COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ គាំទ្រឲ្យ Bundesliga ប្រកួតវិញ ទោះនៅមាន COVID-19 លោក Jens Spahn រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាល្លឺម៉ង់
× រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ លោក Jens Spahn គាំទ្រចំពោះផែនការត្រឡប់ទៅកាន់ការប្រកួតលីគ Bundesliga ឡើងវិញដោយបិទទ្វារកីឡដ្ឋាននៅចុងខែនេះ បើទោះ COVID-19 នៅមានវត្តមាននៅឡើយ។ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ផ្តល់ភ្លើងបៃតងក្នុងការអនុញ្ជាតិឲ្យលីគវិលមកវិញនៅថ្ងៃទី១៥ ខែឧសភានេះ។
Bundesliga អាចនឹងត្រឡប់ទៅរកការប្រកួតឡើងវិញសម្រាប់ជំនួបសេសសល់រដូវកាលនេះនៅថ្ងៃទី១៥ ខែឧសភា ដែលនឹងធ្វើឲ្យលីគកំពូលអាល្លឺម៉ង់មួយនេះក្លាយជាលីគទីមួយក្នុងចំណោមលីគធំៗទាំង៥នៅអឺរ៉ុបចាប់ផ្តើមមុនគេ តាំងពីការផ្អាកដោយសារការរីករាលដាលនៃជំងឺ COVID-19 មក។
លោក Jens Spahn បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈអាល្លឺម៉ង់ Deutschlandfunk នៅថ្ងៃទី៥ ខែឧសភាថា៖« គម្រោងចាប់ផ្តើមលីគឡើងវិញពិតជាសមហេតុផល ហើយនេះអាចធ្វើជាគំរូសម្រាប់កីឡាអាជីពផ្សេងៗទៀត»។ យ៉ាងណាក៏ដោយលោក Spahn បានលើកជាសំនួរថាតើគួរដំណើរការយ៉ាងដូចម្តេចផងដែរ។
សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ (DFL) ដែលគ្រប់គ្រងលីគទាំងពីរកម្រិតរបស់អាល្លឺម៉ង់ ក៏សង្ឃឹមដែរថានឹ ងឈានទៅមុខដោយរលូនក្នុងការចាប់ផ្តើមរដូវកាលនេះឡើងវិញ ជាមួយនឹងការប្រកួតដោយបិទទ្វារកីឡដ្ឋាននៅថ្ងៃទី១៥ ខែឧសភា។ ការលើកឡើងរបស់ DFL គឺស្របពេលអធិការបតី Angela Merkel បានផ្តល់ភ្លើងបៃតងមុនពេលអ្នកស្រី ជួបជាមួយអភិបាលក្រុងទាំង១៦ក្នុងប្រទេស នាសន្និសីតនៅថ្ងៃពុធទី៦ ខែឧសភានេះ។
ក្រុមមួយចំនួនរួមទាំងម្ចាស់ជើងឯក Bundesliga រដូវកាលមុន Bayern Munich សុទ្ធតែបានបន្តការហ្វឹកហាត់ឡើងវិញនៅតាមមូលដ្ឋានក្រុមរបស់ពួកគេរៀងខ្លួន ដោយអនុវត្តតាមវិធានការណ៍គម្លាតសុវត្តិភាព (Social Distancing)។
លីគបាល់ទាត់អាល្លឺម៉ង់ ត្រូវបានផ្អាកតាំងពីថ្ងៃទី១៣ ខែមីនា ដោយសារ COVID-19 បានចម្លងជំងឺដល់មនុស្សជិត១៧ម៉ឺននាក់នៅអាល្លឺម៉ង់ ក្នុងនោះអ្នកស្លាប់ជិត៧០០០នាក់។ ស្របពេល Bundesliga ត្រៀមនឹងត្រឡប់ទៅកាន់ការប្រកួតវិញនោះ លីគនៅជិតខាងខ្លួនរួមមានហូឡង់ Eredivisie និងលីគកំពូលបារាំង Ligue 1 សុទ្ធតែត្រូវបានរំសាយចោលតែម្តង។ ដោយឡែក La Liga របស់អេស្ប៉ាញក៏មានភាគរយច្រើនក្នុងការចាប់ផ្តើមយុទ្ធនាការប្រកួតរបស់ខ្លួនផងដែរ ខណៈ Premier League របស់អង់គ្លេសកំពុងស្ថិតក្នុងការពិចារណា៕
Tag:
Bundesliga
Jens Spahn
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com