អន្តរជាតិ
រដ្ឋាភិបាល​ហ្វីលីពីន​បញ្ជា​ឲ្យ​បណ្តាញ​ទូរទស្សន៍​ព័ត៌មាន​ដ៏​ធំ​មួយ​បញ្ឈប់​កិច្ចប្រតិបត្តិការ​
06, May 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ អ្នកតវ៉ាលើកបដា និងដុតទៀតអំឡុងពេលបាតុកម្មទាមទារសេរីភាពសារព័ត៌មានមួយនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន​ កាលពីថ្ងៃទី១០ ខែកុ​ម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកតវ៉ាលើកបដា និងដុតទៀតអំឡុងពេលបាតុកម្មទាមទារសេរីភាពសារព័ត៌មានមួយនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន​ កាលពីថ្ងៃទី១០ ខែកុ​ម្ភៈ ឆ្នាំ២០២០។
ដោយ: VOA
​រដ្ឋាភិបាល​ហ្វីលីពីន​បាន​បញ្ជា​ឲ្យ​បណ្តាញ​ទូរទស្សន៍​នាំមុខ​មួយ​បញ្ឈប់​កិច្ចប្រតិបត្តិការ ដែល​បាន​នាំ​ឲ្យ​មានការ​ចោទប្រកាន់ថា ចំណាត់ការ​នេះ​ជាការ​វាយប្រហារ​លើ​បណ្តា​ញ​ព័ត៌មាន​ឯករាជ្យ​។​

 
​គណៈកម្មការ​ទូរគមនាគមន៍​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទូរទស្សន៍ ABC-CBN Corp. ដែលជា​រឿយៗ បាន​រិះគន់​ប្រធានាធិបតី Rodrigo Duterte បញ្ឈប់​កិច្ចប្រតិបត្តិការ ពី​ព្រោះតែ​អាជ្ញាប័ណ្ណ​ដែលមាន​អាយុកាល​២៥​ឆ្នាំ​នោះ បាន​ផុតកំណត់​កាលពី​ថ្ងៃទី​៤ ខែឧសភា​។​
 
​បទបញ្ជា​នេះ​បានកើត​មាននៅ​ពេលដែល​ហ្វីលីពីន ធ្វើការ​ដើម្បី​រាំងខ្ទប់​ការ​រាតត្បាត​នៃ​មេរោគ​កូ​រ៉ូ​ណា ហើយ​ប្រជាពលរដ្ឋ​ពឹងផ្អែក​កាន់តែខ្លាំង​ឡើងលើ​អង្គការ​ព័ត៌មាន​ដើម្បី​ផ្តល់ព័ត៌មាន​ដល់​ពួកគេ​អំពី​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​នេះ​។​
 
​បណ្តាញ​ទូរទស្សន៍​នោះបាន​ប្រាប់​ឲ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «​ពលរដ្ឋ​ហ្វី​លី ពី​ន​រាប់លាន​នាក់​នឹង​បាត់បង់​ប្រភពព័ត៌មាន​និង​គ្រឿង​កំសាន្ត​របស់ខ្លួន​នៅពេលដែល ក្រុមហ៊ុន ABC-CBN ត្រូវបាន​គេ​បញ្ជា​ឲ្យ​បញ្ឈប់​ការផ្សាយ​ទូរទស្សន៍​និង​វិទ្យុ​នៅពេល​យប់​នៅពេលដែល​ពលរដ្ឋ ត្រូវការ​ព័ត៌មាន​សំខាន់​និង​ទាន់​សភាព​ការ​នៅពេលដែល​ប្រទេសជាតិ​ដោះស្រាយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នោះ​»​។​
 
​ពួក​សមាជិកសភា​និង​អង្គការ​ឃ្លាំមើល​បណ្តាញ​ព័ត៌មាន​ក៏បាន​ប្រកាស​ប្រឆាំងនឹង​បទបញ្ជា​នេះដែរ ដែល​មហា​ក្រុមហ៊ុន​បណ្តាញ​ព័ត៌មាន​បាន​និយាយថា ខ្លួន​មាន​រយៈពេល​១០​ថ្ងៃ​ដើម្បី​ធ្វើការ​ឆ្លើយតប​។​
 
​តំបន់​មួយចំនួន​ក្នុងប្រទេស​ហ្វីលីពីន​បាន​ត្រូវដាក់​ក្នុងស្ថានភាព​អាសន្ន​ដើម្បី​រារាំង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។ កាលពី​ខែ​មុន ប្រធានាធិបតី Duterte បាន​ព្រមាន​ពលរដ្ឋ​ក្នុងអំឡុង​នៃ​ស​ន្ទ​កថា​ផ្សាយ​តាម​ទូរទស្សន៍​ថា ប៉ូលិស​នឹង​បាញ់សម្លាប់​ពួកគេ ប្រសិនបើ ពួកគេ​បំពាន​បទបញ្ជា​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​នេះ​។​
 
​ក្រុម​អ្នកឃ្លាំមើល​បណ្តាញ​ព័ត៌មាន បាន​ចោទប្រកាន់​រដ្ឋបាល​រប​ស់​ប្រធានាធិបតី Duterte ពី​ការ​បំបិទមាត់​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ដែល​បានធ្វើ​សេចក្តីរាយការណ៍​មិន​គាំទ្រ​ចំណាត់ការ​និង​គោលនយោបាយ​របស់​ប្រធានាធិបតី Duterte រួមមាន​យុទ្ធនា​ការប្រឆាំង​ថ្នាំញៀន​ដ៏​ប្រល័យ​របស់លោក​ដែល​បាន​នាំ​ឲ្យ​ស្លាប់​មនុស្ស​ដោយ​គ្មាន​ភ​ស្ត​តាង​ត្រឹមត្រូវ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com