag:
វៀតណាម
សាលារៀន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com