COVID-19
អន្តរជាតិ
សិង្ហបុរី សាកល្បងប្រើថ្នាំ Remdesivir ដើម្បីព្យាបាលអ្នកជំងឺ COVID-19 រូបភាព៖ AFP
× វេជ្ជបណ្ឌិតសិង្ហបុរី កំពុងសាកល្បងប្រើប្រាស់ថ្នាំ Remdesivir ដែលជាថ្នាំព្យាបាលជំងឺ Ebola ដើម្បីព្យាបាលអ្នកជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ ការប្រើប្រាស់ថ្នាំនេះ គឺស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តពិសោធន៍រកថ្នាំព្យាបាល និងក្បួនព្យាបាល COVID-19 តែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia នាថ្ងៃទី៥ ខែឧសភា។
ចាប់តាំងពីរកឃើញCOVID-19 ដំបូងនៅក្នុងក្រុងវូហាន ប្រទេសចិន មកទល់ពេលនេះ គេទាន់រកឃើញថ្នាំព្យាបាល ឬវ៉ាក់សាំងការពារជំងឺឆ្លងសកលមួយនេះទេ។ ប៉ុន្តែគេប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំព្យាបាលជំងឺEbola ថ្នាំព្យាបាលជំងឺអេដស៍ និងថ្នាំព្យាបាលជំងឺគ្រុនចាញ់ជាដើម។ ចំណែកនៅសិង្ហបុរី ក៏ដូចប្រទេសផ្សេងដែរ មិនទាន់មានថ្នាំព្យាបាល ឬវិធីសាស្ត្រព្យាបាល COVID-19 ជាក់លាក់ណាមួយទេ។
ដើម្បីស្វែងរកវិធីសាស្ត្រ ឬថ្នាំព្យាបាលកូរ៉ូណាវីរុស សិង្ហបុរីបានសម្រេចប្រើថ្នាំ Remdesivir យកមកធ្វើតេស្តដើម្បីព្យាបាលលើអ្នកជំងឺ។ ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត Shawn Vasoo ប្រធានផ្នែកពិសោធន៍នៅមជ្ឈមណ្ឌលជាតិជំងឺឆ្លងសិង្ហបុរី បានបញ្ជាក់ថា មកទល់ពេលនេះ វាគ្មានវិធីសាស្ត្រព្យាបាល COVID-19 ជាក់លាក់ទេ ទើបសិង្ហបុរីសម្រេចយកថ្នាំព្យាបាលជំងឺ Ebola មកសាកល្បងព្យាបាលអ្នកជំងឺ។ ម្យ៉ាងថ្នាំនេះ ក៏អាចមានលទ្ធភាពព្យាបាលកូរ៉ូណាវីរុសបានដែរ។
យ៉ាងណាក៏ដោយ ការធ្វើតេស្ត អាចធ្វើទៅបាន ទាល់តែមានការយល់ព្រមពីអ្នកជំងឺ COVID-19 ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រុមការងារស្វែងរកថ្នាំព្យាបាល COVID-19 ទើបអាចប្រើប្រាស់ថ្នាំ Remdesivir ឬ ថ្នាំ Placebo (ប្រភេទថ្នាំគ្មានសារធាតុសកម្មព្យាបាលជំងឺ ប៉ុន្តែប្រើប្រាស់ដើម្បីគ្រប់គ្រងការសាកល្បងថ្នាំប្រភេទថ្មី)។
តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍Channel New Asia លោកវេជ្ជបណ្ឌិត Vasoo បានបញ្ជាក់ថា ក្រុមការងារស្វែងរកថ្នាំព្យាបាល COVID-19 បានសាកល្បងថ្នាំជាច្រើនដូចជា ថ្នាំប្រឆាំងវីរុស ថ្នាំប្រឆាំងការរលាក ការប្រើអង់ទីកររប្លាស្មា ឬវ៉ាក់សាំងផ្សេងៗជាដើម ដើម្បីព្យាបាលCOVID-19 ។ កិច្ចការបន្ទាប់ ក្រុមការងារ នឹងវាយតម្លៃពីលទ្ធផលនៃការព្យាបាល និងផលវិបាករបស់អ្នកជំងឺពេលប្រើប្រាស់ថ្នាំ និងវិធីសាស្ត្រទាំងនេះ។
ជាមួយគ្នានេះដែរ លោក Vasoo បានបន្តថា ដោយសារតែគ្មានថ្នាំព្យាបាល ឬវិធីសាស្ត្រព្យាបាលជាក់លាក់ វាពិតជាសំខាន់ណាស់ សម្រាប់សិង្ហបុរី ក្នុងការបន្ថែមការធ្វើតេស្តរកថ្នាំព្យាបាល COVID-19។
សូមបញ្ជាក់ថា សិង្ហបុរី មិនមែនជាប្រទេសទី១ទេ ដែលសាកល្បងប្រើប្រាស់ថ្នាំព្យាបាលជំងឺ Ebola នេះ នៅអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត ក៏ប្រើប្រាស់ថ្នាំប្រភេទនេះដែរ។ គិតមកត្រឹមថ្ងៃទី៤ ខែឧសភា សិង្ហបុរីមានករណី COVID-19 សរុបជិត ២ម៉ឺនករណី អ្នកស្លាប់ចំនួន ១៨នាក់ និងអ្នកជាសះស្បើយចំនួន ១៤៥៧នាក់៕
Tag:
សិង្ហបុរី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com