COVID-19
អន្តរជាតិ
សិស្ស​នៅ​ទីក្រុង​វូ​ហាន​ដែលជា​ចំណុចកណ្ដាល​នៃ COVID-19 ត្រឡប់​ចូល​សាលារៀន​វិញ​
07, May 2020 , 7:59 am        
រូបភាព
ដោយ:
​សិស្ស​នៅ​ទីក្រុង​វូ​ហាន ដែលជា​កន្លែង​ផ្ទុះ​ជំងឺ COVID-19 បាន​ត្រឡប់​ចូល​សាលារៀន​វិញ​នៅ​ថ្ងៃទី​៦ ខែឧសភា​។ ពួកគេ ត្រូវ​ពាក់​ម៉ាស់ និង​ដើរកាត់​ម៉ាស៊ីន​វាស់​កម្តៅ​ម្នាក់​ម្តងៗ​។

 
​សិស្ស​វិទ្យាល័យ មកពី​សាលា​អប់រំ​ចំនួន​១២១ នៅ​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី បាន​ថ្នាក់រៀន​របស់​ពួកគេ បន្ទាប់ពី​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​តាំងតែ​ពី​ទីក្រុង​វូ​ហាន​ត្រូវបាន​បិទ​ក្នុង​ខែមករា​។ សិស្ស​ទាំងអស់នោះ​ត្រូវ​អង្គុយ​១​ម៉ែត្រ​ឆ្ងាយ​ពីគ្នា និង​រៀន​ជាមួយ​គ្រូ​ដោយផ្ទាល់ បន្ទាប់ពី​រៀន​ពី​ចំងាយ​ជាច្រើន​ខែ​។​
​ការបើក​ឲ្យ​សិស្ស ចូលរៀន​នៅក្នុង​សាលា​ដោយផ្ទាល់​នៅ​ថ្ងៃទី​៦ ខែឧសភា ជា​ដំណាក់កាល​ត្រឡប់​មកកាន់​ភាព​ធម្ម​តា​បន្តិច​ម្តងៗ នៅ​ទីក្រុង​វូ​ហាន និង​តំបន់​ជុំវិញ​ខេត្ត​ហ៊ូ​ប៉ី​។​
 
​យ៉ាងណាមិញ ការ​ឲ្យ​សិស្ស​ត្រឡប់​ចូលរៀន​នៅ​សាលា​នេះ គឺធ្វើឡើង​សម្រាប់តែ​ថ្នាក់​វិទ្យាល័យ​ដែល​ត្រូវ​ប្រឡង​ចូល​មហាវិទ្យាល័យ​ប៉ុណ្ណោះ​។ ចំណែក​ពេលវេលា​ជាក់លាក់​សម្រាប់​សិស្ស​បឋមសិក្សា និង​អនុវិទ្យាល័យ​នៅ​ពុំទាន់​បានកំណត់​ឡើយ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​តាម​មន្ត្រី​ក្រុង​វូ​ហាន សិស្ស និង​បុគ្គលិក​សិក្សា​អាច​ចូល​សាលា​បាន​ដរាបណា​ពួកគេ​ធ្វើតេស្ត​ជំងឺ COVID-19 ហើយ​បរិវេណ​សាលា​ត្រូវបាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​។ មិនតែប៉ុណ្ណោះ​ក្នុងការ​រៀបចំ​ចូលរៀន​វិញ សាលា​មួយចំនួន បានដាក់​តុ​ឲ្យ​នៅ​ដាច់ពីគ្នា និង​រៀបចំ​ថ្នាក់​ដែលមាន​ចំនួន​សិស្ស​តិច​។ សាលា​ខ្លះទៀត​បានរៀបចំ​ពេលវេលា​ឲ្យ​សិស្ស និង​គ្រូ​មក​សាលារៀន​។ បន្ថែម​ពីនេះ សិស្ស​ទាំងអស់​ត្រូវ​ដើរកាត់​ម៉ាស៊ីន​ស្ទង់កម្តៅ ហើយ​បើ​នរណា​មាន​កម្តៅ​រាងកាយ​ខ្ពស់ នឹងមិន​អនុញ្ញាត​ឲ្យ​ចូល​សាលា​ឡើយ​។​
 
​ចំណែកឯ​នៅ​ទូទាំងប្រទេស​ចិន​វិញ សាលារៀន​ដែល​ត្រូវបាន​បិទ ឬ​រៀន​ពី​ចម្ងាយ​តាំងពី​ខែមករា ក៏​ទើបតែ​ចាប់ផ្តើម​បើក​វិញ​កាលពី​ខែ​មុន​ប៉ុណ្ណោះ​។ ទីក្រុង​ប៉េកាំង និង​សៀង​ហៃ អនុញ្ញាត​ឲ្យ​សិស្ស​ខ្លះ​ចូលរៀន​កាលពី​សប្តាហ៍​មុន​។​
 
​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​មួយខែ​ចុងក្រោយ​នេះ ចំនួន​អ្នក​ឆ្លង​នៅ​ចិន​មានការ​ធ្លាក់ចុះ​យ៉ាងគំហុក និង​ពុំមាន​ករណី​ឆ្លង​ថ្មី​នៅក្នុង​ខេត្ត​ហ៊ូ​បី​ជាង​១​ខែ​ហើយ​។ ចិន​នៅតែ​បន្ត​បិទ​មិន​ឲ្យ​ជនបរទេស​ចូល​ប្រទេស​ខ្លួន ចំណែក​ជនជាតិ​ចិន​ដែល​មកពី​បរទេស​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​៕

© រក្សាសិទ្ធិដោយ thmeythmey.com