COVID-19
អន្តរជាតិ
ថៃ​មាន​អ្នក​ល្មើស​បម្រាម​គោចរ​ជិត​៧០០​នាក់ ក្រោយ​បើក​លក់​គ្រឿង​ស្រវឹង​វិញ​
05, May 2020 , 9:29 pm        
រូបភាព
ប្រភពរូប៖ កាសែត បាងកកប៉ុស្តិ៍
ប្រភពរូប៖ កាសែត បាងកកប៉ុស្តិ៍
ដោយ:
​ក្រោយ​រដ្ឋាភិបាល​ថៃ សម្រេច​ដកហូត​បម្រាម​លក់​គ្រឿង​ស្រវឹង ពលរដ្ឋ​ថៃ​ជាច្រើន​បាននាំគ្នា​សម្រុក​ទៅ​ទិញ​គ្រឿង​ស្រវឹង រហូត​មាន​អ្នក​ល្មើស​បម្រាម​គោចរ​ចន្លោះ​ពី​យប់​ថ្ងៃទី​៤ និង​ព្រឹក​ថ្ងៃទី​៥ ខែឧសភា​។ ទាក់ទិន​បញ្ហា​នេះ រដ្ឋាភិបាល​ថៃ ព្រមាន​ពី​លទ្ធភាព​ដាក់​បម្រាម​នេះ​ជាថ្មី​ម្ដងទៀត​។

 
​មនុស្ស​សរុប​៦៩០​នាក់ បាន​បំពាន​បម្រាម​គោចរ​ដែល​រដ្ឋាភិបាល​ថៃ​ដាក់ចេញ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល COVID-19 ។ តួលេខ​នេះ កើនឡើង​៦០​ភាគរយ​បើ​ប្រៀបធៀប​នឹង​យប់​ថ្ងៃទី​៣​ខែឧសភា​។ តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍  បម្រាម​លក់​គ្រឿង​ស្រវឹង ត្រូវបាន​ដកហូត​ក្នុង​ខេត្ត​ថៃ​ជាច្រើន កាលពី​ថ្ងៃទី​៤ ខែឧសភា ក្នុងនោះ​ក៏មាន​ទីក្រុង​បាងកក ផងដែរ​។ 
 
​ក្នុងចំណោម​អ្នក​ល្មើស​ទាំង​៦៩០​នាក់ មនុស្ស​១២៩​នាក់ ក៏បាន​ពាក់ព័ន្ធ​នឹង​ការប្រមូល​ផ្ដុំគ្នា​ផឹកស៊ី ដែល​ហាមឃាត់​ក្រោម​ក្រឹត្យ​ប្រកាស​រដ្ឋ​ក្នុង​គ្រាអាសន្ន​។ លោក Taweesilp Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍ COVID-19 ថៃ បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា អ្នកខ្លះ​ក៏បាន​ប្រឹ​ព្រឹ​ត្ត​អំពើ​អបាយមុខ​ផ្សេងទៀត​ដូចជា​ការប្រើប្រាស់​ថ្នាំញៀន និង​ល្បែងស៊ីសង ទៀតផង​។​
 
​បើតាម​បាងកក​ប៉ុស្តិ៍ លោក Taweesilp លើកឡើង​ទៀតថា ប្រទេស​ថៃ ពុំ​អាច​យកជ័យ​ជម្នះ​ក្នុងការ​ទប់ស្កាត់ COVID-19 បានឡើយ ដោយ​គ្មាន​កិច្ចសហការ​ពី​ពលរដ្ឋ​គ្រប់គ្នា​។ លោក​បន្តថា​៖«​មានតែ​ប្រទេស​យើង​ប្រាកដ​ច្បាស់​ថា​យើង​គ្មាន​វីរុស​នេះ​ទាំងស្រុង​នោះ ទើប​យើង​អាច​វិល​ត្រលប់​ទៅកាន់​ជីវិត​ធម្មតា​ដូច​មុន​វិញ​»​។ 
 
​រដ្ឋាភិបាល​ថៃ នឹង​ប្រើពេល​សាកល្បង​២​សប្តាហ៍​ដើម្បី​សម្រេច​ថា គួរ​បន្ត​បន្ធូរបន្ថយ​ការ​រឹតបន្ដឹង COVID-19 ឬ​ត្រលប់​ទៅ​អនុវត្ត​វិញ​។ លោក Taweesilp សង្កត់ធ្ងន់​បែបនេះ ដោយ​បន្ថែមថា ការសម្រេចចិត្ត នឹង​ផ្អែកលើ​តួលេខ​ឆ្លង​ថ្មី​អំឡុង​ពេលនេះ​។ 
 
​គិត​ត្រឹម​ថ្ងៃទី ៥ ខែឧសភា ប្រទេស​ថៃ មាន​ករណី​ឆ្លង​COVID-19​សរុប​២៩៨៨​ករណី ខណៈ​អ្នក​ស្លាប់មាន​៥៤​នាក់​។ បើតាម​វេ​ប​សាយ worldometers អ្នកជំងឺ​ចំនួន​២៧៤៧​នាក់​បានជា​សះស្បើយ ខណៈ​អ្នកជំងឺ​ធ្ងន់ធ្ង​រ់​មាន​៦១​នាក់​៕ 

Tag:
 ថៃ​
  COVID-19
  គ្រឿង​ស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com