ជាតិ
អ្នកទោស​៨៤​នាក់ ត្រូវ​បានស្នើ​លើកលែង និង​បន្ធូរ​បន្ថយទោស
07, May 2020 , 10:28 am        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក នុត សាវនា អ្នកនាំពាក្យពន្ធនាគារ
រូបពីហ្វេសប៊ុករបស់លោក នុត សាវនា អ្នកនាំពាក្យពន្ធនាគារ
​ភ្នំពេញ​៖ អ្នកទោស​៨៤​នាក់ ត្រូវ​បានស្នើ​លើកលែង និង​បន្ធូរ​បន្ថយទោស​ពី​ព្រះមហាក្សត្រ ។ អង្គប្រជុំ​នៃ​គណៈកម្មការ​ជាតិ បានសម្រេច​ស្នើសុំ​ទៅ​រដ្ឋាភិបាល ដើម្បី​ពិនិត្យ មុននឹង​ថ្វាយ​ព្រះមហា​ក្សត្រ​ព្រះរាជទាន​លើកលែងទោស នៅក្នុង​ថ្ងៃ​ពិសាខបូជា ។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងយុត្តិធម៌​។​

 
​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា ការអនុគ្រោះ​ទោស ដល់​ទណ្ឌិត​ទាំង​៨៤​នាក់​នេះ មាន​បន្ថយទោស​៦​ខែ​ដល់​ទណ្ឌិត​៣៤​នាក់ (​ស្រី​៣​នាក់​), បន្ថយទោស​៩​ខែ​ដល់​ទណ្ឌិត​២១​នាក់ (​ស្រី​១​នាក់​), បន្ថយទោស​១២​ខែ​ដល់​ទណ្ឌិត​១៩​នាក់ (​ស្រី​២​នាក់​) និង​ការលើកលែងទោស​ដល់​ទ​ណ្ឌិ​ត​១០​នាក់ (​ស្រី​២​នាក់​)​។​
 
​លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណៈកម្មការ បាន​បញ្ជូន​សំណើរ​ទៅ​រដ្ឋាភិបាល​ពិនិត្យ​ហើយ​។​
 
​កាលពី​ទី​២៨​មេសា ឆ្នាំ​២០២០ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ ដើម្បី​ពិនិត្យ​បញ្ជី​ស្នើសុំ​បន្ធូរ​បន្ថយទោស​និង​លើកលែងទោស​ដល់​ទណ្ឌិត​២៧៣​នាក់ ក្នុងឱកាស​ពិធីបុណ្យ​ពិសាខបូជា នៅ​ថ្ងៃទី​៦​ឧសភា​នេះ​។ បញ្ជី​ស្នើ​អនុគ្រោះ​ទោស​នេះ គឺ​មកពី​ពន្ធនាគារ​រាជធានី​-​ខេត្ត​ចំនួន​២០ និង​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​។ ក្រោយ​ប្រជុំ​ពិនិត្យ​រួច ក្រសួង​ក៏​សម្រេច​រៀបចំ​សំណើ​លើកលែងទោស​ទណ្ឌិត​៨៤​នាក់​នេះ​។​
 
​ជា​រៀងរាល់ឆ្នាំ​រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ឲ្យ​មានការ​បន្ធូរបន្ថយ​និង​លើកលែងទោស​ដល់​ទណ្ឌិត​៣​ដង​ក្នុង​១​ឆ្នាំ។ ក្នុងនោះ​មានបុណ្យ​ចូលឆ្នាំ បុណ្យពិសាខបូជា និង​បុណ្យអុំទូក​។ កាលពី​ចូលឆ្នាំ​ខ្មែរ​កន្លងទៅ ទណ្ឌិត​១៥៥​នាក់ ត្រូវបាន​ព្រះមហាក្សត្រ​ប​ន្ថូ​រ​បន្ថយ និង​លើកលែងទោស​តាម​សំណើរ​របស់​រដ្ឋាភិបាល​៕
 

Tag:
 ទណ្ឌិត​
  ពិសាខបូជា
© រក្សាសិទ្ធិដោយ thmeythmey.com