ជាតិ
លោក វេង សាខុន ប្រាប់មន្ត្រី ឲ្យផ្សព្វផ្សាយបច្ចេកទេសថ្មីៗ ដល់កសិករ រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
× ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ រដ្ឋបាលជលផល និងមន្ទីកសិកម្មរាជធានី-ខេត្ត ឲ្យចាប់ផ្តើមអនុវត្តចំណុចសំខាន់បី រួមមាន ជួយសម្របសម្រួលកសិករ ជំរុញការផ្សព្វផ្សាយពីបច្ចេកទេសថ្មីៗ និង លើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋាននានា ចុះបញ្ជីនៅតាមអគ្គនាយកដ្ឋានជំនាញ។
ក្រោយធ្វើទស្សនកិច្ចពីសក្ដានុពលកសិកម្មក្នុងខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ លោក វេង សាខុន បានវាយតម្លៃជារួមលើចំណុចចំនួន៤ គឺ ការងារបច្ចេកទេស ផលិតកម្ម សេដ្ឋកិច្ច និង បញ្ហាប្រឈម។ ទាក់ទងនឹងចំណុចខាងលើ រដ្ឋមន្ត្រីកសិកម្មរូបនេះ អះអាងថា ក្រសួង មានផែនការជាបន្តបន្ទាប់ ដែលត្រូវអនុវត្តឲ្យបានទាន់ពេលវេលា។
ដើម្បីចូលរួមអនុវត្តផែនការកសិកម្មឲ្យកាន់តែមានប្រសិទ្ធភាព លោក វេង សាខុន បានណែនាំ និងជំរុញដល់មន្ត្រីកសិកម្ម ឲ្យជួយសម្របសម្រួលកសិករ សហគមន៍ និង ក្រុមហ៊ុន ដែលមានបំណងខ្ចីប្រាក់ពីធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ជាមួយការប្រាក់ទាប ដើម្បីយកទៅពង្រីកផលិតកម្មកសិកម្ម។
បើតាមលោក វេង សាខុន មន្ត្រីកសិកម្ម ត្រូវជំរុញ និងផ្សព្វផ្សាយបច្ចេកទេសថ្មីៗឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពដល់អ្នកផលិត ដើម្បីបង្កើនផលិតកម្មកសិកម្ម។ ជាមួយគ្នានេះ មន្ត្រី ត្រូវជំរុញ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានដំណាំ កសិដ្ឋានចិញ្ចឹមសត្វ និងកសិដ្ឋានចិញ្ចឹមត្រី ឲ្យចុះបញ្ជីនៅតាមអគ្គនាយកដ្ឋានជំនាញ ងាយស្រួលរៀបចំផែនការផលិត និងផែនការផ្គត់ផ្គង់ឲ្យបានច្បាស់លាស់។
លើសពីនេះ លោក វេង សាខុន តម្រូវឲ្យមន្ត្រីកសិកម្ម ធ្វើបច្ចុប្បន្នភាពពីកសិដ្ឋានដំណាំ កសិដ្ឋានចិញ្ចឹមសត្វ និង កសិដ្ឋានចិញ្ចឹមត្រីនៅទូទាំងប្រទេស ដើម្បីងាយស្រួលរៀបចំផែនការផលិតកម្ម ស្របតាមតម្រូវការទីផ្សារទាំងបរិមាណ គុណភាព និងសុវត្ថិភាព និងសម្រាប់នាំចេញនាពេលខាងមុខ។ សូមបញ្ជាក់ថា នៅក្នុងបរិបទកូវីដ១៩នេះ រដ្ឋាភិបាលកម្ពុជា ក៏បានជំរុញឲ្យពង្រឹងវិស័យកសិកម្ម ដែលជាចំណុចខ្លាំងរបស់កម្ពុជាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com