ខេត្ត​កែប កំពុង​រៀបចំ​កំពង់ផែ ដើម្បី​ភ្ជាប់​ទេសចរណ៍​កម្ពុជា ថៃ និង វៀតណាម
ជាតិ
ខេត្ត​កែប កំពុង​រៀបចំ​កំពង់ផែ ដើម្បី​ភ្ជាប់​ទេសចរណ៍​កម្ពុជា ថៃ និង វៀតណាម
05, May 2020 , 7:29 pm        
រូបភាព
លោក កែន សត្ថា (រូបពីទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
លោក កែន សត្ថា (រូបពីទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
​ភ្នំពេញ​៖ ខេត្ត​កែប កំពុង​រៀបចំ​សាងសង់​កំពង់ផែ​ទេសចរណ៍​កោះទន្សាយ ដែល​អាច​ឲ្យ​នាវា​ពី​ក្រៅប្រទេស​ចូល​ចត​និង​ភ្ជាប់​ទេសចរណ៍​ផ្លូវទឹក​ពីរ​វាង​កម្ពុជា ថៃ និង វៀតណាម​។


 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្ដីការ​គណៈ​រដ្ឋ​ម​ន្រី្ត​ស្ដីពី​វ​ឌ្ឍ​ភាព និង​ទិសដៅ​ការងារ​របស់​រដ្ឋបាល​ខេត្ត​កែប លោក កែន ស​ត្ថា អភិបាលខេត្ត​កែប ថ្លែងថា​៖«​ឥឡូវនេះ យើង កំពុង​ធ្វើ​ផែ​កែប តាម​ថវិកា​របស់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សាធារណការ យើង​ធ្វើ​ផែ​ស្ដង់ដា​មួយ ដែល​អាច​ឲ្យ​នាវា​ដឹក​ភ្ញៀវទេសចរ នាវា​ទំនើបៗ ផ្ទុក​ភ្ញៀវទេសចរ​បាន​១០០​ទៅ​២០០​នាក់ អាច​ឆ្លង​ទៅតាម​បណ្ដាល​ប្រទេស ព្រោះ​យើង​មាន​ផែនការ​មួយទៀត គឺ​ទេសចរណ៍​សមុទ្រ គឺអាច​ថ្ងៃ​ខាងមុខនេះ ជាមួយ​វៀតណាម កម្ពុជា និង​ជាមួយ​ថៃ គឺ​ហៅថា​ទេ​ចរណ៍​តាម​ផ្លូវទឹក​»​។ 
 
​លោក កែន ស​ត្ថា បន្ថែមថា គម្រោង​នេះ គឺ​បាន​ពិភាក្សាគ្នា​ហើយ និង​ដំណើរ​ការសាងសង់​បាន​៣០​ភាគរយ​។ តំបន់​ទេសចរណ៍​តាមផ្លូវ​ទឹក​នេះ គឺ​គ្រោង​ភ្ជាប់​ពី​ប្រទេស​ថៃ មក​ព្រំដែន​កម្ពុជា​តាម​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប បន្តទៅ​ប្រទេស​វៀតណាម​។​
 
​លោក ម៉ម់ តូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប ដែល​ចូលរួម​ក្នុង​សន្និសីទ​ព័ត៌មាន​នោះ លើកឡើងថា ក្រសួង​សាធារណការ បាន​ជួសជុល​និង​កសាង​កំពង់ផែ​នេះ​ឡើងវិញ ដែលមាន​ទំហំ​៣៤០០​ម៉ែត្រការ៉េ ហើយនឹង​ត្រូវ​បញ្ចប់​នៅក្នុង​ខែធ្នូ ឆ្នាំ​២០២០​។ លោក អះអាងថា ការសាងសង់​ផែ​ទេសចរណ៍​នេះ គឺ​ប្រើ​គម្រោង​ថវិកា​ជាង​១​លាន​ដុល្លារ​៕ 

Tag:
 កំពង់ផែ​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com