ជាតិ
លោក កែន ស​ត្ថា ៖ កែប ជា​តំបន់​ទេសចរណ៍​បែប​ស្ងប់ស្ងាត់ និង​ថ្លៃថ្នូរ​
05, May 2020 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ កែប ជា​តំបន់​ទេសចរណ៍​បែប​ស្ងាត់​ស្ងាត់ ហើយ​គ្មាន​ករណី​ជួញដូរ​ផ្លូវភេទ​ឡើយ​។ នេះ​ជាការ​អះអាង​របស់លោក កែន ស​ត្ថា អភិបាលខេត្ត​កែប នៅក្នុង​សន្និសីទកាសែត​ជុំវិញ​វឌ្ឍនភាព​ខេត្ត នា​ព្រឹក​ថ្ងៃទី​៥ ឧសភា​។​


​លោក កែន ស​ត្ថា បាន​អះអាងថា ខេត្ត​កែប​ជា​កន្លែង​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូលចិត្ត​ស្រាវជ្រាវ សរសេរ​សៀវភៅ និង​បែប​ផ្អែម​ល្អែ​ម​ជា​លក្ខណៈ​គ្រួសារ តាំងពី​សម័យ​ក្រោម​អាណានិគម​បារាំង​មកម្ល៉េះ​។​
 
​បើតាម​លោក កែន ស​ត្ថា ខេត្ត​កែប គឺជា​តំបន់​ទេសចរណ៍​«​កម្រិត​ជា​លក្ខណៈ​ថ្លៃថ្នូរ​តែម្ដង​»​។ ឆ្លើយតប​នឹង​សំនួរ​អ្នកកាសែត​ជុំវិញ​ទេសចរណ៍​តំបន់​ជាប់មាត់​សមុទ្រ​មួយ​នេះ លោក​អភិបាល​ខត្ត​កែប បាន​អះអាងថា តំបន់​ទេសចរណ៍​នៅក្នុង​ខេត្ត គ្មាន​កន្លែង​ជួញដូរ​ផ្លូវភេទ ដូច​ការសង្ស័យ​នោះទេ​។ ប៉ុន្តែ​លោក ទទួលស្គាល់ថា ករណី​គ្រឿងញៀន​កើតមាន​នៅក្នុង​តំបន់ ហើយ​អាជ្ញាធរ​កំពុង​ដោះស្រាយ​ជា​បន្តបន្ទាប់​។​
 
​បច្ចុប្បន្ន​ខេត្ត​កំពុងអភិវឌ្ឍន៍​ជា​លំដាប់ ដោយ​ក្នុងនោះ​រដ្ឋបាលខេត្ត​កំពុង​រៀបចំ​ផែនការ អភិវឌ្ឍ​កោះ​ចំនួន​១៣ តំបន់ភ្នំ និង​រមណីយដ្ឋាន​សំខាន់ៗ​ផ្សេងទៀត ក្រៅពី​មាត់​ឆ្នេរសមុទ្រ​ផងដែរ​។ ​កែប ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​១៩៩៣​។   
 
​ក្រសួងទេសចរណ៍ ក៏​កំពុង​រៀបចំ​ផែនការមេ ដោយ​ត្រូវ​គិតគូរ​ជា​អន្តរ​វិស័យ ដូចជា​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធ​ទឹកស្អាត អគ្គិសនី ការគ្រប់គ្រង​សំណល់​រឹង​-​រាវ ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ដែល​ចាំបាច់​ត្រូវ​អនុលោម​តាម​សក្ដានុពល និង​ធនធាន​។ ជាក់ស្ដែង ដូចជា ធនធានធម្មជាតិ ផ្នែក​សាសនា វប្បធម៌ កសិកម្ម និង​វិស័យ​ជាច្រើន​ទៀត​ដែល​មិនទាន់បាន​កែច្នៃ ធ្វើយ៉ាងណា​ឱ្យស្រប​តាម​ឯកសារ​បទដ្ឋាន​គតិយុត្ត និង​ឯកសារ​គាំទ្រ​ដទៃទៀត​។​
 
​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​នេះ គឺមាន​គោលបំណង អភិវឌ្ឍ​ខេត្ត​កែប​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីត​កម្រិត​ខ្ពស់ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក​។ ជាពិសេស​បង្កើន​គុណភាព​ផលិតផល​ទេសចរណ៍​ដែលមាន​ស្រាប់ និង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​ថែមទៀត ដើម្បី​ពន្យារ​ការ​ស្នាក់នៅ​របស់​ទេសចរ នៅ​គ្រប់​រដូវ​កាល​ឲ្យ​បាន​កាន់តែ​យូរ​។ ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទេសចរណ៍ ដោយ​ផ្តោតលើ​ផលិតផល​ទេសចរណ៍​តាម​គោលដៅ និង​ធានា​ដល់​ចីរភាព​នៃ​ការអភិវឌ្ឍ និង​ធនធានធម្មជាតិ និង​ការរៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ពិសេស​ធានា​ដល់​កំណើនសេដ្ឋកិច្ច​មូលដ្ឋាន​។ ទាំងនេះ​គឺជា​ផែនការមេ​របស់​ក្រសួងទេសចរណ៍​៕

Tag:
 ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com