COVID-19
អន្តរជាតិ
បុគ្គលិក​វេជ្ជសាស្ត្រ និង​បុគ្គលិក​ជំនួយ ៦៦​នាក់​នៅ​សិង្ហ​បុរី​ឆ្លង COVID-19
04, May 2020 , 5:59 pm        
រូបភាព
បុគ្គលិកវេជ្ជសាស្រ្តកំពុងយកសំណាកពីប្រជាជន ដើម្បីធ្វើតេស្តរកមើលកូរ៉ូណាវីរុស។ រូបភាព៖ AFP
បុគ្គលិកវេជ្ជសាស្រ្តកំពុងយកសំណាកពីប្រជាជន ដើម្បីធ្វើតេស្តរកមើលកូរ៉ូណាវីរុស។ រូបភាព៖ AFP
​ចាប់​គិតពី​ថ្ងៃទី​២៦ ខែមេសា​កន្លងមក បុគ្គលិក​វេជ្ជសាស្ត្រ និង​បុគ្គលិក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ (Support Staff) ចំនួន ៦៦​នាក់ ត្រូវបាន​គេ​រាយការណ៍​ថា មាន​ផ្ទុក​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19)​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​សុខាភិបាល​សិង្ហ​បុរី លោក​Gan Kim Yong នៅក្នុង​សភា​នា​ថ្ងៃទី​៤ ខែឧសភា​។

 
​មិនមែន​តែ​ប្រជាជន​ឡើយ សូម្បីតែ​បុគ្គលិក​សុខាភិបាល​ក៏​ឆ្លង COVID-19 ដែរ​។ លោក Gan Kim Yong រដ្ឋមន្ត្រី​សុខាភិបាល​សិង្ហ​បុរី​បាន​លើកឡើងថា បុគ្គលិក​សុខាភិបាល​៦៦​នាក់ ឆ្លង​ជំងឺ COVID-19 ហើយ​ក្នុងនោះ​មាន​បុគ្គលិក​វេជ្ជសាស្ត្រ​ចំនួន​៤៦​នាក់​។​
 
​ថ្លែង​ក្នុង​កិច្ចប្រជុំសភា រដ្ឋមន្ត្រី​សុខាភិបាល​បាន​អះអាង​ដោយ​យោងតាម​ការស៊ើបអង្កេត​នាពេល​កន្លងមក ថា គេ​មិនបាន​រកឃើញ​ករណី​ឆ្លង មាន​ទាក់ទង​នឹង​ការបំពេញ​កាតព្វកិច្ច ឬ​មើលថែ​អ្នកជំងឺ​នោះឡើយ​។ ប៉ុន្តែ​លោក Gan ថា មាន​ករណី​មួយ​ដែល​ទំនងជា​ឆ្លង​អំឡុងពេល​បំពេញភារកិច្ច គឺ​ករណី​ឆ្លង COVID-19 លើ​វេជ្ជបណ្ឌិត​ម្នាក់​នៅក្នុង​ក​ន្លែ​ង​ថែទាំ​សុខភាព​ឯកជន​មួយកន្លែង​។ 
 
​លោក Gan បាន​បន្តទៀតថា ភាគច្រើន​នៃ​ករណី​ឆ្លង​លើ​បុគ្គលិក​វេជ្ជសាស្ត្រ​នេះ គឺជា​ករណី​ឆ្លង​មកពី​បរទេស​, ករណី​ឆ្លង​មកពី​គ្រួសារ និង​ករណី​ឆ្លង​ជា​ចង្កោម​នៅក្នុង​ព្រះវិហារ​សាសនា​ជាដើម​។ បុគ្គលិក​សុខាភិបាល​ចំនួន ៤៦​នាក់ គឺជា​មាន​ប្រវត្តិ​ទាក់ទង​ដោយផ្ទាល់​ជាមួយ​អ្នកជំងឺ COVID-19 ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia​។ 
 
​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​សិង្ហ​បុរី នឹង​ព្យាយាម​ព្យាបាល​អ្នកជំងឺ COVID-19 ដែលជា​បុគ្គលិក​វេជ្ជសាស្ត្រ​ឲ្យ​ល្អ​បំផុត ដើម្បី​ការពារ​អ្នក​ទាំងនោះ និង​ក្រុមគ្រួសារ​ពី​ជំងឺឆ្លង​សកល​ថ្មី​មួយ​នេះ​។ 
 
​សូមបញ្ជាក់ថា នា​ថ្ងៃទី​៤ ខែឧសភា​នេះ សិង្ហ​បុរី ត្រូវបាន​គេ​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​នៃ COVID-19 ចំនួន​៥៧៣​ករណី​។ តួលេខ​សរុប​នៃ​កូ​រ៉ូ​ណា​វីរុស​របស់​សិង្ហ​បុរី​មាន​ចំនួន ១៨៧៧៨​ករណី អ្នកស្លាប់​ចំនួន ១៨​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១៤០៨​នាក់​។ ភាគច្រើន​នៃ​ករណី​ឆ្លង​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ គឺជា​ករណី​ឆ្លង​ជា​ចង្កោម​ដែល​រកឃើញ​នៅតាម​បន្ទប់​ស្នាក់នៅ​របស់​ពលករ​ប​រទេស​៕ 

Tag:
 សិង្ហ​បុរី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com