COVID-19
អន្តរជាតិ
អង់គ្លេស មាន​អ្នកស្លាប់​ដោយសារ COVID-19 ច្រើនជាងគេ​នៅ​អឺរ៉ុប​និង​ទី​ពី​រលើ​ពិភពលោក​
06, May 2020 , 11:09 am        
រូបភាព
ប្រជាជនពាក់ម៉ាស់នៅក្នុងទីក្រុងឡុងដ៍។ រូបភាព៖ AP
ប្រជាជនពាក់ម៉ាស់នៅក្នុងទីក្រុងឡុងដ៍។ រូបភាព៖ AP
​គិត​មក​ត្រឹម​ថ្ងៃទី​៥ ខែឧសភា អង់គ្លេស ត្រូវបាន​គេ​រាយការណ៍​ថា​មាន​អ្នកស្លាប់ ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ច្រើនជាងគេ​នៅ​តំបន់​អឺរ៉ុប ពោលគឺ​កើន​លើស​អ៊ីតាលី​ទៅទៀត​។ អង់គ្លេស ក្លាយជា​ប្រទេស​លំដាប់​ទី​២ បន្ទាប់ពី​អាមេរិក ដែលមាន​អ្នកស្លាប់​ច្រើនជាងគេ​នៅលើ​ពិភពលោក​ដែរ​។


 
​តាមរយៈ​ការចេញផ្សាយ​តួលេខ​អ្នក​ឆ្លង និង​អ្នកស្លាប់​ប្រចាំថ្ងៃ​របស់​ការិយាល័យ​ស្ថិតិ​ជាតិ (ONS) នា​ថ្ងៃទី​៥ ខែឧសភា អង់គ្លេស មានការ​ឆ្លង​ថ្មី​រហូតដល់ ៤៤០៦​នាក់ និង​អ្នកស្លាប់​ចំនួន ៦៩៣​នាក់ ដោយសារ COVID-19​។ តួលេខ​សរុប​នៃ​អ្នក​ឆ្លង​កូ​រ៉ូ​ណា​វីរុស​របស់​អង់គ្លេស បាន​កើន​ដល់​ចំនួន​ជាង ១៩​ម៉ឺន​នាក់ ខណៈ​អ្នកស្លាប់​បាន​កើន​ដល់ ២៩៤២៧​។ 
 
​ជាមួយ​តួលេខ​ការកើនឡើង​នៃ​ចំនួន​អ្នកស្លាប់​នៅក្នុង​ថ្ងៃទី​៥ ខែឧសភា អង់គ្លេស​ក្លាយជា​ប្រទេស​មាន​អ្នកស្លាប់​ដោយសារ COVID-19 ច្រើនជាងគេ​បំផុត​នៅក្នុង​តំបន់​អឺរ៉ុប ខណៈ​អ៊ីតាលី ដែល​ធ្លាប់​ឈរ​នៅ​លំដាប់​ទី​១ បាន​ធ្លា​ក់មក​ទី​ពីរ​វិញ ដោយ​ចំនួន​អ្នកស្លាប់​សរុប​របស់​អ៊ីតាលី មាន​ចំនួន ២៩៣១៥​ករណី​។ លើសពីនេះ អង់គ្លេស​ក៏បាន​ក្លាយជា​ប្រទេស​ឈរ​នៅ​លំដាប់​ទី​ពីរ ដែលមាន​ចំនួន​អ្នកស្លាប់​ច្រើនជាងគេ​នៅលើ​ពិភពលោក បន្ទាប់ពី​អាមេរិក​ផងដែរ​។ 
 
​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​ដ៏​ច្រើន​បែបនេះ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក Dominic Raab បាន​លើកឡើងថា អង់គ្លេស បានចេញ​ផ្សាយ​តួលេខ​អ្នកស្លាប់​ទាំងអស់ ហើយ​មិន​ប្រាកដថា​ប្រទេស​ទាំងអស់ អាចធ្វើ​បាន​ដូច​អង់គ្លេស​ឡើយ​។ ដោយមាន​តួលេខ​ស្លាប់​បែបនេះ លោក​រដ្ឋមន្ត្រី​បាន​ហៅ​ស្ថានភាព​នៅ​អង់គ្លេស​ថា​ជា «​សោកនាដកម្ម​ដ៏​ធំ​» ដែល​មិន​ធ្លាប់​ដែល​ឃើញ​មាន​ពីមុនមក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​សូមបញ្ជាក់ថា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ អង់គ្លេស នឹង​បញ្ចេញ​គម្រោង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ប្រទេស បន្ទាប់ពី​បិទ​ប្រទេស​តាំងពី​ចុងខែ​មីនា​កន្លងមក​។ តាមរយៈ​វិធានការ​រឹតត្បិត​នេះ ហាង​លក់ទំនិញ សហគ្រាស បារ តៀមស្រា សាលារៀន​ត្រូវ​បិទ​ទាំងអស់ ចំណែក​ប្រជាជន​ក៏ត្រូវ​សំងំ​នៅតែ​ក្នុងផ្ទះ​ដែរ​៕   

Tag:
 អង់គ្លេស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com