រថយន្ត
អន្តរជាតិ
អេ​មី​រ៉ា​ត​អារ៉ាប់​រួម​អនុញ្ញាត​ឲ្យ​មនុស្ស​លើស​៣​នាក់​ជិះ​ក្នុង​រថយន្ត បើ​ពួកគេ​ជា​គ្រួសារ​តែមួយ​
04, May 2020 , 8:59 pm        
រូបភាព
ដោយ: ធីតា
​អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​អា​ប៊ូ​ដា​ប៊ី បាន​អះអាងថា​ប្រាប់​សារព័ត៌មាន Gulf News ថា រដ្ឋាភិបាល​សម្រេចបាន​លក្ខខណ្ឌ​អនុគ្រោះ​ពិសេស​សម្រាប់​សមាជិកគ្រួសា​រ​តែមួយ (First-degree relatives) អាច​ជិះ​ក្នុង​រថយន្ត​ជាមួយ​ចំនួន​ចាប់ពី​៣​នាក់​ឡើង​។

 
​សមាជិក​ក្នុង​គ្រួសារ​តែមួយ​ដែលមាន​ឪពុក ម្តាយ និង​កូនៗ នឹង​មិនមាន​បញ្ហា​នោះឡើយ នៅពេល​ពួកគេ​ជិះ​រថយន្ត​តែមួយ​ក្នុង​ចំនួន​ចាប់ពី​៣​នាក់​ឡើងទៅ​។ នេះ​ជាការ​បញ្ជាក់​របស់លោក Saif Ziri Al Shamsi អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​អា​ប៊ូ​ដា​ប៊ី​។​
 
​លោក​បាន​អះអាង​យ៉ាង​ដូច្នេះ ប្រាប់ Gulf News ក្រោយពី​ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះអាសន្ន និង​មហន្តរាយ កាលពី​ថ្ងៃទី​២៣ ខែមីនា បានចេញ​ម​ម្រាម​ជុំវិញ​ការ​ជិះ​រថយន្តឈ្នួល តាក់ស៊ី ឬ​រថយន្ត​ឯកជន​ដែលមាន​ចំនួន​លើស​៣​នាក់​។ វិធានការ​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទប់ស្កាត់​ការ​រាលដាល COVID-19​។​
 
​លោក Saif Ziri Al Shamsi បាន​អះអាងថា​៖ «​យើង​អនុវត្ត​វិធានការ​នេះ ទូទាំងប្រទេស ហើយ​ករណី​នីមួយៗ​អាច​ប្រែប្រួល​ទៅតាម​ទិដ្ឋភាព​ជាក់ស្តែង​។ 
 
​អាជ្ញាធរ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្លួន ក៏ដូចជា​ជនបរទេស និង​ទេសចរ ឲ្យ​គោរព​តាម​ការណែនាំ​របស់​រដ្ឋា​ភិ​បាល ជាពិសេស​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19​។ ក្នុងករណី​រថយន្ត​មួយ​មាន​អ្នកជិះ​លើសពី​៣​នាក់ ហើយ​មិន​ស្ថិតក្នុង​គ្រួសារ​តែមួយ ម្ចាស់​រថយន្ត​នឹងរង​ពិន័យ​ជា​ទឹកប្រាក់​ជាង​២៧០​ដុល្លារ​អាមេរិក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com