ជាតិ
រថយន្ត
៦​ថ្ងៃ សមត្ថកិច្ច​ឃាត់​យានយន្ត​ជាង​៥​ពាន់​គ្រឿង និង​មនុស្ស​៣​នាក់ ដែល​ប្រមាថ​សមត្ថកិច្ច​
07, May 2020 , 9:03 am        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៦​ថ្ងៃ សមត្ថកិច្ច​បាន​ឃាត់​យានយន្ត​៥ ២៨១​គ្រឿង និង​មនុស្ស​៣​នាក់ ដែល​បាន​ប្រមាថ​លើ​សមត្ថកិច្ច ក្នុងការ​អនុវត្ត​វិធានការ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​


 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​បញ្ជាក់ថា យានយន្ត​ជាង​៥​ពាន់​គ្រឿង​នេះ ក្នុងនោះ​ម៉ូតូ​៤,៤៩០​គ្រឿង​, រថយន្ត​តូចធំ​៧៩១​គ្រឿង ដោយ​អនុលោម​តាម​អនុក្រឹត្យ​លេខ​៣៩ ស្តីពី​ការផាកពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ក្នុង​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរ​រាច​រណ៍​នេះ សមត្ថកិច្ចក៏បាន​ឃាត់​មនុស្ស​៣​នាក់ ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនូវ​ព័ត៌មាន​ចាស់ និង​រូប​ភាពមិន​ពិត ជាពិសេស​រូបភាព​វីដេអូ បែប​ប្រមាថ ​និង​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ មកលើ​សមត្ថកិច្ច ដែល​ធ្វើឱ្យ​មហាជន​ភាន់ច្រឡំ​ផងដែរ ។​
 
​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មនុស្ស​ទាំង​៣​នាក់​នោះ ត្រូវបាន​នាំយកទៅ​អប់រំ ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បង្ហោះ​ព័ត៌មាន​មិន​ពិត មុននឹង​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​
 
​កន្លងមក​សម្ដេច ស ខេង បាន​បញ្ជាក់ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់លើ​ដងផ្លូវ និង​ធានា​សុខ​សុវត្ថិភាព​ពលរដ្ឋ ពោលគឺ​មិនមែន​ដាក់បន្ទុក​លើ​ប្រជាពលរដ្ឋនៅក្នុង​ស្ថានភាព​លំបាក​នៃ​ជំងឺ​កូ​វីដ​-១៩​នោះទេ​។​
 
​ឆ្លើយតប​នឹងប្រតិកម្ម​របស់​ពលរដ្ឋ​ជុំវិញ​វិធានការ​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ពន្យល់ថា​៖«​ការពិត​គឺ​មិន​ដូច្នេះ​ទេ ហើយក៏​មិនមែន​មានន័យថា ​ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬ​អង្គភាព​នគរបាល​ចរាច​រណ៍ ដែល​ដឹកនាំ ​និង​អ្នកអនុវត្ត​ច្បាប់​ ចង់បាន​ប្រាក់​ពី​ប្រជាពលរដ្ឋ​នោះទេ ។ ផ្ទុយទៅវិញ ​នេះ​គឺជា​ការថែរក្សា​ប្រាក់ និង​ថែរក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទៅវិញ​ទេ​»​។​
 
​សម្រាប់​ពលរដ្ឋ​ដែល​អនុវត្ត និង​បើកបរ​គោរព​ច្បាប់​ត្រឹមត្រូវ​នោះ ​​សមត្ថកិច្ច​ ក៏​មិន​ឃាត់​សួររក​ឯកសារ ដើម្បី​ផាកពិន័យ​ឡើយ​។ នេះ​បើតាម​សម្ដេច ស ខេង​៕

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com