COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី ស្នើ​ឲ្យ​មាន​សមភាព​ក្នុង​ការទទួល​ថ្នាំ​ព្យាបាល COVID-19 សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​
05, May 2020 , 1:54 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូវីដូដូ-AFP
ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូវីដូដូ-AFP
ដោយ:
លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​៤ ខែឧសភា បាន​អំពាវនាវ​ឲ្យ​មាន​សមភាព​ក្នុងការ​ទទួលបាន​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​។ លោក វី​ដូ​ដូ បែប​លើកឡើង​នេះ ស្រប​ពេលដែល​អ្នក​ឆ្លង​មាន​ចំនួន​លើសពី​៣,៥​លាន​ករណី និង​ស្លាប់​ច្រើនជាង​២៥​ម៉ឺន​នាក់ ហើយ​ថ្នាំ​ព្យាបាល​រក​មិនទាន់​ឃើញ​។

 
«​យើង​ត្រូវតែ​ប្រយុទ្ធ ដើម្បី​ការទទួលបាន​ថ្នាំ​ព្យាបាល​ជំងឺ​COVID-19 និង​វ៉ាក់សាំង ដែលមាន​តម្លៃ​សមរម្យ ទាន់ពេលវេលា និង​ដោយ​ស្មើភាព​។​» លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បញ្ជាក់​បែបនេះ​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​៤ ខែឧសភា​។ លោក​បន្ថែមទៀតថា ការកាត់បន្ថយ​បំណុល និង​កាតព្វកិច្ច​សងបំណុលរ​បស់​ប្រទេស​កំពុង​អភិវឌ្ឍ ត្រូវ​បង្វែរ​ជា​ជំនួយ​ហិរញ្ញវត្ថុ​ក្នុងការ​ទប់ទល់​ជំងឺ COVID-19 ។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ការ​ថ្លែង​ខាងលើនេះ​ធ្វើឡើង​ក្នុង​សេចក្តីថ្លែងការណ៍ បន្ទាប់ពី​លោក​ប្រធានាធិបតី វី​ដូ​ដូ បាន​ចូលរួម​កិច្ចប្រជុំ​ពី​ចម្ងាយ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ចំនួន​៣៩ ដែលជា​សមាជិក​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​។​
 
​ចំណែកឯ​អ្នកស្រី Retno Marsudi ប្រមុខ​ការបរទេស​ឥណ្ឌូណេស៊ី និយាយថា បណ្តា​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ នឹង​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​រៀបចំ​បញ្ជី​តម្រូវការ​ចាំបាច់​ផ្នែក​វេជ្ជសាស្ត្រ និង​មនុ​ស្សធ​ម៌ របស់​ប្រទេស​សមាជិក​នីមួយៗ រួច​បញ្ជូនទៅ​ប្រទេស​អ្នកផ្តល់ជំនួយ និង​អង្គការ​អន្តរជាតិ​។ គិត​ត្រឹម​ថ្ងៃទី​៥ ខែឧសភា​នេះ ឥណ្ឌូណេស៊ី​ មាន​ករណី​ឆ្លង​ចំនួន ១១,៥៨៧ ករណី និង​ស្លាប់​ចំនួន ៨៦៤​នាក់​។​
 
​ជុំវិញ​ការទទួលបាន​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ជំងឺ COVID-19 នេះដែរ លោក Tedros Adhanom Ghebreyesus ប្រមុខ​អង្គការ​សុខភាព​ពិភពលោក (WHO) បានដាក់​និយាយថា WHO ប្តេជ្ញា​ក្នុងការ​ធានា ថា​ថ្នាំ និង​វ៉ាក់សាំង​ដែល​អភិវឌ្ឍ​បាន នឹងត្រូវ​ចែកចាយ​ដោយ​សមធម៌ ទៅកាន់​ប្រទេស និង​ប្រជាជន​ទាំងអស់​។​
 
​កាលពី​ថ្ងៃទី​៤ ខែមេសា មេដឹកនាំ​ពិភពលោក ​បាន​សន្យា​ផ្តល់​ទឹកប្រាក់​ចំនួន​៨​ពាន់​លាន​ដុល្លារ ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​COVID-19 ក៏ដូចជា​ការអភិវឌ្ឍ​ន៍​វ៉ាក់សាំង​ផងដែរ។ នេះ​យោងតាម​សេចក្តីប្រកាស​របស់លោក​ស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​៕

© រក្សាសិទ្ធិដោយ thmeythmey.com