COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ សារភាពថា បើក​សេដ្ឋកិច្ច​អាមេរិក​ឡើងវិញ​នឹងធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​បន្ថែម​
06, May 2020 , 3:14 pm        
រូបភាព
លោក ដូណាល់ ត្រាំ អំឡុងទស្សនកិច្ចក្នុងរោងចក្រផលិតម៉ាស់ ថ្ងៃទី៥ ខែឧសភា (AFP)
លោក ដូណាល់ ត្រាំ អំឡុងទស្សនកិច្ចក្នុងរោងចក្រផលិតម៉ាស់ ថ្ងៃទី៥ ខែឧសភា (AFP)
ដោយ:
 ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​ដោយ​ឥត​លាក់លៀម​ថា ប្រជាជន​អាមេរិក​ច្រើន​ថែមទៀត នឹង​បាត់​បង់ជីវិត ក្រោយ​សហរដ្ឋអាមេរិក​សម្រេច​បើក​សេដ្ឋកិច្ច​ឡើងវិញ​។ ប៉ុន្តែ​មេដឹកនាំ​រូបនេះ ចចេស​មើលស្រាល​គំរាមកំហែង​នៃ​ជំងឺ COVID-19 ដោយ​បដិសេធ​ពាក់​ម៉ាស់​ការពារ ទោះបីជា​លោក​បានធ្វើ​ទស្សនកិច្ច​ នៅ​រោងចក្រ​ផលិត​ម៉ាស់​ក៏ដោយ​ក្តី​។​

 
​ឆ្លើយ​នឹង​សំណួរ​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​៥ ខែឧសភា លោក ដូ​ណា​ល់ ត្រាំ ទទួលស្គាល់ថា ការដកហូត​ចំណាត់ការ​គម្លាត​សុវត្ថិភាព និង​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ នឹង​បង្ក​ឲ្យ​មាន​ករណី​ស្លាប់​ដោយសារ​COVID-19​កើនឡើង​ខ្ពស់​។ លោក​និយាយ​ដូច្នេះ​ថា​៖«​វា​អាចទៅរួច​។ វា​នឹងមាន​ខ្លះ ព្រោះតែ​អ្នកនឹង​លែង​ត្រូវបាន​ចាក់សោ​ទុក​ក្នុងផ្ទះ ឬ​អា​ផាត​មិន បន្តទៀត​»​។ 
 
​លោក ត្រាំ លើកឡើង​បែបនេះ ​អំឡុង​ទស្សនកិច្ច​លើកដំបូង​នៅ​រោងចក្រ​ផលិត​ម៉ាស់​មួយកន្លែង​ ក្នុង​រដ្ឋ Arizona ចាប់តាំងពី​ការបិទ​ប្រទេស COVID-19 បានចាប់ផ្ដើម​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​ទទួលស្គាល់ថា ប្រជាជន​អាមេរិក​ខ្លះ នឹងរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ក៏ប៉ុន្តែ​ការបើក​ប្រទេស​ឡើងវិញ គឺជា​រឿង​ចាំបាច់​។ 
 
​បុគ្គលិក​នៃ​រោងចក្រ​នេះ​ម្នាក់ៗ សុទ្ធតែ​ពាក់​ម៉ាស់​ការពារ ដោយ​អនុវត្តតាម​អនុសាសន៍​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​វិន័យ​ក្រុមហ៊ុន​ពួកគេ ដែល​បានដាក់​ស្លាក​បិទ​លើ​បង្ហាញ​យ៉ាងច្បាស់​ថា «​សូម​ពាក់​ម៉ាស់​គ្រប់ពេល​​»​។ យ៉ាងណាមិញ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មន្ត្រី​ហែហម ពុំ​ត្រូវ​មើលឃើញ​ពាក់​ម៉ាស់​ការពារ​ឡើយ អំឡុង​ទស្សនកិច្ច​ក្នុង​រោងចក្រ​ផលិត​ម៉ាស់​នេះ​។​
 
​ទង្វើ​លោក ត្រាំ នៅ​រដ្ឋ Arizona នេះ កើតឡើង​ក្រោយពី​អនុ​ប្រធានាធិបតី​លោក គឺ​លោក ម៉ៃ ផេ​ន រង​ការរិះគន់​កាលពី​សប្តាហ៍​មុន ដោយ​លោក​ពុំបាន​ពាក់​ម៉ាស់ ​អំឡុង​ទស្សនកិច្ច​ក្នុង​មន្ទីរពេទ្យ​មួយកន្លែង ​ក្នុង​រដ្ឋ Minnesota ។ ក្រោយមក លោក ផេ​ន បាន​ចេញមុខ​សារភាព​កំហុស​ជា​សាធារណៈ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៦ ខែឧសភា សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង​សរុប​១,២៣​លាន​ករណី ខណៈ​អ្នក​ស្លាប់មាន​៧២ ២៧១​នាក់​។ បើតាម​វេ​ប​សាយ worldometers អ្នកជំងឺ​ដែលជា​សះស្បើយ​មាន​សរុប​២០​ម៉ឺន​នាក់ ខណៈ​អ្នកជំងឺ​ធ្ងន់ធ្ងរ​មាន​១៦ ១៧៩​នាក់​៕ 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់​ត្រាំ​
  COVID-19
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com