ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី៖ លោក កឹម សុខា មិនដែលរឹងត្អឹងទេ គឺទន់ភ្លន់ជានិច្ច
05, May 2020 , 8:30 pm        
រូបភាព
មិនត្រឹមតែផ្ញើសារចូលរួមរំលែកទុក្ខ ជាមួយសម្តេចនាយករដ្ឋមន្រ្តី និងសម្តេច ប៊ុន រ៉ានី នោះទេ តែលោក កឹម សុខា ថែមទាំងដឹកនាំប្រតិភូ ទៅដល់ផ្ទះសម្តេចទាំងពីរ នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ ដើម្បីគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ប៊ុន ស៊ាងលី។ សាធារណជន កំពុងចាប់អារម្មណ៍ចំពោះរូបភាព ដែលលោក កឹម សុខា និង សម្តេចនាយករដ្ឋមន្រ្តី បង្ហាញភាពរាក់ទាក់ដាក់គ្នា។



ក្នុងកិច្ចសម្ភាសជាមួយប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅយប់ថ្ងៃទី៥ ខែឧសភា លោក ផាន់ ច័ន្ទសាក់ មេធាវីម្នាក់របស់លោក កឹម សុខា លើកឡើងពីឥរិយាបថរបស់លោក កឹម សុខា យ៉ាងដូច្នេះថា៖«[វា] ជាជំហានមួយនៃការផ្សះផ្សារជាតិ ជាកាយវិការមួយ ដែលឯកឧត្តម កឹម សុខា មានជាប់ជានិច្ច។ តាំងពីគាត់ ប្រឡូកក្នុងនយោបាយ២០ឆ្នាំមក គឺ គាត់ អត់ដែលប្រកាន់នយោបាយរឹងត្អឹងទេ គាត់ [ប្រកាន់] នយោបាយទន់ភ្លន់ជានិច្ច»។

អត្ថបទទាក់ទង


លោកមេធាវី បន្តថា ជាគោលការណ៍ និងជាជំហររបស់លោក កឹម សុខា គឺលោក មិនយកខ្មែរណា ធ្វើជាសត្រូវឡើយ ហើយលោក តែងប្រកាន់យកនយោបាយអហិង្សា។ មេធាវីរូបនេះ បញ្ជាក់ថា៖«....ដូច្នេះ វាជាបាវចនានៃនយោបាយរបស់គាត់ទៅហើយ វា អត់មានអីប្លែកទេ...»។

Fresh News ផ្សាយថា បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធឧបាសិកា ប៊ុន ស៊ាងលី រួចហើយ លោក កឹម សុខា និង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំណាយពេលពិភាក្សាគ្នា ដល់ទៅជិត៥០នាទី។ ដោយសារតែពុំបានទៅចូលរួម លោកមេធាវី ផាន់ ច័ន្ទសាក់ មិនអាចអធិប្បាយឡើយថា សម្តេចនាយករដ្ឋមន្រ្តី និង លោក កឹម សុខា ពិភាក្សាគ្នាពីរឿងអ្វីខ្លះ។

គេឃើញអ្នកស្រី ម៉េង សុភារី និង លោក ចាន់ ចេន ដែលជាមេធាវីរបស់លោក កឹម សុខា ដែរនោះ រួមទាំងលោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្ត និងជាមនុស្សស្និទ្ធនឹងលោក កឹម សុខា គឺបានទៅជាមួយលោក កឹម សុខា។ តែសារព័ត៌មានថ្មីៗ មិនអាចសុំការអត្ថាធិប្បាយពីពួកគាត់បានឡើយ ដោយសារហៅទូរស័ព្ទមិនចូល។



ឧបាសិកា ប៊ុន ស៊ាងលី ដែលជាម្តាយបង្កើតរបស់សម្តេច ប៊ុន រ៉ានី និងត្រូវជាម្តាយក្មេករបស់សម្តេច ហ៊ុន សែន បានទទួលមរណភាព ក្នុងព្រះជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅម៉ោង២និង១២នាទី ទៀបភ្លឺ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០៕

Tag:
 ហ៊ុន សែន​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com