កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន​៖ ទោះ​ឈប់សម្រាក កីឡាករ​-​កីឡាការិនី ត្រូវធ្វើ​ចលនា​ជាប្រចាំ មិនត្រូវ​អសកម្ម​ឡើយ​
05, May 2020 , 10:33 am        
រូបភាព
ដោយ:
​កីឡាករ​-​កីឡាការិនី​មិនអាច​ឈប់សម្រាក​ដោយ​អសកម្ម​នោះទេ ដ្បិត​ការមិន​ហ្វឹកហាត់ ឬ​ធ្វើ​ចលនា​អ្វី​សោះ វា​អាច​ជះឥទ្ធិពល​មិនល្អ​គុណ​ផល និង​រាងកាយ​របស់​ពួកគេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ដែល​ជំរុញ​ឲ្យ​កីឡាករ​ព្យាយាម​ហ្វឹកហាត់​នៅតាម​ផ្ទះ​ដោយ​ខ្លួនឯង​។​

 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ា​ត់ ចំរើន បាន​ក្រើនរំលឹក​កីឡាករ កុំ​ឲ្យ​ផ្តេកផ្តួល​តាម​ស្ថានការណ៍​ក្នុងអំឡុងពេល​ពួកគេ​ឈប់សម្រាក​ពី​ការហ្វឹកហាត់​។ ដ្បិត​ការឈប់​សម្រាក​បែប​អសកម្ម វា​អាច​ជះឥទ្ធិពល​មិនល្អ​ដល់​សមត្ថភាព​រាងកាយ និង​បច្ចេកទេស ពេល​ពួកគេ​ចូល​ហ្វឹកហាត់​ឡើងវិញ​។  
 
«​នៅក្នុង​សកម្មភាព​កីឡា យើង​មិនអាច​ឈប់​ដោយ​អសកម្ម​បានទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណ​ផល​កីឡា ប៉ះពាល់​ដល់​សមត្ថភាព​កម្លាំងកាយ និង​បច្ចេកទេស​របស់គាត់ នៅពេល​គាត់​ត្រឡប់​ចូលមក​ហ្វឹកហាត់​វិញ​។ ហើយ​វា​ធ្វើ​ឲ្យ​គាត់​បាត់បង់​ភាព​បន្សាំ​នៃ​ការថែរក្សា​គុណ​ផល​របស់គាត់​»​។ លោក វ៉ា​ត់ ចំរើន បានលើកឡើង​ពី​ផលប៉ះពាល់​ដោយសារ​ការឈប់​សម្រាក​អសកម្ម​របស់​កីឡាករ​ដូច្នេះ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​កាលពីពេល​កន្លងទៅ​។ 
 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​រូបនេះ​បាន​បន្ថែមថា​៖«​ឯកឧត្តម​បណ្ឌិត ថោង ខុន ប្រធាន NOCC ជំរុញ​កីឡាករ​ជម្រើសជាតិ​និង​ថ្នាល​កុំ​ឲ្យ​ផ្តេកផ្តួល​តាម​ស្ថានការណ៍ និង ឈប់សម្រាក​ដោយ​មិន​ធ្វើ​ចលនា​។ ព្រោះ​ការឈប់​សម្រាក​របស់គាត់ វា​អាច​ប៉ះពាល់​ច្រើនណាស់ ដូចជា​ឡើង​ទម្ងន់ មាន​ជំងឺ​ដោយសារ​គាត់​ធ្លាប់​ហាត់​ខ្លាំង និង​ពិបាក​ក្នុងការ​រក្សា​តុល្យភាព​រាងកាយ​ដោយសារ​គាត់​ហូប​ច្រើន​»​។​
 
​ជាមួយគ្នានេះ​លោក វ៉ា​ត់ ចំរើន ជំរុញ​ឲ្យ​កីឡាករ​បង្កើន​ការហ្វឹកហាត់​នៅតាម​ផ្ទះ​ដោយ​ខ្លួនឯង​ក្នុងន័យ​រក្សា​និង​ពង្រឹងសមត្ថភាព និង​បច្ចេកទេស ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ លោក​បានផ្តល់​ជា​គំនិត​ថា កីឡាករ​ត្រូវ​ចំណាយពេល​យ៉ាងតិច​៣​ម៉ោង​ក្នុង​១​ថ្ងៃ​លើ​ការហ្វឹកហាត់ ទើប​អាច​រក្សា​គុណ​ផល​មិន​ឲ្យ​ធ្លាក់ចុះ ហើយ​ត្រូវ​រៀបចំ​កាលវិភាគ និង​ពេលវេលា​ហ្វឹកហាត់​ឲ្យ​បាន​ត្រឹមត្រូវ​។ កត្តា​នេះ ទាមទារ​ឲ្យ​គ្រូបង្វឹក និង​កីឡាករ​ត្រូវមាន​ឆន្ទៈ ទំនួល​ខុសត្រូវ និង​ធ្វើ​ដោយ​យកចិត្តទុកដាក់ និង​ម៉ត់ចត់​បំផុត ទើប​មាន​ប្រសិទ្ធភាព​។​
 
​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា ដ្បិត​តាម​គម្រោង​ផែនការមេ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​ឆ្នាំនេះ កម្ពុជា​គ្រោង​បញ្ជូន​កីឡាករ​ជាង​១០០​នាក់​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​។ បញ្ហា​នេះ​បាន​បង្ខំ​ឲ្យ​កម្ពុជា​បង្វែរ​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស មក​ពង្រឹង​ការហ្វឹកហាត់​នៅក្នុង​ស្រុក​។ ប៉ុន្តែ​គម្រោង​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​មិនទាន់បាន​លុបចោល​ទាំងស្រុង​នោះទេ​។ នេះ​បើតាម​ការអះអាង​របស់​លោក វ៉ា​ត់ ចំរើន​។​
 
«​បើ​យើង​អត់​មាន​ត្រៀម​ស៊ី​ហ្គេម វា​គ្មាន​បញ្ហា​ទេ តែដោយសារ​យើង​ជា​ម្ចាស់ផ្ទះ​ត្រៀម​ស៊ី​ហ្គេម​។ យើង​បាន​បាត់បង់​ពេលវេលា​ក្នុង​ការធ្វើផែនការ​ហ្វឹកហាត់​របស់​កីឡាករ​កីឡាការិនី ដើម្បី​សម្រួច​ទៅ​ឆ្នាំ​២០២៣ គឺ​យើង​បាន​បាត់​ពេលវេលា​។ កាលៈទេសៈ​នេះ វា​ប៉ះពាល់ ព្រោះ​គុណ​ផល​កីឡា​អាច​រីកចម្រើន​បាន​ដោយសារ​ការហ្វឹកហាត់ និង​ការប្រកួត​។ ប៉ុន្តែ​បច្ចុប្បន្ន​អត់​មានការ​ប្រកួត​ទេ ដូច្នេះ​យើង​ត្រូវ​បង្កើន​ការហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង ដើម្បី​រក្សា​តុល្យភាព​កម្លាំង​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។  
 
​ការប្រមូលផ្តុំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​ថ្នាល​ត្រូវបាន​រំសាយ​ពី​ការហ្វឹកហាត់​ជុំគ្នា​ទៅ​ហ្វឹកហាត់​តាម​ផ្ទះ ខណៈ​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​ត្រូវបាន​ពន្យា​ពេល និង​ព្រឹត្តិការណ៍​កីឡា​ធំៗ​មួយចំនួន ត្រូវបាន​ផ្អាក​ដំណើរការ​ដោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ បញ្ហា​នេះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​វៀតណាម និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ របស់​កម្ពុជា​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៥​ខែឧសភា ឆ្នាំ​២០២០ កម្ពុជា​នៅសល់​អ្នកជំងឺ​កូ​វីដ​-១៩​តែ​ពីរ​នាក់​ប៉ុណ្ណោះ ដែល​បន្ត​សម្រាក​ព្យាបាល ខណៈ​មនុស្ស​១២០​នាក់​បាន​ព្យាបាល​ជាសះស្បើយ​ក្នុងចំណោម​អ្នកជំងឺ​សរុប​១២២​នាក់​៕ 

Tag:
 ​វ៉ា​ត់ ចំរើន​
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com