COVID-19
អន្តរជាតិ
COVID-19៖ អេ​ស្ប៉ា​ញ​បន្ត​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​ដល់​ថ្ងៃទី​២៣ ឧសភា​
07, May 2020 , 9:59 am        
រូបភាព
លោក ប៉េត្រូ សាន់ឆេស នាយករដ្ឋមន្ត្រីអេស៉្បាញ-រូបភាពAFP
លោក ប៉េត្រូ សាន់ឆេស នាយករដ្ឋមន្ត្រីអេស៉្បាញ-រូបភាពAFP
ដោយ:
​សភា​អេ​ស្ប៉ា​ញ នៅ​ថ្ងៃទី​៦ ខែឧសភា បាន​បោះឆ្នោត​សម្រេច​បន្ត​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រយៈ​ពេល​២​សប្តាហ៍ ទៀត​ដោយ​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​បន្ត​អនុវត្ត​វិធានការ​រឹតបន្តឹង​ក្នុង​រយៈពេល​បិទ​ប្រទេស​។​

 
​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ បានសម្រេច​បិទ​ប្រទេស​អស់​រយៈពេល​ជិត​៨​សប្តាហ៍ ក្នុង​បំណង​ទប់ស្កាត់​ការឆ្លង​ជំងឺ​COVID-19​។ អេ​ស្ប៉ា​ញ​ជា​ប្រទេស​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺ​COVID-19 ដោយមាន​អ្នក​ឆ្លង​ចំនួន​ជាង​២​សែន​២​ម៉ឺន​នាក់ និង​ស្លាប់​ចំនួន​២​ម៉ឺន​៥​ពាន់​នាក់​។​
 
«​ការមិន​ខ្វល់​ពី​គ្រោះថ្នាក់ បណ្តាល​ពី​ជំងឺឆ្លង និង​ការបញ្ចប់​ស្ថានភាព​ប្រទេស​ក្នុង​ភាពអាសន្ន​រហ័ស​ពេក គឺជា​រឿង​ខុស​ទាំងស្រុង និង​ជា​កំហុស​ដែល​មិនអាច​អត់អោន​ឲ្យ​បាន​» នេះ​ជាការ​ព្រមាន របស់លោក ប៉េ​ត្រូ សាន់​ឆេស នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ នៅ​ថ្ងៃទី​៥ ឧសភា មុន​ការបោះឆ្នោត​សភា​។ លោក​សង្កត់ធ្ងន់ថា ការ​រឹតត្បិត​សេរីភាព​ក្នុងការ​ធ្វើដំណើរ និង​ការជួបជុំ មាន​គោលដៅ​សង្គ្រោះ​ជីវិត​ប្រជាជន​។​
 
​បើទោះបីជា​មានការ​ជំទាស់​ពី​បក្ស​ស្តាំនិយម​ក៏ដោយ រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​អាច​រកបាន​សម្លេង​គ្រប់គ្រាន់​ក្នុង​ការបោះ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នេះ ដោយមាន​សម្លេង​១៧៨​គាំទ្រ ៧៥​ជំទាស់ និង​៩៧​អនុប្បវាទ​។ 
 
​ការដាក់​ប្រទេស​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​អាសន្ន ត្រូវបាន​ប្រកាស​ដំបូង​នៅ​ថ្ងៃទី​១៤ ខែមីនា ផ្តល់​អំណាច​ឲ្យ​រដ្ឋាភិបាល​បង្ខំ​ប្រជាជន ៤៧​លាន​នាក់​ឲ្យ​នៅក្នុង​ផ្ទះ​។ ការបោះឆ្នោត​ថ្ងៃទី​៦ ខែឧសភា ជាការ​បោះឆ្នោត​លើក​ទី​៤​ហើយ​ដែល​រដ្ឋាភិបាល​បន្ត​ដាក់​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន ដោយ​វិធានការ​រ​រឹតត្បិត​នឹង​បន្ត​រហូតដល់​ថ្ងៃទី​២៣ ឧសភា ខណៈ​អេ​ស្ប៉ា​ញ​ក៏​កំពុងស្ថិត​ក្នុងដំណាក់កាល​ដំបូង​ក្នុងការ​ចេញពី​ការបិទ​ប្រទេស​។​
 
​អេ​ស្ប៉ា​ញ ទើបតែ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ខ្លះៗ ដូចជា​អនុញ្ញាត​ឲ្យ​កុមារ​ចេញលេង​ក្រៅ​ផ្ទះ និង​ឲ្យ​មនុស្ស​ធំ​ចេញ​ក្រៅ​ផ្ទះ​ធ្វើ​លំ​ហាត់ប្រាណ​។ ចំណែកឯ អាជីវកម្ម​មួយចំនួន​អាច​ដំណើរ​បាន ដរាបណា​មានការ​ណាត់​ទុកជា​មួយ​ភ្ងៀ​វ​។​
 
​នៅ​ថ្ងៃទី​៦ ខែឧសភា ចំនួន​អ្នកស្លាប់​នៅ​អេ​ស្ប៉ា​ញ​មាន​ចំនួន​២៤៤​នាក់ ដែលជា​ការកើនឡើង​បន្តិច បន្ទាប់ពី​ចំនួន​អ្នកស្លាប់​កាលពី​៣​ថ្ងៃមុន​មាន​តិចជាង​២០០​នាក់​។​
 
​គួរបញ្ជាក់​ផងដែ​ថា កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បានចេញ​ផែនការ សម្រាប់​បញ្ចប់​ពី​ការបិទ​ប្រទេស​ដែលមាន​៤​ដំណាក់កាល ហើយ​ដែល​នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​មិថុនា​។ ពេលនេះ​អេ​ស្ប៉ា​ញ​កំពុងស្ថិត​ក្នុងដំណាក់កាល​ដំបូង​នៃ​ការបញ្ចប់​ការបិទ​ប្រទេស​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com