ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រជែង​នយោបាយ តែ​មិន​ចងគំនុំ​!
06, May 2020 , 9:29 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុងសង្គម​ប្រជាធិបតេយ្យ អ្នកនយោបាយ មានឱកាស​ប្រជែង​គ្នា​យក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ដើម្បី​ឈ្នះ​ការបោះឆ្នោត ហើយ​សម្រេច​គោលដៅ​ដែល​ចង់បាន គឺ​ក្លាយជា​អ្នកកាន់អំណាច​។ តែ​អ្នកនយោបាយ មិនត្រូវ​ឲ្យ​ការ​ប្រជែង​នយោបាយ ក្លាយជា​ជម្លោះ​បុគ្គល​និង​ចងគំនុំ​គ្នា​ឡើយ​។



កាលណា​បើ​អ្នកនយោបាយ ចងគំនុំ​គ្នា​ហើយ ផល​លំបាក នឹង​កើតមាន​ដល់​ប្រទេសជាតិ​។ គំនុំ​ធ្វើ​ឲ្យ​អ្នកនយោបាយ ទុក​ផលប្រយោជន៍​ជាតិ​និង​សុខទុក្ខ​ប្រជាជន លែង​សូវ​សំខាន់ ហើយ​គិតតែ​ពី​សងសឹក​គ្នា និង​ចង់​ឈ្នះ​ចង់​ចាញ់​គ្នា​។ 

ពេល​មាន​គំនុំ​ក្នុង​ចិត្ត ទោះ​ប្រទេសជាតិ ជួប​ការលំបាក​យ៉ាងណាក្តី ក៏​អ្នកនយោបាយ មិនអាច​រួមគ្នា​ដោះស្រាយ​ដែរ​។ តែ​ផ្ទុយទៅវិញ ពួកគេ​អាច​នឹង​បន្ត​វាយប្រហារ​គ្នា​ថែមទៀត​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ គឺ​ការ​ចងគំនុំ​របស់​អ្នកនយោបាយ អាច​នាំ​ឲ្យ​ប្រជាពលរដ្ឋ បែកបាក់​សាមគ្គី​ផងដែរ​។ ​

ដើម្បី​អាច​ជៀស​ផុតពី​ការ​ចងគំនុំ​គ្នា គឺ​មិនមែន​គ្រាន់តែ​និយាយ​ត្រឹម​ពាក្យ​ថា «​កុំ​ចងគំនុំ​គ្នា​» នោះទេ តែ​អាស្រ័យ​លើ​ការប្រព្រឹត្ត​របស់​អ្នកនយោបាយ​ផ្ទាល់​។ ក្នុង​ឆាកនយោបាយ អ្នកនយោបាយ​អាច​រិះគន់​គ្នា នៅពេល​ភាគី​ណាមួយ ធ្វើ​រឿង​មិន​ត្រឹមត្រូវ ឬ​យល់ថា​គោលនយោបាយ​របស់​ភាគី​នោះ មិន​សមស្រប​សម្រាប់​ប្រទេសជាតិ​។

​ប៉ុន្តែ អ្នកនយោបាយ មិនត្រូវ​យក​រឿង​បុគ្គល ឬ​គ្រួសារ​ទៅ​លាយឡំ​ក្នុង​រឿង​នយោបាយ​ឡើយ​។ ការប្រើ​ពាក្យ​ប្រមាថកាតទាន​គ្នា ឬ​ឈានដល់​ការវាយប្រហារ​គ្រួសារ គឺ​អ្នកនយោបាយ មិនត្រូវ​ធ្វើជា​ដាច់ខាត​។ អ្នកណា​ក៏ដោយ តែងមាន​កំហឹង​និង​ពិបាក​អត់ឱន​ឲ្យ​ណាស់ នៅពេល​គ្រួសារ​ខ្លួន រង​ការ​មាក់ងាយ​ពី​អ្នកដទៃ​។​ 

ក្រៅពី​គោរព​គោលការណ៍​សីលធម៌​ខាងលើ​ហើយ អ្នកនយោបាយ ក៏​គួរមានការ​អធ្យាស្រ័យ​ឲ្យ​គ្នា និង​រៀន​បំភ្លេច​គំនុំ​ផងដែរ​។ លើសពីនេះ អ្នកនយោបាយ គប្បី​មាន​សមានចិត្ត​ជាមួយគ្នា​ទៅវិញ​មក នៅពេល​ភាគី​ណាមួយ ជួប​ការលំបាក​ឬ​ជួប​ទុក្ខសោក ដូចជា បាត់បង់​សមាជិកគ្រួសារ​ជាដើម​។

បើ​អ្នកនយោបាយ មាន​ឥរិយាបថ​មិន​សម​ទំនង ឬ គិតតែ​ពី​ទាស់​គ្នា មិន​មើល​កាលៈទេសៈ ដូចជា​ប្រទេសជាតិ កំពុង​ជួប​ការលំបាក​អ្វីមួយ ប្រជាជន​ប្រាកដជា​ទើសចិត្ត​និង​លែង​គាំទ្រ​។ តែបើ​ចេះ​យល់​ពី​ស្ថានការណ៍​ថា ពេលណា​ត្រូវ​រិះគន់ ហើយ​ពេលណា​រួម​សាមគ្គី​គ្នា នោះ​អ្នកនយោបាយ នឹង​ទទួលបាន​ការពេញចិត្ត​ពី​ប្រជាជន ឬក៏​អាច​ក្លាយ​ជាគំរូ​សម្រាប់​សង្គម​និង​មនុស្ស​ទូទៅ​ថែមទៀត​។ 

ជាក់ស្តែង ប្រជាជន​កំពុង​សាទរ​ចំពោះ​ថ្នាក់ដឹកនាំ​កំពូល​និង​មន្ត្រី​ផ្សេងទៀត​នៃ​អតីត​គណបក្សប្រឆាំង ដែល​បាន​សម្តែង​សមានចិត្ត​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ 

លោក កឹម សុខា ដែល​កំពុងស្ថិត​នៅក្នុង​ប្រទេស បាន​នាំ​សហការី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ឧបាសិកា ប៊ុន ស៊ា​ង​លី ជា​ម្តាយបង្កើត​របស់​សម្តេច ប៊ុន រ៉ានី និង​ត្រូវជា​ម្តាយក្មេក​របស់​សម្តេច ហ៊ុន សែន​។ នាឱកាស​នោះ គេ ឃើញ លោក កឹម សុខា និង សម្តេចនាយក​រដ្ឋមន្ត្រី បាន​សម្តែង​ភាព​គួរសម​និង​ភាព​រាក់ទាក់​ដាក់គ្នា​។ អ្នក​ទាំងពីរ ចំណាយពេល​ពិភាក្សាគ្នា​ជិត​៥០​នាទី​។ 

ចំណែក​លោក សម រង្ស៊ី ដែល​កំពុង​នៅក្រៅ​ប្រទេស​ឯណោះ​វិញ ក៏បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សម្តេច​នាយករដ្ឋមន្ត្រី​ផងដែរ​។ 

​គេ​ក៏​នឹកឃើញ​ដែរ ពី​ទឹកចិត្ត​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​ធ្លាប់មាន​ចំពោះ​ក្រុមគ្រួសារ​របស់​ថ្នាក់ដឹកនាំ​ប្រឆាំង​។ កាលពី​ម្តាយក្មេក​របស់លោក សម រង្ស៊ី គឺ​ឧបាសិកា ញឹក ជូ​ឡុង មាស​កេ​ត សម​ភ័​ត្រ ទទួលមរណភាព កាលពី​ឆ្នាំ​២០១៦ សម្តេចនាយក​រដ្ឋមន្ត្រី មិន​ត្រឹមតែ​ចូលរួម​រំលែក​ទុក្ខ​នោះទេ តែ​ថែមទាំង​បញ្ជូន​លោក ហ៊ុន ម៉ា​នី ជា​កូនប្រុស​ពៅ ឲ្យ​ទៅ​ចូលរួម​ពិធី​បុណ្យសព​ថែមទៀត​។
 
​គេ ក៏​ប្រហែលជា​នៅ​ចងចាំ​ដូចគ្នា​ ថា លោក សម  រង្ស៊ី និង​សម្តេចនាយក​រដ្ឋមន្ត្រី កំពុងស្ថិត​ក្នុងការ​វាយ​ហារ​គ្នា​ខ្លាំង​តាមរយៈ​វោហារសាស្ត្រ កាលពី​ឆ្នាំ​២០១៣ តែ​លោក សម  រង្ស៊ី នៅតែ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​របស់​សម្តេច ពេល​ទទួលដំណឹង​ថា ឧបាសក ហ៊ុន នាង ដែលជា​ឪពុក​បង្កើត​របស់​សម្តេច ទទួលមរណភាព​។ 
 
​ក្រោយ​ទទួលបាន​សារ​ចូលរួម​រំលែក​ទុក្ខ​ពី​លោក សម  រង្ស៊ី សម្តេចនាយក​រដ្ឋមន្ត្រី ក៏​ស្នើសុំ​ព្រះមហាក្សត្រ លើកលែងទោស​ឲ្យ​លោក សម  រង្ស៊ី ហើយ​លោក ក៏បាន​ចូលមក​ប្រទេស​កម្ពុជា នៅមុន​ការបោះឆ្នោត​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ 
 
​គួរ​រម្លឹក​ខ្លួនឯង​ជាប់​ជានិច្ច​ថា ធ្វើជា​អ្នកនយោបាយ រាល់​សកម្មភាព គឺ​ប្រជាជន​តែង​កត់សម្គាល់ ហើយ​ពេលខ្លះ អាច​ត្រូវបាន​អ្នកប្រវត្តិសាស្ត្រ ចារ​ទុក​ទៀតផង​៕

Tag:
 ទស្សន​នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com