ONE Championship
កីឡាជាតិ
ជាតិ
Team Lakay ជាមួយ​សមាជិកសភា​ចែក​អាហារ​ដល់​ជនក្រីក្រ អំឡុង COVID-19
05, May 2020 , 1:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ក្រុមការងារ​មកពី​ក្លិប​ប្រដាល់ Team Lakay មិន​ត្រឹមតែ​ជា​វីរបុរស​នៅលើ​សង្វៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើរតួ​ជា​វីរបុរស​នៅក្រៅ​ទីលាន​អំឡុងពេល​មេរោគ COVID-19 កំពុង​រាតត្បាត​ពិភពលោក​។ ក្លិប​មកពី​ក្រុង Baguio នៃ​ប្រទេស​ហ្វីលីពីន​បាន​ចាប់​ដៃគូ​ជាមួយ ACT-CIS Partylist ជួយ​មនុស្ស​ចាស់ៗ​ក្រីក្រ និង​អ្នក​មិនសូវ​ធូរធារ​នៅ​តំបន់ Benguet ជាទី​ដែល COVID-19 កំពុងតែ​វាយលុក​នៅ​តំបន់​នោះ​។


 
​គ្រូបង្វឹក Mark Sangiao ម្ចាស់​ខ្សែក្រវាត់ ONE Strawweight World Champion កីឡាករ Joshua “The Passion” Pacio, អតីត​ម្ចាស់​ខ្សែក្រវាត់ ONE World Champions កីឡាករ Eduard “Landslide” Folayang, Kevin “The Silencer” Belingon, និង Geje “Gravity” Eustaquio  សុទ្ធតែ​ស្ថិតក្នុង​ក្រុម​ក្នុងការ​ចុះជួយ​នៅ​សហគមន៍​នេះ​កាល​ថ្ងៃទី​១៧ មេសា កន្លងទៅ​។ គម្រោង​ចុះជួយ​ជនក្រីក្រ និង​អ្នក​ខ្វះខាត​នេះ​មាន​ឈ្មោះថា Mobile Tulong (Mobile Assistance) ឬ ហៅថា​គម្រោង​ចុះជួយ​ចល័ត​។ 
 
​វីដេអូ 
 
 
 
​ក្រុម​ខាងលើ​បាន​វេច​ខ្ចប់​បន្លែ  ផ្លែឈើ និង អង្ករ ដើម្បី​ចែក​ទៅតាម​តម្រូវការ​ដល់​មិត្ត​រួម​ជាតិ ដែល​កំពុង​ជួប​វិបត្តិ​កូ​វីដ​-១៩​។  Sangiao បាន​ថ្លែងថា​៖«​វា​ជា​ជោគជ័យ​មួយ​។ យើង​អាច​ចែក​គ្រឿង​ឧបភោគបរិភោគ​ដែលជា​តម្រូវការ​ចាំបាច់​នៅ​តំបន់ Benguet ជាមួយ​សមាជិកសភា Eric Go Yap របស់​បក្ស ACT-CIS Partylist​។ យើង​គិតថា​សមាជិក​ខ្លះ​នៃ​សហគមន៍​របស់​យើង​ជួប​ការលំបាក​និង​តស៊ូ​ជីវិត​ខ្លាំង ដូច្នេះ​ក្រុមការងារ Team Lakay ដែលមាន​ជីវភាព​ប្រសើរ​ក៏បាន​ចូលរួម​ចែករំលែក​ក្នុង​គម្រោង​នេះ​។ នេះ​ជាការ​ផ្ដួចផ្ដើម​ដ៏​ល្អ​សម្រាប់​គម្រោង Mobile Tulong»​។ 
 
Folayang ក៏បាន​សម្ដែង​សមានចិត្ត​ដល់​ជនរួមជាតិ​ដែល​ជួប​ការលំបាក ហើយ​វា​ជាការ​ចែករំលែក​ដ៏​សំខាន់​ក្នុង​ទង្វើ​ល្អ​នេះ​ក្រៅពី​ឡើង​ប្រកួត​នៅលើ​សង្វៀន​។ អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​បាន​រៀបរាប់​ដូច្នេះ ៖«COVID-19 បាន​រាលដាល​ជុំវិញ​ពិភពលោក​។ គោលបំណង​របស់​យើង​គឺ​ជួយ កសាង​ទំនុកចិត្ត  បន់ស្រន់ និង យកឈ្នះ​ជំងឺ​នេះ​ជាមួយគ្នា​។  ការជួយ​គ្នា គឺ​យើង​នៅ​ជាមួយគ្នា​។ យើង​សូម​អរគុណ​ដល់​គ្រឿង​បរិភោគ​សម្រាប់​ជួយ​ក្នុងឱកាស​ដ៏​លំបាក​នេះ​ចំពោះ​ចាស់ៗ និង អ្នកក្រ​នៅ​តំបន់ Benguet »​។ 
 
​មិន​ថា​នៅ​ពិភពលោក ប្រទេស​ហ្វីលីពីន​ក៏បាន​រកឃើញ​ករណី​កើនឡើង COVID-19 ជា​បន្តបន្ទាប់​ដែរ​។ យ៉ាងណាក្ដី​លោក Sangiao ទទូច​ឲ្យ​មានការ​ជួយ​គ្នា ផ្ដោតលើ​ភាព​វិជ្ជមាន និង ជួយ​ជ្រោមជ្រែង​គ្នា​។ លោក​គូ​បញ្ជាក់​បែបនេះ ៖«​យើង​ត្រូវតែ​ខ្លាំងក្លា​ក្នុងនាម​មនុស្សជាតិ យើង​រក្សា​ជំនឿ និង គិត​វិជ្ជមាន​។ វា​គឺជា​ការប្រកួតប្រជែង​នឹង​បញ្ហា​»​។ 
 
​លោក​សង្កត់ធ្ងន់​ទៀតថា ៖«​សូមមេត្តា​ថែរក្សា​ខ្លួន រក្សា​សុខភាព​ឲ្យ​ល្អ និង ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​កាលៈទេសៈ​នេះ​។ សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​មើលថែ និង​នាំ​ផ្លូវ​ឲ្យ​សុខ​សប្បាយ​ទាំងអស់គ្នា​»៕
 





© រក្សាសិទ្ធិដោយ thmeythmey.com