COVID-19
អន្តរជាតិ
អាមេរិក ព្រមានពីផលវិបាក បើចិនមិនគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ រដ្ឋមន្រ្តីរតនាគារជាតិអាមេរិក លោក Steven Mnuchin។ រូបភាព៖ Reuters
× ទោះកំពុងវីវក់នឹងជំងឺ COVID-19 អាមេរិក មិនភ្លេចពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនឡើយ។ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក Steven Mnuchin នៅថ្ងៃទី៤ ខែឧសភា បានរំឭកចិនឲ្យគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលចុះនៅដើមឆ្នាំ២០២០ បើមិនចង់មានផលវិបាកទេនោះ។
ទំនាក់ទំនងអាមេរិក និងចិនកំពុងប្រឈមបញ្ហាតានតឹងគ្នាយ៉ាងខ្លាំងមួយរយៈចុងក្រោយនេះ ជុំវិញបញ្ហាដើមកំណើត COVID-19 និងការគ្រប់គ្រងករណីឆ្លងរបស់ចិន។ យ៉ាងណាមិញ អាមេរិក ក៏មិនភ្លេចទាមទារឲ្យចិន គោរពកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលបានបញ្ចប់កាលពីដើមខែមករា ឆ្នាំ២០២០ ទៀត ស្របពេលសេដ្ឋកិច្ចប្រទេសមហាអំណាចទាំងពីរ កំពុងតែរងគ្រោះដូចគ្នាដោយសារកូរ៉ូណាវីរុស។
ទាក់ទងនឹងបញ្ហានេះ អាមេរិក បានទាមទារឲ្យចិនគោរពតាមការសន្យារបស់ខ្លួនដែលត្រូវទិញទំនិញអាមេរិកឲ្យបានច្រើន និងសម្រួលការធ្វើអាជីវកម្ម។ តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox Business Network លោក Steven Mnuchin រដ្ឋមន្ត្រីរតនាគារអាមេរិក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំរំពឹងថាពួកគេ [ចិន] គោរពកាតព្វកិច្ច»។
មិនត្រឹមតែរំពឹងថា ចិនគោរពតាមកិច្ចព្រមព្រៀងទេ លោករដ្ឋមន្ត្រីរតនាគារអាមេរិក ថែមទៀតព្រមានដាក់ចិនថែមទៀត។ បើតាមលោករដ្ឋមន្ត្រី អាមេរិកមានហេតុផលច្រើនណាស់ ដែលទាមទារឲ្យចិនត្រូវតែគោរពតាមកិច្ចព្រមព្រៀងរបស់ខ្លួន ហើយប្រសិនបើចិនមិនគោរពតាមនោះទេ វានឹងបង្កឲ្យមានផលវិបាកជាច្រើននៅក្នុងទំនាក់ទំនងរវាងអាមេរិក និងចិន ក៏ដូចជានៅក្នុងសេដ្ឋកិច្ចសកល។
ក្នុងនេះន័យ លោក Mnuchin ចង់សំដៅថា បើកិច្ចព្រមព្រៀងដំណាក់កាលទី១ ចិនមិនគោរពផង តើវានឹងផ្តល់ទំនុកចិត្តដល់មនុស្សផ្សេងទៀតយ៉ាងដូចម្តេច ក្នុងការធ្វើជំនួញជាមួយចិន?
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នេះ ចិនបានសន្យាថា នឹងទិញទំនិញរបស់អាមេរិកបន្ថែមរហូតដល់ ២០០ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំ។ មុខទំនិញទាំងនោះ ចិនសន្យាទិញក្នុងវិស័យកម្មន្តសាលក្នុងទំហំទឹកប្រាក់ ៧៧,៧ពាន់លានដុល្លារ វិស័យថាមពល ៥២,៤ពាន់លានដុល្លារ វិស័យកសិកម្មចំនួន ៣២ពាន់លានដុល្លារ និងវិស័យផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
សូមបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ កើតឡើងដោយសាររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានអះអាងថា ពាណិជ្ជកម្មរបស់ខ្លួនមានអតុល្យភាពជាមួយទីក្រុងប៉េកាំង និងមានបញ្ហាមួយចំនួនទៀត។ ក្នុងជម្លោះនេះ អាមេរិក និងចិន ដំឡើងពន្ធដាក់គ្នាទៅវិញទៅមក និងបានអូសបន្លាយរហូតដល់ជិតពីរឆ្នាំ មុននឹងអ្នកតំណាងចរចារបស់ចិន ឧបនាយករដ្ឋមន្ត្រីចិន Liu He ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ជាមួយលោក ដូណាល់ ត្រាំ នាសេតវិមានក្នុងខែមករា ឆ្នាំ ២០២០៕
Tag:
អាមេរិក
ចិន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com