COVID-19
អន្តរជាតិ
កូនសិស្ស​វៀតណាម​ត្រលប់​ចូល​ថ្នាក់រៀន​វិញ ក្រោយ​ឈប់​៣​ខែ​ព្រោះ​COVID-19
04, May 2020 , 11:29 pm        
រូបភាព
ដោយ:
​កូនសិស្ស​វៀតណាម​រាប់លាន​នាក់ បាន​ត្រលប់​ចូល​ថ្នាក់រៀន​ពួកគេ​វិញ នៅ​ថ្ងៃទី​៤ ខែឧសភា ក្រោយ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ គ្មាន​ករណី​ឆ្លង​លក្ខណៈ​សហគមន៍​១៧​ថ្ងៃ​ជាប់​គ្នា​។ ការសម្រេចចិត្ត​បើក​សាលារៀន​ឡើងវិញ​នេះដែរ ធ្វើឡើង​ក្រោយ​វៀតណាម​ផ្ដើម​បន្ធូរបន្ថយ​ចំណាត់ការ​គម្លាត​សង្គម នា​ដំណាច់​ខែមេសា​កន្លងទៅ​។

 
​នៅ​សាលារៀន​មួយ​ក្នុង​ភាគ​ខាងលិច​ទីក្រុង ហាណូយ សិស្ស​ថ្នាក់​អនុវិទ្យាល័យ​ម្នាក់ បាន​ឈរ​តម្រង់​ជួរ​យ៉ាង​ស្ងប់ស្ងាត់​ដើម្បី​វាស់​កម្តៅ មុនពេល​ដើរចូល​ថ្នាក់រៀន​ខ្លួន​ជា​លើកដំបូង​ក្នុងពេល​ជាង​៣​ខែ​មកនេះ​។ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP កុមារ Pham Anh Kiet អាយុ​១១​ឆ្នាំ និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​សប្បាយរីករាយ​និង​រំភើបចិត្ត ព្រោះតែ​ខ្ញុំ​ពិតជា​ធុញថប់​សម្រាក​នៅផ្ទះ​ណាស់​»​។
 
«​ខ្ញុំ​មាន​អារម្មណ៍​សុវត្ថិភាព នៅពេល​ខ្ញុំ​ពាក់​ម៉ាស់ និង​ទទួល​ការ​វាស់​កម្តៅ​។ ខ្ញុំ​មិន​ខ្លាច​ឆ្លង​វីរុស​នេះឡើយ​»​។ ប្អូនប្រុស​វៀតណាម​រូបនេះ លើកឡើង​បែបនេះ មុននឹង​ទាញ​ដៃ​មិត្ត​រួម​ថ្នាក់​ខ្លួន​ម្នាក់ ហើយ​ដើរចេញ​។ ចំណែក សិស្សស្រី​ម្នាក់ទៀត ឈ្មោះថា Tran Dang Ngoc Anh អាយុ ១២​ឆ្នាំ និយាយថា នាង​នឹក​មិត្ត​នាង និង​គ្រូៗ ហើយ​សប្បាយចិត្ត​ដែល​បាន​វិល​ត្រលប់មក​ចូល​ថ្នាករៀន​វិញ ទោះបី​ត្រូវ​ពាក់​ម៉ាស់​ការពារ​ក៏ដោយ​ក្តី​។ 
 
​សម្រាប់​ឆ្នាំ​២០២០ វៀតណាម មានកូន​សិស្ស និង​និស្សិត​សរុប​ប្រមាណ​២២​លាន​នាក់​។ ក្រោយ​តម្រូវ​ឲ្យ​ឈប់សម្រាក និង​សិក្សា​ពី​ចម្ងាយ ចាប់តាំងពី​ចុងខែ​មករា​មក កូនសិស្ស​មួយចំនួន បាន​វិល​ត្រលប់​ចូល​ថ្នាក់រៀន​វិញ កាលពី​សប្តាហ៍​មុន​។ យ៉ាងណាមិញ សិស្ស​វៀតណាម​ផ្សេងទៀត ដូចជា​សិស្ស​ថ្នាក់បឋមសិក្សា និង​សិស្ស​ថ្នាក់​មត្ដេយ​សិក្សា នឹងត្រូវ​រង់ចាំ​រហូត​ដល់​សប្តាហ៍​ក្រោយ​ទៀត​។ ចំណែក សកល​វិទ្យាល័យ​ចាប់ផ្ដើម​បើកទ្វារ​ជា​បណ្ដើរៗ​ហើយ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣ ខែឧសភា ប្រទេស វៀតណាម មាន​ករណី​ឆ្លង COVID-19 ត្រឹម​២៧១​ករណី ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​សរុប​មាន ២១៩​នាក់ ខណៈ​គ្មាន​ករណី​ស្លាប់​ដោយសារ COVID-19 ឡើយ​។ ជាង​២​សប្តាហ៍​ហើយ ប្រទេស​ដែលមាន​ពលរដ្ឋ​ជាង​៩៥​លាន​នាក់ ពុំមាន​រាយការណ៍​ករណី​ឆ្លង​លក្ខណៈ​សហគមន៍​ថ្មី​ឡើយ​។ 
 
​ទោះជា​បែបនេះ​ក្តី វៀតណាម​ពុំ​មើលស្រាល​លើ​ស្ថានការណ៍​ឡើយ​។ អាជ្ញាធរ​កំពុង​អនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹង​បំផុត​ក្នុង​បរិវេណ​សាលារៀន ដោយ​សិស្ស​ទាំងអស់​ត្រូវដាក់​ប​ញ្ជា​ឲ្យ​រក្សា​គម្លាត​១,៥​ម៉ែត្រ​ពីគ្នា នៅ​គ្រប់ពេលវេលា ហើយ​គ្រប់គ្នា​ត្រូវ​ពាក់​ម៉ាស់​៕
 

Tag:
 វៀតណាម​
  សាលារៀន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com