COVID-19
ជាតិ
ថវិកា​៩​លាន​ដុល្លារ ពី​រដ្ឋមន្ត្រី និង​មន្ត្រីរាជការ​គ្រប់​ថ្នាក់ ត្រូវបាន​យកមក​ដោះស្រាយ​វិបត្តិ​កូ​វីដ​១៩
05, May 2020 , 11:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានទទួល​ប្រាក់​ជាង​៩​លាន​ដុល្លារ ពី​រដ្ឋមន្ត្រី និង​មន្ត្រី​រដ្ឋាភិបាល តាមរយៈ​ការ​កាត់​ប្រាក់បៀវត្សរ៍តាម​សទ្ធា ដល់​រដ្ឋាភិបាល សម្រាប់​យក​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​


 
​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ថវិកា​ជាង​៩,៣​លាន​ដុល្លារ​នេះ បាន​ប្រមូល​ពី​រដ្ឋមន្ត្រី និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ នៅតាម​ក្រសួង និង​ស្ថាប័ន ចំនួន​៤១ ។ ថវិកា​ទាំងនេះ កាត់​ចេញពី​ប្រាក់បៀវត្សរ៍ របស់​សា​ម៉ី​ជន ដោយ​រយៈពេល​ឧបត្ថម្ភ​ខុសគ្នា ចន្លោះ​ពី​១​ខែ ដល់​៧​ខែ​ឡើងទៅ​។​
 
​ក្រសួងសុខាភិបាល ក៏​ទទួលបាន​ថវិកា​ពី​សប្បុរសជន​ ជាង​១៤​លាន​ដុល្លារ​ (​ប្រើប្រាស់​អស់​ជាង​៧​លាន​ដុល្លារ​) ខណៈ​ដៃគូ​អភិវឌ្ឍន៍ ក្នុងនោះ​មាន​ធនាគារពិភពលោក ​ផ្ដល់​ថវិកា​២០​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នេះ​។ ថវិកា​របស់​ដៃគូ​អភិវឌ្ឍន៍ ត្រូវបាន​ក្រសួងសុខាភិបាល ​ប្រើប្រាស់​អស់​ជាង​៨​លាន​ដុល្លារ​ហើយ ក្នុង​ការទិញ​សម្ភារ​ពេទ្យ​។​
 
​រដ្ឋាភិបាល ក៏បាន​ត្រៀម​កញ្ចប់​ថវិកា​៣០​លាន​ដុល្លារ សម្រាប់​ប្រើប្រាស់​រយៈពេល​៦​ខែ និង​ថវិកា​៦០​លាន​ដុល្លារ សម្រាប់​រយៈពេល​១​ឆ្នាំ បើសិនជា​ជំងឺ​កូ​វីដ​-១៩ អូសបន្លាយ​រយៈពេល​វែង​។ គិត​ត្រឹម​ថ្ងៃទី​៤ ឧសភា  ក្រសួងសុខាភិបាល បានទទួល​ថវិកា​៨,៥​លាន​ដុល្លារ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​ប្រើប្រាស់​។ ក្រសួង​សេដ្ឋកិច្ច ក៏បាន​ទម្លាក់​ប្រាក់​ជិត​៣​លាន​ដុល្លារ សម្រាប់​ឧបត្ថម្ភ ​ដល់​លោកគ្រូ​-​អ្នកគ្រូ​ពេទ្យ​ជួរមុខ ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​នេះដែរ​។ គ្រូពេទ្យ​ទាំងនោះ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ ៥០​ដុល្លារ​ក្នង​មួយថ្ងៃ លើ​ប្រាក់បៀវត្សរ៍​មូលដ្ឋាន​។​
 
«​មកដល់ពេលនេះ យើង​បានធ្វើ​បុ​រេ​ប្ប​ទាន ​ជូន​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រុង​ទាំងអស់ ក៏ដូចជា​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង ក៏ដូចជា​មន្ទីរពេទ្យ​មិត្តភាពខ្មែរ​-​សូ​វៀត និង​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត ដែលមាន​មន្ត្រី​យើង​ជួរមុខ ប្រយុទ្ធប្រឆាំង​កូ​វីដ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​។​
 
​គិត​ត្រឹម​ថ្ងៃទី​៥ មេសា​នេះ កម្ពុជា​នៅសល់តែ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​២​នាក់​ប៉ុណ្ណោះ ខណៈ​អ្នកជា​សះស្បើយ​១១៩​នាក់​។ ដ្បិត​កម្ពុជា គ្មាន​ករណី​ឆ្លង​ថ្មី​ជាង​២០​ថ្ងៃ​ក្តី ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា ​ត្រូវ​ស្ថិតនៅក្នុង​សភាព​ប្រុងប្រយ័ត្ន​ជានិច្ច​។ នេះ​ជាការ​ដាស់តឿន ​របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​៕

Tag:
 COVID-19
  មន្ត្រីរាជការ​
© រក្សាសិទ្ធិដោយ thmeythmey.com