កីឡាអន្តរជាតិ
អន្តរជាតិ
Kim ខ្សែការពារ​កូរ៉េខាងត្បូង រង​ការរិះគន់ ដែល​មើលស្រាល​មិត្ត​រួម​ក្រុម Beijing Guoan
06, May 2020 , 5:45 pm        
រូបភាព
Kim Min-jae ខ្សែការពារ​ក្រុម​ជម្រើសជាតិ​កូ​រ៉ែ​ខាងត្បូង បាន​សុំទោស​ចំពោះ​ក្លិប​របស់ខ្លួន Beijing Guoan នៃ​លី​គ​កំពូល​ចិន (CSL) ប៉ុន្តែ​នៅតែ​ប្រឈម​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ចំពោះ​ការមើលស្រាល​លើ​មិត្ត​រួម​ក្រុម​របស់គេ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ចុះផ្សាយ​ដូច្នេះ នៅ​ថ្ងៃទី​៦ ខែឧសភា​នេះ​។​


 
​ខ្សែការពារ​ដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ Watford មុនពេល​ផ្លាស់​ទៅ​ក្រុម​នៃ​ក្របខណ្ឌ CSL កាលពី​ឆ្នាំមុន​បាន​បង្ក​ភាពចម្រូងចម្រាស​នៅក្នុង​ប្រទេស​ចិន​បន្ទាប់ពី​រូបគេ​បាន​អត្ថាធិប្បាយ​ជាមួយ​ទូរទស្សន៍​កូរ៉េខាងត្បូង​។​
 
​សមាជិក​ក្រុម Beijing Guoan វ័យ ២៣ ឆ្នាំ​ដែលមាន​រហស្សនាម​ថា « Monster» បាន​និយាយថា​រូបគេ​ពិតជា​ហត់នឿយ​ខ្លាំងណាស់​ដោយ​ត្រូវបំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​នៅ​តំបន់​ការពារ​របស់​មិត្ត​រួម​ក្រុម​។ ការលើកឡើង​បែបនេះ​ជាការ​បង្ហាញ​ពី​ភាព​មើលស្រាល​លើ​សមាជិក​ក្រុម​របស់ Kim Min-jae​។​
 
​លើសពីនេះ​ទៀត​នោះ Kim ថែមទាំង​និយាយ​ដែរ​ថា​ខ្លួន​មិន​ស្គាល់ឈ្មោះ​គ្រូបង្វឹក​ក្រុម Beijing Guoan ដែលជា​គ្រូ​របស់​រូបគេ​ទៀតផង នៅឯ​កម្មវិធី​ទូរ​ទ្សន៍​របស់​កូ​រ៉​ខាងត្បូង​នោះ​។ លោក Bruno Genesio សញ្ជាតិ​បារាំង​ជា​គ្រូ Beijing Guoan សព្វថ្ងៃ​។​
 
 
​ការអត្ថាធិប្បាយ​របស់ Kim បែបនេះ បានធ្វើ​ឲ្យ​មានការ​ឆ្លើយឆ្លង​គ្នា​យ៉ាងខ្លាំង​លើ​បណ្តាញ​សង្គម​ចិន ដោយ​ទង្វើ​នេះ​ត្រូវបាន​ចាត់ទុកថា​ជាការ​រិះគន់​ចំពោះ​គុណភាព​កីឡាបាល់ទាត់​ចិន និង​ត្រូវបាន​ថ្កោលទោស​ជា​សាធារណ​ទៀតផង​។​
 
​ជុំវិញ​ករណីនេះ កាសែត​ចិន Beijing Youth Daily បាន​រាយការណ៍​ថា​ក្លិប Beijing Guoan បាន​ទាក់ទង​ទៅ Kim ដើម្បី​ឲ្យ​រូបគេ​បញ្ជាក់​ពី​ភាពមិន​សប្បាយចិត្ត​រប​ស់​អ្នកគាំទ្រ​ខ្លួន ក៏ដូចជា​អ្នកលេង​បណ្តាញ​សង្គម​ចិន ហើយ​រូបគេ​ក៏បាន​សុំទោស​ដោយមាន​លាយលក្ខណ៍អក្សរ​ផង​។​
 
Kim អតីត​កីឡាករ​ក្លិប Jeonbuk Motors នៃ​លី​គ​បាល់ទាត់​កូរ៉េខាងត្បូង K-League 1 បកស្រាយ​ថា​ខ្លួន​មាន​អារម្មណ៍​ដូចជា​ជនរងគ្រោះ ក្នុងអំឡុងពេល​ផ្តល់​បទ​សម្ភាស​នោះ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ថាបើ​ទោះជា​លើកឡើង​ដូច្នេះ​ក្តី ក៏​មិនមែន​ជាការ​បញ្ចប់រឿង​នោះទេ​។​
 
​យ៉ាងណាក៏ដោយ បើ​ទោះ Kim ស្ថិតនៅ​ស្រុកកំណើត​ក៏ដោយ​ក៏​សមាជិក​ដែល​ជួយ​ជម្រើសជាតិ​កូរ៉េខាងត្បូង​លើក​ពាន Asian Cup ឆ្នាំ​២០១៩ នេះ​បានបង្ហាញ​ពី​ការធ្វើ​ខុស​របស់ខ្លួន​ផងដែរ​។ នៅ​ថ្ងៃទី​៥ ខែឧសភា Kim បាន​ផ្ញើលិខិត​សុំទោស​ទៅ​ក្លិប​របស់ខ្លួន​រួចហើយ​។​
 
Kim Min-jae បានសម្រេច​ទៅ​ចូលរួម​ជាមួយ Beijing Guoan កាលពី​ខែមករា ឆ្នាំ​២០១៩ ដោយ​ចោល​ឱកាស​ទៅ​រួម​ក្រុម Watford នៃ​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស Premier League៕



Tag:
 Kim Min-jae
  Beijing Guoan
© រក្សាសិទ្ធិដោយ thmeythmey.com