COVID-19
ជាតិ
«អនាម័យដៃ គឺសង្គ្រោះជីវិត» ជាប្រធានបទនៃទិវាអនាម័យដៃ ក្នុងបរិបទជំងឺកូវីដ-១៩
× ភ្នំពេញ៖ ក្នុងទិវាអនាម័យដៃលើកទី១០ ក្រោមប្រធានបទ «អនាម័យដៃ គឺសង្គ្រោះជីវិត» នៅថ្ងៃទី៥ ខែឧសភានេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ពលរដ្ឋត្រូវរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការជំងឺកូវីដ-១៩។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កម្ពុជាតែងប្រារព្វទិវាអនាម័យដៃ នៅថ្ងៃទី៥ ខែឧសភា ប៉ុន្តែឆ្នាំនេះមិនបានប្រារព្វទិវានេះទេ ដោយសារអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ដោយរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។
«អនាម័យដៃ គឺសង្គ្រោះជីវិត» ជាវិធានការមួយ ដែលមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ពិភពលោក និងកម្ពុជាក្នុងការទប់ស្កាត់ និងការការពារនៃការចម្លងជំងឺកូវីដ-១៩ និងមេរោគនានា។ ក្រសួងសុខាភិបាល ក៏បានណែនាំឲ្យពលរដ្ឋ ត្រូវរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬ ជែលលាងដៃ ដើម្បីការពារការរាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៥ ខែឧសភានេះ កម្ពុជាមានអ្នកផ្ទុកកូវីដ-១៩ ចំនួន១២២នាក់ ក្នុងចំណោមនោះ មានអ្នកជាសះស្បើយចំនួន១២០នាក់ហើយ។ មកដល់បច្ចុប្បន្ន អ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកកើនជាង៣លាននាក់ ក្នុងនោះ មានអ្នកជាសះស្បើយជាង ១លាននាក់ និងស្លាប់ជាង ២សែននាក់៕
Tag:
ទិវាអនាម័យ
ក្រសួងសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com