COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona តម្រូវ​ឲ្យ​កីឡាករ​ធ្វើតេស្ត​រក COVID-19 មុន​ចូល​ហ្វឹកហាត់​ឡើងវិញ​
06, May 2020 , 10:44 am        
រូបភាព
​កីឡាករ​របស់​ក្រុម Barcelona ទាំងអស់ ​នឹងត្រូវ​ធ្វើតេស្ត​រក​ជំងឺ COVID-19 នៅឯ​កន្លែង​ហ្វឹកហាត់​របស់​ក្លិប​ផ្ទាល់​ នៅ​ថ្ងៃទី​៦ ខែឧសភា​នេះ មុនពេល​ពួកគេ​ចូល​ហ្វឹកហាត់​ជាថ្មី ក្រោយ​ផ្អាក​មួយរយៈ​។​


 
​ក្រុម​នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​អេ​ស្ប៉ា​ញ La Liga បានផ្តល់​ការអនុញ្ញាត​ឲ្យ​ត្រឡប់​ចូល​ហ្វឹកហាត់​វិញ​នៅ​សប្តាហ៍​នេះ ​បន្ទាប់ពី​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​មួយចំនួន ​ពី​សំណាក់​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​។​
 
​បន្ទាប់ពី​ការអនុញ្ញាត​នេះ ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​ បានធ្វើ​ឲ្យ​មាន​ភាពប្រាកដប្រជា​លើ​សុខភាព​របស់​កីឡាករ គ្រូបង្វឹក និង​បុគ្គលិក​របស់ខ្លួន ដោយ​តម្រូវ​ឲ្យ​ពួកគេ​ធ្វើតេស្ត​ រក COVID-19 ជាមុន និង​ត្រួតពិនិត្យ​ទីតាំង​នានា​នៅឯ​កន្លែង​ហ្វឹកហាត់​។​
 
​អ្នករៀបចំ​ការប្រកួត​ក្របខណ្ឌ La Liga មានបំណង​ចាប់ផ្តើម​លី​គ​ឡើងវិញ​ នៅ​ខែមិថុនា​ខាងមុខនេះ បន្ទាប់ពី​ផ្អាក​ដោយ​គ្មាន​កំណត់​កាលពី​នៅ​ខែមីនា ដោយសារ​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ កីឡាករ​ទាំងអស់ ដែល​មកពី​លី​គ​កំពូល និង​ទី​ពីរ​ត្រូវ​ធ្វើតេស្ត​ មុនពេល​ពួកគេ​ត្រឡប់​ទៅ​កន្លែង​ហ្វឹកហាត់​វិញ ដោយមាន​ការផ្ទៀងផ្ទាត់​អាការ​ជាមួយ​អាជ្ញាធរ​កីឡា និង​សុខភាព​អេ​ស្ប៉ា​ញ ដែល​ធានា​សុវត្ថិភាព​ដល់​កីឡាករ និង​បុគ្គលិក​។​
 
​សេចក្តីប្រកាស​របស់ La Liga សរសេរថា វិធានការណ៍​ខាងលើ ​ត្រូវអនុវត្ត​រយៈពេល​ប្រមាណ ៤ សប្តាហ៍​ដោយមាន​ដំណាក់កាល​ខុសៗ​គ្នា ហើយ​អ្វីៗ​អាច​នឹង​ប្រែប្រួល​តាម​ស្ថានភាព​ជាក់ស្តែង​ ទៅតាម​ការសម្រេច​របស់​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​។​
 
​មុនពេល​ផ្អាក​លី​គ Barcelona ជា​ក្រុម​ឈរ​កំពូល​តារាង​ ដោយ​រកបាន​៥៨​ពិន្ទុ នាំមុខ​គូប្រជែង Real Madrid ដែល​នៅ​លេខ​ពីរ​ចំនួន​២​ពិន្ទុ ក្រោយ​ឆ្លងកាត់​ការប្រកួត​២៧​លើក​រៀងខ្លួន​។ La Liga រដូវ​កាល​នេះ ​នៅសល់​១១​ប្រកួត​ទៀត​ នឹងត្រូវ​បញ្ចប់​លី​គ​ដោយ​ជោគជ័យ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៦ ខែឧសភា​នេះ អេ​ស្ប៉ា​ញ​នៅតែ​រក្សា​ចំនួន​អ្នក​ឆ្លង COVID-19 លើសគេ​សម្រាប់​ប្រទេស​នៅ​តំបន់​អឺរ៉ុប ​ក្នុង​ចំនួន​ជាង​២៥​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់​ជាង​២៥ ០០០​នាក់ និង​សះស្បើយ​ជាង​១៥៤ ៧០០​នាក់​៕

Tag:
 Barcelona
  COVID-19
  La Liga
© រក្សាសិទ្ធិដោយ thmeythmey.com