COVID-19
កីឡាជាតិ
ជាតិ
ទាំង​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន បន្ត​ផ្អាក​រហូត​កម្ពុ​ជាមាន​ស្ថាន​ភាពល្អ​ឡើងវិញ​
05, May 2020 , 8:59 am        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ពានរង្វាន់​សម្តេច ហ៊ុន សែន រួមជាមួយ​ពានរង្វាន់​កម្រិត​យុវជន​ផ្សេងៗ ត្រូវ​បន្ត​ផ្អាក​រហូត​ស្ថានភាព​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ឡើងវិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ សារ៉េត អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

 
​ទោះបី​ស្ថានភាព នៃ​ការរីក​រាលដាល នៃ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19)​នៅ​កម្ពុ​ជាមាន​ភាព​ធូរស្រាល​ក៏ដោយ តែ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ពុំទាន់​អនុញ្ញាត​ឲ្យ​បើក​ការប្រកួត​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន ឡើងវិញ​ឡើយ​។ ពោលគឺ​រហូតដល់​ស្ថានភាព​នៅ​កម្ពុជា​មានដំណើរ​ការដូ​ច​ប្រក្រតី​ឡើងវិញ​។ 
 
«​ទាល់តែ​កម្ពុ​ជាមាន​បរិយាកាស​ដូចដើម​វិញ គឺមាន​ការបើក​ជើងហោះហើ​រ​ទៅវិញទៅមក សិស្ស​ចូលរៀន​ដូច​ប្រក្រតី ទើប​រាជរដ្ឋាភិបាល​អ​នុ​ញ្ញាត​ឲ្យ​ចាប់ផ្តើម​ដំណើរការ​ទាំង​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន និង​ពាន​យុវជន​»​។ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​លើកឡើង​ដូច្នេះ​ប្រាប់​សារព័ត៌មាន​ថ្មីៗ ក្រោយ​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិរ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ នេះ​។ 
 
​អគ្គលេខាធិការ​រូបនេះ​បាន​បន្តថា ការសម្រេច​បែបនេះ ធ្វើឡើង​ក្រោយ​ថ្នាក់ដឹកនាំ​សហព័ន្ធ បារម្ភ​ខ្លា​ចរលក​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​កើត​ឡើងជា​លើក​ទី​២​។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​សហព័ន្ធ​ទទូច​ឲ្យ​ក្លិប​នីមួយៗ និង​អ្នកគាំទ្រ​កីឡាបាល់ទាត់​ទាំងអស់ ត្រូវមាន​ភាព​អត់ធ្មត់​ចំពោះ​បញ្ហា​នេះ​។ 
 
​គួររំលឹកថា កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​សម្រេច​ផ្អាក​ដំណើរការ​នៃ​ការប្រកួត​ពានរង្វាន់​លី​គ​កំពូល និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ជា​បណ្តោះអាសន្ន ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ គិត​ត្រឹម​ថ្ងៃទី​៤ ខែឧសភា នេះ កម្ពុជា​នៅសល់​អ្នកជំងឺ​កូ​វីដ​-១៩ តែ​ពីរ​នាក់​ប៉ុណ្ណោះ ដែល​បន្ត​សម្រាក​ព្យាបាល ខណៈ​១២០​នាក់​បាន​ព្យាបាល​ជាសះស្បើយ​ក្នុងចំណោម​អ្នកជំងឺ​សរុប​១២២​នាក់​៕ 


សកម្មភាពគាំទ្ររបស់អ្នកគាំទ្រក្នុងការប្រកួតពានរង្វាន់លីគកាលពីពេលកន្លងទៅ


Tag:
 ​បាល់ទាត់​
  កែវ សារ៉េត​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com