COVID-19
អន្តរជាតិ
COVID-19 សរុប​នៅ​សិង្ហ​បុរី កើន​លើស​២​ម៉ឺន​ករណី​
06, May 2020 , 4:05 pm        
រូបភាព
រូបភាព៖ ST FILE
រូបភាព៖ ST FILE
​ករណី​ឆ្លង COVID-19 នៅ​សិង្ហ​បុរី មានការ​កើនឡើង​ដល់​ជាង ២​ម៉ឺន បើ​គិត​ត្រឹម​ថ្ងៃទី​៦ ខែឧសភា​។ នេះ​គឺជា ចំនួន​ដ៏​ច្រើនជាង​បំផុត​នៅក្នុង​តំបន់​អាស៊ាន​។


 
​ក្នុង​ថ្ងៃទី​៦ ខែឧសភា សិង្ហ​បុរី បានបង្ហាញ​តួលេខ​ឆ្លង COVID-19 ថ្មី ចំនួន ៧៨៨​ករណី និង​មិនមាន​អ្នកស្លាប់​។ តួលេខ​កូ​រ៉ូ​ណា​វីរុស​សរុប​របស់​សិ​ង្ហ​បុរី មាន​ចំនួន ២០១៩៨ អ្នកស្លាប់​ចំនួន ១៨​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ១៥១៩​នាក់​។ អ្នកជំងឺ ដែល​កំពុងស្នាក់នៅ​មន្ទីរពេទ្យ​មាន​ចំនួន ១៨៦៦១​នាក់​។ ចំនួន​ករណី​សរុប​នេះ ជា​ចំនួន​ដ៏​ច្រើនជាងគេ​បំផុត​នៅក្នុង​តំបន់​អាស៊ាន​។ នេះ​បើតាម​វេ​ប​សាយ Worldometer ។ 
 
​តាមពិតទៅ រយៈពេល​ចុងក្រោយ​នេះ សិង្ហ​បុរី មាន​ចំនួន​អ្នក​ឆ្លង​លើសពី ៥០០​ករណី រៀងរាល់ថ្ងៃ ហើយ​ថ្ងៃ​ខ្លះ​សិង្ហ​បុរី បាន​រាយការណ៍​ថា មាន​ករណី​អ្នក​ផ្ទុក​COVID-19 រហូតដល់​ជាង ១​ពាន់​ករណី​ឯណោះ បើ​គិត​ចាប់ពី​ថ្ងៃទី​១៥ ខែមេសា​មក​។ លើកលែងតែ​ថ្ងៃទី​២ ខែឧសភា តែមួយគត់ ដែល​សិង្ហ​បុរី​មាន​ចំនួន ៤៤៧​ករណី​។ 
 
​ករណី​ឆ្លង​ភាគច្រើន កើតឡើង​ក្នុងចំណោម​ពលករ​បរទេស​ដែល​រស់នៅក្នុង​បន្ទប់​តូចចង្អៀត​។ ការឆ្លង​ក្នុងចំណោម​ប្រជាជន​ក្នុងស្រុក បាន​ធ្លាក់ចុះ​ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​សម្រេចចិត្ត​បន្ធូរបន្ថយ​ការ​រឹតត្បិត​ខ្លះ​វិញ​ដូចជា​អាជីវកម្ម​តាម​ផ្ទះ​ជាដើម ខណៈ​សាលារៀន ក៏​បើកទ្វារ​វិញ​ដែរ​។ 
 
​សូមបញ្ជាក់ថា ក្នុង​តំបន់​អាស៊ាន សិង្ហ​បុរី​(​លេខ​១) មាន​ចំនួន​COVID-19 សរុប​ចំនួន ២០១៩៨​ករណី​, ឥណ្ឌូណេស៊ី​(​លេខ​២) មាន​ចំនួន ១២០៧១​ករណី​, ហ្វីលីពីន​(​លេខ​៣) មាន ៩៦៨៤​ករណី​, ម៉ាឡេស៊ី​(​លេខ​៤) មាន​ចំនួន ៦៣៨៣​ករណី​, ថៃ​(​លេខ​៥) មាន​ករណី ២៩៨៩​ករណី​, វៀតណាម​(​លេខ​៦) មាន​ចំនួន ២៧១​ករណី​, មី​យ៉ាន់​ម៉ា​(​លេខ​៧) មាន ១៦១​ករណី​, ព្រុយ​ណេ​(​លេខ​៨) មាន​ចំនួន ១៣៨​ករណី​, កម្ពុជា​(​លេខ​៩) មាន​ចំនួន ១២២​ករណី និង​ឡាវ​(​លេខ​១០) មាន​ចំនួន ១៩​ករណី​៕ 

Tag:
 ​សិង្ហ​បុរី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com