អន្តរជាតិ
ហ្វីលីពីន​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​មួយ​ដែល​ធ្លាប់មាន​បញ្ហា​ជាមួយ​លោក ឌូ​ទើ​តេ
06, May 2020 , 8:59 pm        
រូបភាព
ដោយ:
​ស្ថាប័ន​ទូរគមនាគមន៍​របស់​ហ្វីលីពីន បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈានមុខ​មួយ​របស់​ប្រទេស​នេះ ABS-CBN Corp ផ្អាក​ប្រតិបត្តិការ​ពួកគេ នៅ​ថ្ងៃទី​៥ ខែឧសភា បន្ទាប់ពី​សភា​ហ្វីលីពីន​ដែល​កាន់កាប់​ដោយ​ក្រុម​អ្នក​ស្មោះស្ម័គ្រ​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ពុំ​ផ្ដល់​អាជ្ញា​បណ្ណ​ឲ្យ​ក្រុមហ៊ុន​នេះ​ជាថ្មី​។​

 
​ជាច្រើនលើក​មកហើយ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​គំរាម​រាំងខ្ទប់​ការផ្ដល់​អាជ្ញា​បណ្ណ​ជាថ្មី​ជូន​ដល់​ក្រុមហ៊ុន ABS-CBN ក្រោយ​ប៉ុស្តិ៍​ទូរទស្សន៍​នេះ​ធ្វើ​ឲ្យ​លោក​ខឹង អំឡុងពេល​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ដោយ​បដិសេធ​ចាក់ផ្សាយ​ពាណិជ្ជកម្ម​ស្តីពី​យុទ្ធនាការ​បោះឆ្នោត​លោក​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍ ក្រុមហ៊ុន ABS-CBN បញ្ជាក់ថា ខ្លួន​នឹង​បញ្ឈប់​ប្រតិបត្តិការ​ចាប់ពី​យប់​ថ្ងៃទី ៥ ខែឧសភា​តទៅ ដើម្បី​អនុលោម​តាម​បទបញ្ជា​របស់​គណៈកម្មកា​រ​ទូរគមនាគមន៍​ជាតិ (NTC) ខណៈ​ពួកគេ​ក៏​កំពុង​ស្នើសុំ​សមាជិកសភា​ជាន់​ទាប​ដើម្បី​ផ្ដល់​អាជ្ញា​បណ្ណ​ឡើងវិញ​ផងដែរ ដែល​អស់​សុពលភាព​នា​ថ្ងៃទី​៤ ខែឧសភា​។ 
 
«​យើង​ជឿជាក់ថា រដ្ឋាភិបាល​នឹង​សម្រេចចិត្ត​លើ​ការផ្ដល់​អាជ្ញា​បណ្ណ​ឲ្យ​យើង ដោយ​គិតគូរ​ពី​ផលប្រយោជន៍​ប្រជាជន​ហ្វីលីពីន​ជាធំ និង​ទទួលស្គាល់​កិច្ចប្រឹងប្រែង​និង​នាទី​របស់ ABS-CBN ក្នុងការ​ផ្ដល់ព័ត៌មាន និង​ដំណឹង​ចុងក្រោយ អំឡុងពេល​ដ៏​លំបាក​នេះ​»​។ ក្រុមហ៊ុន​នេះ សង្កត់ធ្ងន់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​។ យ៉ាងណាមិញ ការវិវត្ត​ចុងក្រោយ គឺ​សភា​មិន​ផ្ដល់​អាជ្ញា​បណ្ណ​បន្ត​ឡើយ​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​ប្រធានាធិបតី លោក Harry Roque បញ្ជាក់ថា រដ្ឋាភិបាល​ពេញចិត្ត​សម្រាប់​សេវាកម្ម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ABS-CBN ក៏ប៉ុន្តែ​ជោគវាសនា​របស់​ក្រុមហ៊ុន គឺ​សម្រេច​លើ​ដៃ​សភា​ជាន់​ទាប​។ 
 
ABS-CBN ដែលជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំណាស់​៦៦​ឆ្នាំ បានផ្ដល់​ការងារ​ដល់​មនុស្ស​ជិត​៧០០០​នាក់​។ ពួកគេ​ដំណើរការ​វិទ្យុ ប៉ុ​ស្ត៍​ទូរទស្សន៍ និង​ចែកចាយ​មាតិកា​តាម​អន​ឡាញ​។ ទាក់ទិន​នឹង​ការផ្អាក​ដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈានមុខ​មួយ​ក្នុងប្រទេស​ហ្វីលីពីន​បែបនេះ លោក Carlos Conde នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) ប្រាប់ AFP ដូច្នេះ​ថា​៖«​នេះ​គឺជា​ការប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិសេរីភាព​សារព័ត៌មាន​ក្នុងប្រទេស​ហ្វីលីពីន​។ វា​ពិបាក​នឹង​គិតថា លោក ឌូ​ទើ​តេ មិន​ចូល​ពាក់ព័ន្ធ​នឹង​រឿងនេះ​ណាស់​»៕

Tag:
 ​ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ប្រព័ន្ធ​ផ្សព្វផ្សាយ
© រក្សាសិទ្ធិដោយ thmeythmey.com