COVID-19
អន្តរជាតិ
សិង្ហបុរីមាន COVID-19 លើស១៩០០០ករណី ដែលច្រើនជាងគេនៅអាស៊ាន
× សិង្ហបុរី បានរាយការណ៍ករណីឆ្លង COVID-19 ថ្មីចំនួន ៦៣២នាក់បន្ថែម នៅថ្ងៃទី៥ ខែឧសភា ដែលធ្វើឲ្យករណីឆ្លងសរុបក្នុងប្រទេសនេះឡើងរហូតដល់១៩ ៤១០ករណីហើយ។ សិង្ហបុរីជាប្រទេសរងគ្រោះខ្លាំងជាងគេដោយសារCOVID-19ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ភាគច្រើននៃករណីឆ្លងថ្មីនៅសិង្ហបុរី គឺជាពលករបរទេសដែលស្នាក់នៅអន្តេវាសិកដ្ឋាន។ ក្រសួងសុខាភិបាលសិង្ហបុរីលើកឡើងបែបនេះ ដោយបន្ថែមថា ត្រឹម៩ករណីប៉ុណ្ណោះគឺជាប្រជាជនសិង្ហបុរី និងអ្នកស្នាក់នៅអចិន្ត្រៃយ៍។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia ។
ទាក់ទិននឹងស្ថានភាព COVID-19 ក្នុងប្រទេសសិង្ហបុរី រដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរី Gan Kim Yong បានប្រាប់សភា នៅថ្ងៃទី៤ ខែឧសភាថា ក្រសួងកំពុងរៀបចំដាក់ចេញកត្ដាខ្លះដែលត្រូវការយកមកពិចារណា មុនពេលដកហូតការរឹតបន្ដឹង COVID-19 ។ បើតាមលោក កត្ដាមួយដ៏សំខាន់គឺ ករណីឆ្លងជាលក្ខណៈសហគមន៍បន្តធ្លាក់ចុះមកកាន់ខ្ទង់រាយ ឬសូន្យតែម្ដងក្នុងរយៈពេលសមរម្យណាមួយ។
លោក Gan បញ្ជាក់ទៀតថា សិង្ហបុរី ក៏ត្រូវការការធ្លាក់ចុះនៃតួលេខឆ្លងក្នុងចំណោមពលករបរទេសផងដែរ ដែលជាក្រុមឆ្លងធំបំផុតក្នុងប្រទេសនេះ។ យ៉ាងណាមិញ លោកកត់សម្គាល់ថា បញ្ហានេះនឹងត្រូវការពេលយូរទៀត។
មែនទែនទៅ បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែនទឹក រងគ្រោះខ្លាំងជាងគេដោយសារការរីករាលដាលជំងឺ COVID-19។ គិតត្រឹមថ្ងៃទី៥ ខែឧសភា ឥណ្ឌូណេស៊ី មានករណីឆ្លង COVID-19 សរុប ១១ ៥៨៧ករណី និងស្លាប់មាន៨៦៤នាក់។ ចំណែកហ្វីលីពីន មានករណីឆ្លងសរុប៩៤៨៥ករណី ខណៈអ្នកស្លាប់មាន៦២៣នាក់។ រីឯ ម៉ាឡេស៊ី មានករណីឆ្លងសរុប៦៣៥៣ករណី និងមានអ្នកស្លាប់១០៥នាក់។ នេះបើតាមវេបសាយ worldometers ដែលតាមដាន COVID-19 ទូទាំងពិភពលោក៕
Tag:
សិង្ហបុរី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com