ជាតិ
ស្ថាប័នពាក់ព័ន្ធ រួមគ្នាអភិវឌ្ឍខេត្តកែប ឲ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងបង្កើនគុណភាពផលិតផលក្នុងស្រុក និងបង្កើតផលិតផលថ្មី ក្នុងខេត្តកែប ឲ្យកាន់តែមានគុណភាព ហើយរៀបចំផែនការមួយចំនួន ដើម្បីអភិវឌ្ឍខេត្តកែបឲ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចប្រកួតប្រជែងនៅក្នុងស្រុក និងក្រៅស្រុក។
ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៤ ខែឧសភា លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអភិបាលខេត្តកែប បានអះអាងរួមគ្នាថា ដើម្បីជំរុញឲ្យខេត្តកែប ប្រែជាតំបន់ទេសចរណ៍ធម្មជាតិ ក្រសួងទេសចរណ៍ នឹងគិតគូរជាមួយគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងរៀបចំដែនដី ក្រសួងបរិស្ថាន ក្រសួងប្រៃសណីយ៍ និង ក្រសួងកសិកម្ម ដោយមានការចូលរួមពីរដ្ឋបាលខេត្តផងដែរ។
ផែនការនេះ ផ្តោតលើការបង្កើនគុណភាពផលិតផលទេសចរណ៍ដែលមានស្រាប់ និងបង្កើតផលិតផលថ្មីៗ ដើម្បីទាក់ទាញឲ្យភ្ញៀវទេសចរ ឲ្យពន្យារការស្នាក់នៅរបស់ទេសចរ ក្នុងប្រទេសកម្ពុជាកាន់តែយូរ។ លើសពីនេះ ក្រសួងទេសចរណ៍ នឹងរៀបចំធនធានធម្មជាតិ និងគ្រប់គ្រងហានិភ័យលើផ្នែកបរិស្ថាន ផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាតដើម្បីធានាដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន និងអាចឲ្យភ្ញៀវទេសចរ ចងចាំតំបន់ទេសចរណ៍ខេត្តកែប។
ពីក្រសួងទេសចរណ៍
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ បានស្នើឲ្យអភិបាលខេត្តកែប បង្កើតក្រុមការងារជំនាញ គាំទ្រ និងចូលរួមក្នុងការសិក្សាស្រាវជ្រាវជាមួយក្រុមការងារអន្តរក្រសួង ដើម្បីឲ្យការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តនេះ សម្រេចបានសមភាព តម្លាភាព និងធានាបាននិរន្តរភាព។
ក្រៅពីអនុវត្តផែនការនេះ លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានស្នើឲ្យក្រសួងទេសចរណ៍ អភិវឌ្ឍឆ្នេរខ្សាច់ថ្មី (ចាប់ពីស្ថានីយចម្រោះទឹកកខ្វក់ រហូតដល់ព្រៃកោងកាង) ឆ្នេរខ្សាច់អង្កោល ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ បង្កើតកំពង់ផែទេសចរណ៍ខ្នាតតូចនៅកោះទន្សាយ និងរៀបចំកន្ត្រកខ្សែរ៉តសម្រាប់ឲ្យទេសចរជិះកម្សាន្តលេងផងដែរ។
បើតាមក្រសួងទេសចរណ៍ សេចក្តីព្រាងផែនការអភិវឌ្ឍទេសចរខេត្តកែបនេះ ត្រូវបានក្រុមការងារសិក្សារួចមកហើយ និងកំពុងប្រមូលទិន្នន័យ ដើម្បីបញ្ជូនទៅរាជរដ្ឋាភិបាលជាអ្នកសម្រេច។ ក្រោយការសម្រេចពីរាជរដ្ឋាភិបាល ក្រសួងនឹងចាប់ផ្តើមអភិវឌ្ឍខេត្តកែបចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥។
កន្លងមកក្រសួងទេសចរណ៍ ក៏បានកំណត់ដាក់ឈ្មោះវិថីដូហ្វីនដែលស្ថិតនៅក្នុងកែប សម្រាប់រៀបចំដាក់លក់ម្ហូបអាហារ (Food Street Standard) ផងដែរ៕
ពីក្រសួងទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com