ជាតិ
សង្គមជាតិ
ក្រុមហ៊ុន​ចិន​មួយ​ចង់​សង់​សា្ថ​នី​យ​ចំណត​យានយន្ត​ធុន​ធំ​នៅ​ជាយក្រុង ដោយ​ប្រើ​ទុន​១៦០​លាន​ដុល្លារ
06, May 2020 , 3:45 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង​ជំនួបជាមួយនឹងអ្នកតំណាងក្រុមហ៊ុន China Good Cars Holding Ltd ក្នុងកិច្ចពិភាក្សា​ស្តីពីគម្រោង​សាងសង់ស្ថានីយចំណតយានយន្ត​
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង​ជំនួបជាមួយនឹងអ្នកតំណាងក្រុមហ៊ុន China Good Cars Holding Ltd ក្នុងកិច្ចពិភាក្សា​ស្តីពីគម្រោង​សាងសង់ស្ថានីយចំណតយានយន្ត​
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន China Good Cars Holding Ltd បានបង្ហាញ​បំណង​សាងសង់​ស្ថានីយ៍​ចំណត​យានយន្ត​ធុន​ធំ នៅ​ជាយ​រាជធានី​ភ្នំពេញ ដែល​នឹង​ចំណាយ​ទុន​ប្រមាណ​១៦០​លាន​ដុល្លារ​។ គម្រោង​នេះ ត្រូវបាន​បង្ហាញ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ រវាង​លោក ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង​ក្រុមហ៊ុន កាលពី​ថ្ងៃទី​៥ ខែឧសភា​។​

 
​នៅក្នុង​ជំនួប​នេះ តំណាង​ក្រុមហ៊ុន​ចិន បាន​ប្រាប់​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ ថា​ស្ថានីយ​ចំណត​នេះ នឹង​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ​។  
 
​ទាក់ទង​នឹង​គម្រោង​នេះ លោក ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សា​ធារ​ការ និង​ដឹកជញ្ជូន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​បន្ថែម​តាម​ទូរ​សព្ទ​ថា គម្រោង​សង់​ចំណតរថយន្ត​គ្រប់​ធុន​នេះ កំពុងស្ថិត​នៅក្រោម​ការ​សិក្សា​របស់​អ្នកជំនាញ​នៅឡើយ រួមទាំង​ទីតាំង​ផង​។ លោក ឈួន វ៉ន់ ថ្លែង​ដូច្នេះ​ថា​៖«​ជា​ជំហាន​ដំបូង យើង​អាចធ្វើ​នៅ​កម្រិត​ណាមួយ ដែល​អាច​ឲ្យ​រថយន្តក្រុង​ចូល​ចត​នៅ​ទីក្រុង​ភ្នំពេញ យើង​រុញ​ទៅ​ចត​នៅ​ជាយក្រុង​វិញ​។ ធម្មតា វា​ជា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ដូច្នេះ​ក្រុមហ៊ុន​ណា ដែល​ចង់​ប្រើប្រាស់​ចំណត​ហ្នឹង គឺ​ត្រូវតែ​បង់ថ្លៃ​។ និយាយ​ឲ្យ​ចំ​ទៅ យើង​អត់​ទាន់​បាន​ជជែក​ឲ្យ​លម្អិត​ថា  យើង​អាច​ធ្វើបាន​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​ស្ថានីយ​ចំណត​ដ៏​ធំ​នេះ សម្រាប់​ដាក់​យានយន្ត​ដែល​នៅ​រាជធានី​ភ្នំពេញ និង​នៅក្នុង​បញ្ជី​របស់​យើង ដោយ​ចូល​ចត​មិនមាន​បញ្ហា​ឡើយ​»​។ 
 
​លោក ឈួន វ៉ន់ ក៏​មិនទាន់​អាច​បញ្ជាក់បាន​ពី​ទំហំ​ផ្ទុក​រថយន្ត សម្រាប់​គម្រោង​នេះ​បានដែរ ប៉ុន្តែ​លោក​អះអាងថា ក្រសួង​កំពុង​ជំរុញ និង​ស្វែងរក​ការគាំទ្រ​ពី​ស្ថាប័នរដ្ឋ​មួយចំនួនទៀត ដើម្បី​ព​ន្លឿ​ន​ការសម្រេច​លើ​គម្រោង​នេះ​។​
 
​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រៅពី​ចង់​សាងសង់​ស្ថានីយ៍​ចំណត​យានយន្ត​ហើយ ក្រុមហ៊ុន​ចិន​ដដែល​នេះ ក៏មាន​បំនង​វិនិយោគ លើ​បណ្តាញ​ដឹកជញ្ជូន​សាធារណៈ​តាម​រថយន្តក្រុង ទៅតាម​តំបន់​ក្រៅ​ជាយក្រុង និង​ទៅ​បណ្តា​ខេត្ត​នៅ​ជិត​រាជធានី​ផងដែរ​។​

Tag:
 ស្ថានីយ​ចំណត​
 ​យានយន្ត​
 ​ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com