COVID-19
អន្តរជាតិ
WHO៖ App តាមដាន COVID-19 មិនអាច​ជំនួស​វិធីសាស្ត្រ​ការពារ​បែប​ចាស់​បានទេ​
05, May 2020 , 11:01 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​កម្មវិធី (Application ឬ App) តាមដាន​អ្នកជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) និង​អ្នកពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ មិនអាច​ជំនួស​វិធីសាស្ត្រ​ការពារ​បែប​ចាស់ៗ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង​សកល​នេះ​បានទេ​។ អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក (WHO) បានលើកឡើង​បែបនេះ នា​ថ្ងៃទី​៤ ខែឧសភា ខណៈពេល​ប្រទេស​ជាច្រើន បាន​ប្រើប្រាស់​កម្មវិធី​នានា​ដើម្បី​តាមដាន​ករណី COVID-19 ។​


 
​ប្រទេស​ជាច្រើន​ដូចជា​អេ​ស្ប៉ា​ញ អាល្លឺម៉ង់ ហុង​គ្រី​ជាដើម បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ជា​បណ្តើរៗ​ហើយ ខ​ណះ​ប្រទេស​មួយចំនួនទៀត ត្រៀម​បន្ធូរបន្ថយ​ចំណាត់​បិទ​ខ្ទប់​ប្រទេស​។ ការបន្ធូរបន្ថយ​នេះ ធ្វើឡើង បន្ទាប់ពី​ស្ថានភាព​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ បាន​ធូរស្រាល ចំណែក​ករណី​ឆ្លង​នៅក្នុង​ប្រទេស​នីមួយៗ​ក៏មាន​ការធ្លាក់​ចុះបណ្ដើ​រៗ​។ 
 
​ជាមួយនឹង​ការបន្ធូរបន្ថយ​កា​រឹតត្បិត ប្រទេស​ទាំងនោះ បាន​បង្កើត App តាមដាន​អ្នកជំងឺ និង​អ្នកពាក់ព័ន្ធ (contact-tracking apps) ឲ្យ​ប្រជាជន​របស់ខ្លួន​ប្រើប្រាស់ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ករណី​ឆ្លង​នៃ​កូ​រ៉ូ​ណាវី​រុស​។ ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក លើកឡើងថា វិធីសាស្ត្រ​បុរាណ នៅតែ​សំខាន់​។​
 
​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សុខភាព​ពិភពលោក Michael Ryan បាន​លើកឡើងថា បច្ចេកវិទ្យា​ព័ត៌មានវិទ្យា មិនអាច​ជំនួស​វិធីសាស្ត្រ​មូលដ្ឋាន​បែប​ចាស់ ក្នុង​ការពារ និង​បង្ការ COVID-19 បានទេ​។ បើតាម​ប្រធាន​ប្រតិបត្តិ WHO រូបនេះ App តាមដាន​អ្នកជំងឺ និង​អ្នកពាក់ព័ន្ធ គ្រាន់តែ​ជួយ​សម្រួល​ឲ្យ​ប្រជាជន​ដឹងថា ខ្លួន​មានការ​ទាក់ទង​ជាមួយ​អ្នកជំងឺ និង​អាចដាក់​ច​ត្តា​ឡី​ស័ក​ខ្លួនឯងបាន​។ ផ្ទុយទៅវិញ វិធីសាស្ត្រ​ទប់ស្កាត់​ចាស់ៗ​ដូចជា ការតាមដាន ការស្វែងរក​អ្នកពាក់ព័ន្ធ ការធ្វើ​តេស្ត ការដាក់​ដាច់ដោយឡែក និង​ច​ត្តា​ឡី​ស័ក​ជាដើម នៅតែ​ត្រូវការ​។ 
 
​នេះ​បានន័យថា បើទោះបី​ជាមាន App តាមដាន​អ្នកជំងឺ COVID-19 ក៏ដោយ ក៏​មិនត្រូវ​បោះបង់​វិធីសាស្ត្រ​បុរាណ​ដែរ​។ ជាមួយគ្នានេះ លោក Ryan ក៏បាន​សរសើរ​ពី​វិធីសាស្ត្រ​របស់​កូរ៉េខាងត្បូង និង​សិង្ហ​បុរី​ផងដែរ ក្នុងការ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ឆ្លង COVID-19 ។ 
 
​ដោយឡែក​អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាន​ទទូច​ឲ្យ​ប្រទេស​ទាំងអស់ រួម​សាមគ្គី​គ្នា​ផងដែរ ដើម្បី​ទប់ស្កាត់​COVID-19 ខណៈ​ប្រទេស​មហាអំណាច​ដូចជា​ចិន អាមេរិក​កំពុង​ឈ្លោះប្រកែក​គ្នា ជុំវិញ​ប្រភព​នៃ COVID-19 ។ លោក Tedros ក៏បាន​សរសើរ​មេដឹកនាំ​ពិភព​លោ​ក ដែល​បាន​សន្យា​ផ្តល់ប្រាក់​ប្រមាណ ៨​ពាន់​លាន​ដុល្លារ ដើម្បី​ស្រាវជ្រាវរ​កវ៉ាក់​សាំង​ប្រយុទ្ធប្រឆាំង​COVID-19​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ​ពិភពលោក​មាន​ករណី​COVID-19 សរុប​ចំនួន​ជាង ៣,៦៤​លាន​ករណី អ្នកស្លាប់​ចំនួន ២៥​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ១,១៩​លាន​នាក់​៕ 

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com