អន្តរជាតិ
ចិន ហៅ​បាតុករ​ហុងកុង​ជា «​វីរុស​នយោបាយ​» ហើយ​ព្រមាន​កម្ចាត់​ចោល​
06, May 2020 , 10:59 pm        
រូបភាព
រូបភាព ប៉ូលិសហុងកុង នាពេលចុះបង្ក្រាបបាតុករ កាលពីខែកក្កដា ឆ្នាំ២០១៩ (AFP)
រូបភាព ប៉ូលិសហុងកុង នាពេលចុះបង្ក្រាបបាតុករ កាលពីខែកក្កដា ឆ្នាំ២០១៩ (AFP)
ដោយ:
​ការិយាល័យ​ទទួលបន្ទុក​កិច្ចការ​ហុងកុង​របស់​ចិន នៅ​ថ្ងៃទី​៦ ខែឧសភា បាន​ថ្កោលទោស​ក្រុមបាតុករ​ថា «​វីរុស​នយោបាយ​» ដែល​ចង់បាន​ឯករាជ្យ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ព្រមាន​ថា ទីក្រុង​ហុងកុង​នឹង​ពុំ​អាច​ស្ងប់ស្ងាត់​ឡើយ ប្រសិនបើ​បាតុករ​ហិង្សា​អាវខ្មៅ ពុំទាន់​ត្រូវ​កម្ចាត់​ចោល​ទាំងអស់​ទេនោះ​។ 

 
​ការិយាល័យ​ចិន​ទទួលបន្ទុក​កិច្ចការ​ហុងកុង និង​ម៉ា​កាវ បាន​ព្រមាន​ថា រដ្ឋាភិបាល​មជ្ឈិម នឹងមិន​ឈរ​ឱបដៃ​នៅ​ស្ងៀម​ចំពោះ​ទង្វើ​ឆ្គួ​ត​ឡប់​ដែល​បាតុករ​ហុងកុង​ប្រព្រឹត្ត ហើយ​រដ្ឋធានី​ប៉េកាំង មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការធានា​រក្សា​សណ្ដាប់ធ្នាប់​និង​ការពារ​សន្តិសុខ​ជាតិ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
«​ទង្វើ​បំផ្លិចបំផ្លាញ​របស់​ក្រុមបាតុករ​ហិង្សា​អាវខ្មៅ គឺជា​វីរុស​នយោបាយ​ក្នុងសង្គម​ហុងកុង និង​សត្រូវ​ដ៏​ធំ​សម្រាប់​គោលការណ៍​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ ការិយាល័យ​ចិន បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី ៦ ខែឧសភា ដោយ​ព្រមាន​ថា ដរាបណា​ក្រុមបាតុករ​ទាំងនោះ​ពុំទាន់​កម្ចាត់​ចោល​ទាំងស្រុង ហុងកុង នឹង​ពុំ​អាច​ស្ងប់ស្ងាត់​ឡើយ​។ 
 
​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​មួយ​នេះ បាន​រង្គោះរង្គើ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៩ ដោយសារ​បាតុករ​ទ្រង់​ទ្រង់​ធំ​រាប់​ខែ ហើយ​ពេលខ្លះ មាន​ចរិត​ហិង្សា និង​នយោបាយ​។ ហេតុការណ៍​នេះ​កើតឡើង​ក្រោយពី​មានការ​ប៉ុនប៉ង​បង្កើត​សំណើ​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​ដែល​បើកផ្លូវ​ដល់​ការបញ្ជូន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់ក្ដី​នៅ​ចិនដីគោក​។ 
 
​បាតុករ​វ័យក្មេង​ភាគច្រើន​ស្លៀកពាក់​អាវខ្មៅ ប្រឈមមុខ​ជាមួយ​ប៉ូលិស​ហុងកុង ដោយ​ពួកគេ​ស្រែកថា ក្រុង​ប៉េកាំង​ព្យាយាម​លុបបំបាត់​គោលការណ៍​អភិបាលកិច្ច «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ដែល​ធានា​សេរីភាព​ពលរដ្ឋ​ហុងកុង ចាប់តាំងពី​ត្រូវប្រគល់​ឲ្យ​ចិន​ដឹកនាំ​ក្នុង​ឆ្នាំ​១៩៩៧​មក​។ យ៉ាងណាមិញ ក្រុង​ប៉េកាំង ទាត់ចោល​ការរិះគន់​នេះ​៕ 

Tag:
 ចិន​
  ហុងកុង​
  បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com