ជាតិ
អ្នក​រើស​ផ្លែ​សំរង អាច​រកបាន​ចំណូល​ពី​២​ទៅ​៨​លាន​រៀល​ក្នុង​មួយ​រដូវ​
06, May 2020 , 9:19 am        
រូបភាព
​ភ្នំពេញ​៖ ចន្លោះ​ខែកុម្ភៈ និង​ខែមេសា​ជា​រដូវ​ប្រមូល​ផ្លែ​សំរង ដែល​ដុះ​នៅ​ព្រៃ​ជ្រៅ​នៅ​ភាគ​ឦសាន ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​មួយផ្នែក​នៃ​ខេត្តកោះកុង​។ អ្នក​ដែល​ចូលទៅ​រើស​ផ្លែ​សំរង​ទុំ ភាគ​ច្រើនជាង​បងប្អូន​ជនជាតិដើម​ភាគតិច​។ ក្នុង​មួយ​រដូវៗ គ្រួសារ​ជនជាតិដើម​ភាគតិច​ទាំងនោះ​អាច​រកចំណូលបាន​ពី​២ ទៅ​៨​លាន​រៀល​។ លោក ឡៃ សា​ម៉ៃ ជនជាតិដើម​ភាគតិច​កា​វ៉ែត និង​ជា​អ្នក​រើស​ផ្លែ​សំរង​នេះ​ជាង​១៥​ឆ្នាំ​ហើយ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​។​


 
​លោក សា​ម៉ៃ ដែលជា​អ្នកស្រុក​វើ​ន​សៃ ខេត្ត​រន​ត​គិរី បាន​អះអាង​បន្តថា​នៅ​ឆ្នាំនេះ គ្រួសារ​លោក ដែលមាន​បងប្អូន​ឪពុកម្ដាយ​សរុប​៥​នាក់ រើស​បាន​ផ្លែ​សំរង ៥៤៦​គីឡូក្រាម និង​លក់​ឲ្យ​ឈ្មួញកណ្ដាល​ក្នុងតម្លៃ ១៦,០០០ ទៅ​១៨០០០​រៀល​។  លោក ឡៃ សា​ម៉ៃ រៀបរាប់​បន្ត​៖«​ពេល​ទៅ​ព្រៃ​រើស​សំរង ពួក​ខ្ញុំ​ទៅជា​គ្រួសារ ជួន​ទៅ​២ ឬ​៣​គ្រួសារ ដែលមាន​ផ្ទះ​ជិតៗ​គ្នា​។ ចូល​ព្រៃ​ម្ដង​១ ទៅ​២​អាទិត្យ​អី ហើយ​ដាក់​ម្ហូបអាហារ​ទៅ​ហូប​នៅ​ហ្នឹង​។ ពេល​ទៅ​ជិះ​ម៉ូតូ​ទៅមួយថ្ងៃ បាន​ដល់​ព្រៃ​សំរង កន្លែង​ខ្លះ ត្រូវ​ដើរ​បន្ត​បន្ថែម​មួយថ្ងៃ​ទៀត​បាន​ដល់​។ តំបន់​ដើម​សំរង​ក្នុង​ឃុំ​ខ្ញុំ មានការ​យាមល្បាត​ពី​ម​ន្រី្ត​ភូមិ​ឃុំ មិនឱ្យ​មាន​នរណា​កាប់​ដើមឡើយ ទើប​សល់​ដើម​សំរង​ច្រើន​»​។ 
 
​ដើម​សំរង មាន​រាង​ស្រ​លូន មិនសូវមាន​មែក​បែក និង​កម្ពស់​ពី​១០ ទៅ​២៥​ម៉ែត្រ​។ ប្រភេទ​ឈើ​ហូប​ផ្លែ​នេះ ហុច​ផល​ចាប់ពី​អាយុ​១០ ឆ្នាំ​ឡើងទៅ​។ សំរង​មួយ​ដើម អាច​ផ្តល់​ផល​បាន​ពី​១០ ទៅ​៥០​គីឡូក្រាម អាស្រ័យ​ដើម​តូច​ឬ​ធំ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ឡៃ សា​ម៉ៃ​។ 
 
 ផ្លែ​សំរង​ទុំ អាច​យកមក​ធ្វើជា​ភេសជ្ជៈ បង្អែម ដែល​អាចជួយ​ដល់​សុខភាព​(​ត្រជាក់​ក្នុង​)​។ បើតាម លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដើមឡើយ​ផ្លែ​នេះ មាន​តម្រូវការ​តែ​ក្នុង​សហគមន៍​ប៉ុណ្ណោះ តែដោយសារ​វា​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព ប្រជាជន​តាម​សហគមន៍ ក៏​ផ្តើម​ប្រមូល​ផល និង​ចែកចាយ​សំរង ទៅ​តំបន់​ផ្សេងៗ​នៅ​ទូទាំងប្រទេស និង​ទៅ​ប្រទេសជិតខាង​ទៀតផង​។ ទីផ្សារ​សំរង មានតម្លៃ​ពី​៣០,០០០ ទៅ​៣៥,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ តម្លៃ​ខ្ពស់ និង​តម្រូវការ​ច្រើន​នេះហើយ​បានធ្វើ​ពលរដ្ឋ​ខ្លះ រលំ​ដើម​សំរង ដើម្បី​ប្រមូល​ផល​ឱ្យបាន​ច្រើន ដោយ​ភ្លេច​គិតពី​និរន្តរភាព​។ នេះ​ជាការ​មើលឃើញ​របស់ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន មុននឹង​បន្ត​ដូច្នេះ​៖«​ប្រសិនជា​ប្រជាពលរដ្ឋ នៅតែ​បន្ត​វិធីសាស្ត្រ​ប្រមូល​ផល​គ្រាប់​សំរង តាមរយៈ​ការ​ផ្ដួល​រលំ​ដើម នោះ​មាន​នឹង​ប្រឈមមុខ​នឹង​ការ​អន្តរាយ និង​ការបាត់បង់​ពូជ ដោយសារតែ​ការកាប់បំផ្លាញ រើសយក​តែម្ដង ដើម្បី​ផលប្រយោជន៍​តែមួយ​ថ្ងៃ ប៉ុន្តែ​យើង​សម្លាប់​ដើម​ទាំងមូល ដែល​ត្រូវការ​ចំណាយពេល​រាប់​ឆ្នាំ ដើម្បី​ដុះ​រីក​ធំធាត់​។ នេះហើយ​ជា​បញ្ហា​ប្រឈម ជាមួយនឹង​ហានិភ័យ​នៃ​ការថយចុះ​ចំនួន​ដើម ឬ​ការបាត់បង់​នូវ​ប្រភព​ចំណូល​»​។​
 
​ដ្បិត​មិនទាន់មាន​តួលេខ​ដើម​សំរង​នៅ​កម្ពុជា តែ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន អំពាវនាវ​ឲ្យ​ពលរដ្ឋ ចូលរួម​ការពារ​ដើម​សំរង និង​ប្រមូល​ផល​តាមបែប​ធម្មជាតិ​ដែលមាន​និរន្តរភាព ដោយ​រើស​ផ្លែ​ទុំ​ជ្រុះ ឬ​អង្រួន​។ ក្រៅពី​សំរង ដែល​អាច​ផ្ដល់​ចំណូល​មធ្យម​៤​លាន​រៀល ក្នុង​មួយ​គ្រួសារ ក្នុង​មួយ​រដូវ​កាល​ប្រមូល​ផល ក៏​នៅមាន​រុក្ខជាតិ និង​បន្លែ ផ្លែឈើ​ផ្សេងទៀត ដែល​តែងតែ​ផ្តល់​ផល និង​ចំណូល​ដល់​ប្រជា​សហគមន៍​ដែរ​៕
 
 
 

Tag:
 សំរង​
© រក្សាសិទ្ធិដោយ thmeythmey.com