កីឡាអន្តរជាតិ
អន្តរជាតិ
ផែនការ​របស់​រជ្ជទាយាទ Salman ដើម្បី​ទិញយក Newcastle ទំនង​មិន​ដូច​ម្ចាស់ Man City ឡើយ​
06, May 2020 , 12:29 am        
រូបភាព
​ការដេញថ្លៃ​របស់​មូល​និ​ធិ​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​ ដែល​គាំទ្រ​ដោយ​ព្រះអង្គម្ចាស់ Mohammed Bin Salman ដើម្បី​ក្រសោប​យក​ក្លិប Newcastle United ត្រូវ​មើលឃើញថា កំពុង​ខិតជិត​ដល់​ជោគជ័យ​ហើយ​។ ប៉ុន្តែ​ទោះ​អាច​កាន់កាប់​បាន ម្ចាស់​ថ្មី​ទំនងជា​មិនអាច​ផ្លាស់ប្តូរ​វាសនា​ក្លិប ​នៅ Premier League មួយ​នេះ​ ឲ្យ​ទៅជា​ក្រុម​ដែល​ពោរ​ពេញ​ដោយ​ថាមពល​ នាពេលខាងមុខ​ដ៏​ខ្លី​នោះទេ​។​


 
​លទ្ធភាព​នៃ​ការដេញថ្លៃ ​របស់​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ នឹង​រជ្ជទាយាទ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ​បាន​កើន​ឡើងដល់​ចំណុចកំពូល​យ៉ាង​ឆាប់រហ័ស និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ Newcastle មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ យ៉ាងណាមិញ គេ​ជឿជាក់ថា ការវិនិយោគ​ប្រហែលជា​មិនមាន​ឥទ្ធិពល​ដូច​ក្រុម Manchester City ដែលមាន​ម្ចាស់​ជា​សេដ្ឋី​មកពី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នោះទេ​។​
 
​អ្នកជំនួញ​ល្បីឈ្មោះ​របស់​អង់គ្លេស​អ្នកស្រី Amanda staveley ដោយមាន​ការវិនិយោគ ៨០ ភាគរយ​ ពី​មូលនិធិ​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត ​និង​ការចូលរួម​១០​ភាគរយ ​ពី​បងប្អូន​មហាសេដ្ឋី David និង Simon Reuben បានធ្វើ​សំណើ​ដេញថ្លៃ ​ចំនួន ៣០០​លាន​ផោន (៣៧៥ លាន​ដុល្លារ​អាមេរិក​) ដើម្បី​ទិញ​ក្លិប​រហស្សនាម​សារិកា​ព្រៃ​ ពី​ពាណិជ្ជករ​អង់គ្លេស​ លោក Mike Ashley​។​
 
​អ្នកស្រី Staveley ក៏​ជា​បុគ្គល​សំខាន់​ម្នាក់ ​ដែល​ជួយ​សម្របសម្រួល​ឲ្យ​មានការ​ទិញយក​ក្លិប Manchester City របស់​ព្រះ​ចៅ​ស៊ុ​លត​ង់ Sheik Mansour នៃ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​កាលពី​ឆ្នាំ​២០០៨​។​
 
​យ៉ាងណាក៏ដោយ សំណើ​នេះ ​ប្រឈម​នឹង​ឧបសគ្គ​មួយចំនួន​ នៃ​ភាពជា​កម្មសិទ្ធិ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត លើ​ក្លិប​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ ខណៈ​ក្រុម​សិទ្ធិមនុស្ស​ កំពុង​ថ្កោលទោស​។ នេះ​ក៏ដោយ​សារ​ទ្រង់ Salman មាន​ជាប់​ពាក់ព័ន្ធ ​លើ​ការបញ្ជា​ឲ្យ​សម្លាប់​អ្នកសារព័ត៌មាន Jamal Khashoggi ក្នុង​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត នាទី​ក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី និង​ការឃុំខ្លួន​សកម្មជន​សិទ្ធិ​ស្ត្រី​មួយចំនួន​ផង​។ 
 
​ទោះជា​យ៉ាងណា​នេះ​ក្តី អ្នកគាំទ្រ​ក្រុម Newcastle ភាគច្រើន​មានការ​រំភើបចិត្ត ​ចំពោះ​ការរំពឹងទុក​ នៃ​ការវិនិយោគ​ដ៏​ធំ​នៅក្នុង​ក្រុម​របស់​ពួកគេ ខណៈដែល​ក្រុម​ខ្លួន ​មិនបាន​បង្ហាញខ្លួន​ក្នុង​ក្របខណ្ឌ Champions League ចាប់តាំងពី​ឆ្នាំ​២០០៤ និង​អាក់ខាន​ឈ្នះ​ពាន​លី​គ​កំពូល​អង់គ្លេស​ ចាប់តាំងពី​ឆ្នាំ​១៩២៧ មក​នោះ​។ ប៉ុន្តែ​ការគិត​របស់​ក្រុម​អ្នកគាំទ្រ​នេះ អាច​ក្លាយជា​ការពិត​ដូច​ក្រុម​អ្នកគាំទ្រ Manchester City ឬក៏​អត់​នោះទេ​។​
 
​ក្រុម​អ្នក​រិះគន់​ បាន​ចោទ​អារ៉ាប៊ីសាអ៊ូឌីត​ថា ការចង់បាន​ក្លិប Newcastle គឺជា​ការ​ព្យាម​យាម​ប្រើប្រាស់​កីឡា​ ដើម្បី​ជា​មធ្យោបាយ​បង្វែរ​ស្ថាន​កា​រណ៍ លើ​កំណត់ត្រា​រំលោភបំពាន​សិទ្ធិមនុស្ស​របស់​ពួកគេ​ប៉ុណ្ណោះ ពោលគឺ​មិនមែន​ដើម្បី​ឲ្យ​ក្លិប​មួយ​នេះ ​ល្បីល្បាញ​ឡើយ​៕

Tag:
 Newcastle United
  Mohammed Bin Salman
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com