COVID-19
អន្តរជាតិ
COVID-19៖ ជប៉ុន បន្ត​ស្ថិតក្នុង​ភាពអាសន្ន​ដល់​ដំណាច់​ខែឧសភា​
05, May 2020 , 12:29 am        
រូបភាព
លោក អាបេ នាយករដ្ឋមន្ត្រីជប៉ុន--AFP
លោក អាបេ នាយករដ្ឋមន្ត្រីជប៉ុន--AFP
ដោយ:
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​៤ ខែឧសភា​នេះ បានប្រកាស​បន្ត​ដាក់​ប្រទេស​ទាំងមូល​ក្នុងស្ថានភាព​អាសន្ន​រហូត​ដល់​ថ្ងៃទី​៣១ ខែឧសភា​។ ក្នុង​ដំណាក់​ពេលនេះ ជប៉ុន​ត្រូវ​ត្រៀមប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19 ដែលមាន​រយៈពេល​វែង​ទៅមុខទៀត​។​

 
​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បានប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រហូត​ដល់​ថ្ងៃទី​៣១ ខែឧសភា បន្ទាប់ពី​លោក​បាន​ជួប​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ជំងឺឆ្លង​។ ការបន្ត​ដាក់​ប្រទេស​ជប៉ុន​ទាំងស្រុង​ក្នុងស្ថានភាព​អាសន្ន​នេះ ធ្វើឡើង​មុន​ការ​ផុតរលត់​ការប្រកាស​លើក​មុន​ដែលមាន​សុពលភាព​ត្រឹម​ថ្ងៃទី​៦ ខែឧសភា​។​
 
«​ខ្ញុំ​នឹង​បន្ត​រយៈពេល​ស្ថានភាព​អាសន្ន​ដែល​បានប្រកាស​ពីថ្ងៃ​ទី​៧ ខែមេសា រហូតដល់​ថ្ងៃទី​៣១ ខែឧសភា​។​» លោក អា​បេ ប្រកាស​បែបនេះ​ក្រោយ​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​លើ​វិធានការ​ឆ្លើយតប​ជំងឺ COVID-19 ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​កាលពី​ថ្ងៃទី​៧ ខែមេសា លោក​ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​បានដាក់​ត្រឹមតែ​ដាក់​ទីក្រុង​តូ​ក្យូ និង​តំបន់​ចំនួន​៦​ក្នុងស្ថានភាព​អាសន្ន​ប៉ុណ្ណោះ​។ ក្រោយមក លោក អា​បេ ក៏​ដាក់​ប្រទេស​ជប៉ុន​ទាំងមូល​ក្នុងស្ថានភាព​នៅ​ថ្ងៃទី​១៦ មេសា​។ មុន​ការប្រកាស​របស់លោក អា​បេ រដ្ឋមន្ត្រី​ទទួល​ប​ន្ទូ​ក​ការឆ្លើយតប COVID-19 ព្រមាន​ថា ករណី​ឆ្លង​នៅ​កើន ហើយ​កិច្ចការ​សហប្រតិបត្តិកា​រ​ជាមួយ​ប្រជាជន នៅ​ត្រូវការ​។ 
 
​តាមពិតទៅ ការដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​នៅ​ជប៉ុន មាន​លក្ខណៈ​រឹតត្បិត​តិចជាង​នៅ​អឺរ៉ុប និង​អាមេរិក​។ ក្នុងនោះ អភិបាល​តំបន់​បានត្រឹមតែ​ទទូច​ឲ្យ​មនុស្ស​នៅផ្ទះ និង​បិទ​អាជីវកម្ម​តែប៉ុណ្ណោះ  ហើយ​អាជ្ញាធរ​ក៏​ពុំ​អាច​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្តតាម ឫ​ពិន័យ​ឡើយ​។​
 
​ជាមួយនឹង​ការប្រកាស​បន្ត​រយៈពេល​អាសន្ន​នេះ អាជ្ញាធរ​ក្នុង​តំបន់​ចំនួន​១៣ និង​ទីក្រុង​តូ​ក្យូ​ដែល​ប្រឈម​នឹង​ការឆ្លង​ខ្ពស់ នឹង​អំពាវនាវ​ឲ្យ​ប្រជាជន​កាត់បន្ថយ​ការទាក់ទង​ផ្ទាល់​ឲ្យ​បាន​៨០​ភាគរយ និង​អនុវត្ត​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​។ ចំណែកឯ​សារមន្ទីរ និង​បណ្ណាល័យ ក៏ដូចជា​កន្លែង​ផ្សេងៗ​ទៀត​អាច​បន្ត​ឲ្យ​បើក បើសិនជា​ចាត់វិធានការ​សម្លាប់​មេរោគ​។​
 
​ករណី​ឆ្លង COVID-19 នៅ​ជប៉ុន មាន​លើសពី​១៥,០០០​ករណី និង​ស្លាប់​ចំនួន​៥១០​នាក់​។ ប៉ុន្តែ​សមាគម​គ្រូពេទ្យ​ជប៉ុន​ព្រមាន​ថា មន្ទីរពេទ្យ​មានលទ្ធភាព​តិច​ក្នុងការ​យកចិត្តទុកដាក់​លើ​អ្នកជំងឺ​។​
 
​ក្នុងន័យ​កាត់បន្ថយ​បន្ទុក​លើ​មន្ទីរពេទ្យ អាជ្ញាធរ​ជប៉ុន បាន​បញ្ជូន​អ្នក​ដែល​ឆ្លង​ជំងឺ COVID-19 តែ​មិន​ចេញ​រោគសញ្ញា​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​សណ្ឋាគារ ជៀស​ជាង​ក្នុង​មន្ទីរពេទ្យ​ដែលមាន​មនុស្ស​ណែន​ស្រាប់​។ រដ្ឋាភិបាល​ជប៉ុន ក៏បាន​បង្កើន​សមត្ថភាព​ធ្វើតេស្ត​ផងដែរ ប៉ុន្តែ​បន្តរ​រង​ការរិះគន់​ដោយសារ​ការធ្វើ​តេស្ត​មាន​ចំនួន​តិច ព្រោះ​លក្ខខណ្ឌ​មាន​ភាព​តឹងតែង​ពេក​៕

© រក្សាសិទ្ធិដោយ thmeythmey.com