ជាតិ
សិល្បះ
សមាគម​សិល្បៈ​សុវណ្ណ​ភូមិ អាយុកាល​២៦​ឆ្នាំ ផ្អាកសកម្មភាព ព្រោះ​គ្មាន​ថវិកា​ទ្រទ្រង់​
05, May 2020 , 3:03 pm        
រូបភាព
​ភ្នំពេញ​៖ មាន​អាយុ​២៦​ឆ្នាំ សមាគម​សិល្បៈ​សុវណ្ណ​ភូមិ ដែល​កើតឡើង​តាំងពី​ឆ្នាំ ១៩៩៤​នោះ ពេលនេះ​ត្រូវ​បានផ្អាកសកម្មភាព ព្រោះ​មិនមាន​ភ្ញៀវ​ចូល​ទស្សនា និង​មិនមាន​ប្រាក់​ជួយ​ទីតាំង​សម្ដែង​។

 
​បើតាម​អ្នកនាង ហេង វណ្ណ​ថា ជា​បុគ្គលិក​របស់​សមាគម​សិ​ល្បៈ​សុវណ្ណ​ភូមិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា សមាគម​មិនមាន​លទ្ធភាព​ឈរជើង​បន្ត​ទៀតឡើយ ព្រោះ​មិនមាន​ចំណូល​ទាល់តែសោះ ក្នុងដំណាក់កាល​កូ​វីដ​១៩​នេះ​។ ទោះជា​យ៉ាងណា ឧបករណ៍ និង​គ្រឿង​សិល្បៈ​ទាំងអស់ របស់​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ នឹង​យកទៅ​ឧបត្ថម្ភ​ដល់​សាលា​មធ្យម​វិចិត្រសិល្បៈ​ទុកជា​សម្បត្តិ​រដ្ឋ​។ 
 
​អ្នកនាង ហេង វណ្ណ​ថា បញ្ជាក់បន្ថែម​ដូច្នេះ​៖«​ក្នុង​មួយខែ​យើង​ត្រូវ​ចំណាយ​ទៅលើ​ថ្លៃ​ជួល​ទីតាំង និង​ទឹក​ភ្លើង​អស់​ប្រហែល​១,០០០​ដុល្លារ​។ យើង​អស់​លទ្ធភាព​ហើយ​។ ពេលនេះ​សូម្បីតែ​ប្រាក់ ២,០០០​រៀល សម្រាប់​ជិះ​ម៉ូតូឌុប​មក​សមាគម ក៏​ពួកយើង​សឹង​មិនមាន​ផង​។ តាំងពី​មាន​កូ​វីដ​១៩ ពួកយើង​យ៉ាប់​មែនទែន​។ សម្ភារ​សិល្បៈ​ទាំងអស់​ហ្នឹង គេ​សុំ​ទិញ​ដែរ តែ​ពួកយើង​មិន​លក់​ទេ យើង​យកទៅ​ជូន​សាលា​មធ្យម​វិចិត្រសិល្បៈ​ទាំងអស់​»​។​

 
​សូមបញ្ជាក់ថា សមាគម​សិល្បៈ​សុវណ្ណ​ភូមិ ដែលមាន​សម្ដែង​សិល្បៈ​ល្ខោនស្បែក​តូច និង​ស្បែក​ធំ បាន​ជួប​វិបត្តិ​សេដ្ឋកិច្ច​អស់​រយៈ​ជាច្រើន​ឆ្នាំ​មកហើយ​។ ប្រធាន​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ លោក ម៉ាន កុសល ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សមាគម​ចង់​បិទទ្វារ​ជាច្រើន​ដង​រួចមក ហើយ​ដោយសារតែ​មិនមាន​ភ្ញៀវ​ចូល​ទស្សនា​។ ប៉ុន្តែ​ដោយ​ក្ដី​ស្រឡាញ់ និង​ចង់​ថែរក្សា​សម្បត្តិ​សិល្បៈ​វប្បធម៌​ជាតិ លោក ព្រមទាំង​សមាជិក​ទាំងអស់ ចេះតែ​ខំ​ត្រដាបត្រដួស​ដំណើរការ​បន្ត ព្រោះ​សង្ឃឹមថា​ប្រហែលជា​អាច​សង្គ្រោះបាន​។ ទោះជា​យ៉ាងណា នៅ​ជិត​ពាក់កណ្ដាល​ឆ្នាំ​២០២០​នេះ ដង្ហើម​ក្ដីសង្ឃឹម​ត្រូវ​រលត់​តែត្រឹម​កូ​វីដ​១៩៕





Tag:
 សិល្បៈ​
  ល្ខោន​
  សមាគម​សិល្បៈ​សុវណ្ណ​ភូមិ​
© រក្សាសិទ្ធិដោយ thmeythmey.com