អន្តរជាតិ
ទាហាន​អាមេរិក សម្លាប់​ជន​ស៊ីវិល​១៣២​នាក់​ក្នុង​ប្រតិបត្តិការ​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ​២០១៩
07, May 2020 , 11:09 am        
រូបភាព
ទាហានអាមេរិក នៅអាហ្វហ្កានីស្ថាន (Reuters)
ទាហានអាមេរិក នៅអាហ្វហ្កានីស្ថាន (Reuters)
ដោយ:
​ជន​ស៊ីវិល​១៣២​នាក់ ត្រូវបាន​សម្លាប់​កាលពី​ឆ្នាំ​២០១៩ ក្នុង​ប្រតិបត្តិការ​យោធា​សកល​របស់​សហរដ្ឋអាមេរិក​។ មន្ទីរ​បញ្ច​កោណ​អាមេរិក បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី​៦ ខែឧសភា​។ ប៉ុន្តែ​តួលេខ​ស្លាប់​នេះ គឺ​ទាប​ជាង​ឆ្ងាយ បើ​ធៀប​នឹង​របាយការណ៍​ដែល​ចុះផ្សាយ​ដោយ​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​។

 
​ក្រសួងការពារជាតិ​អាមេរិក វាយតម្លៃថា ជន​ស៊ីវិល​ប្រមាណ ១៣២​នាក់ ត្រូវបាន​សម្លាប់ និង​៩១​នាក់​ផ្សេងទៀត រងរបួស អំឡុង​ឆ្នាំ​២០១៩ ដោយសារ​ប្រតិបត្តិការ​យោធា​អាមេរិក​ក្នុងប្រទេស អ៊ីរ៉ាក់ ស៊ី​រី អា​ហ្វ​ហ្កា​នី​ស្ថាន និង​សូ​ម៉ាលី​។ មន្ទីរ​បញ្ច​កោណ​អាមេរិក បញ្ជាក់​បែបនេះ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ខ្លួន​។ 
 
​របាយការណ៍​ដដែល​នេះ បន្ថែមថា ក្រសួងការពារជាតិ ពុំបាន​រកឃើញ​ជន​ស៊ីវិល​ណា​ម្នាក់​ដែល​រងគ្រោះ​ដោយសារ​ប្រតិបត្តិការ​យោធា​អាមេរិក​ក្នុងប្រទេស​យេ​ម៉ែន និង​លី​ប៊ី នោះឡើយ កាលពី​ឆ្នាំមុន​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ទីរ​បញ្ច​កោណ​អាមេរិក គូសបញ្ជាក់ថា ជន​ស៊ីវិល​រងគ្រោះ​ភាគច្រើន គឺ​ស្ថិតក្នុង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ដែលមាន​ករណី​ស្លាប់​១០៨​នាក់ និង​រងរបួស​៧៥​នាក់​។​
 
​ចំណែក​ក្នុងប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី មន្ទីរ​បញ្ច​កោណ​ទទួលខុសត្រូវ​លើ​ករណី​ស្លាប់​សរុប​ចំនួន ២២​នាក់ និង​រងរបួស​១៣​នាក់​ផ្សេងទៀត​។ ដោយឡែក ជន​ស៊ីវិល​ត្រឹម​២​នាក់​ប៉ុណ្ណោះ បាន​បាត់​បង់ជីវិត​ក្នុងប្រទេស​សូ​ម៉ាលី ខណៈ​អ្នករងរបួស​មាន​៣​នាក់​។ 
 
​ក្រៅពី​របាយការណ៍​ផ្លូវការ​របស់​ក្រសួងការពារជាតិ​អាមេរិក អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ក៏បាន​ចុះផ្សាយ​ទៀត​ទាត់​ជុំវិញ​តួលេខ​ជន​ស៊ីវិល​ស្លាប់​ក្នុង​ប្រតិបត្តិការ​យោធា​អាមេរិក​ក្នុង​តំបន់​សង្គ្រាម​ផងដែរ​។​
 
​អង្គការ Airwars ដែល​តាមដាន​ជន​ស៊ីវិល​រងគ្រោះ​បង្កឡើង​ដោយ​ការទម្លាក់​គ្រាប់បែក​អាមេរិក​នៅ​ជុំវិញ​ពិភពលោក ប៉ាន់​ស្មានថា ជន​ស៊ីវិល​ចន្លោះ​ពី​៤៦៥ និង​១១១៣​នាក់ ត្រូវបាន​សម្លាប់​ក្នុងប្រទេស​ស៊ី​រី ដោយសារ​ប្រតិបត្តិការ​យោធា​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១៩​។​
 
​របាយការណ៍​របស់​ក្រសួងការពារជាតិ​អាមេរិក​សម្រាប់​ឆ្នាំនេះ រីកចម្រើន​ខ្លះ​ខាង​ផ្នែក​តម្លាភាព​ក្នុង​ប្រតិបត្តិការ​យោធា​អាមេរិក ក៏ប៉ុន្តែ​ពួកគេ​នៅតែមាន​ចន្លោះប្រហោង​ពាក់ព័ន្ធ​នឹង​ការរាប់​ចំនួន​អ្នកស្លាប់​។ អ្នកស្រី Daphne Eviatar នៃ​អង្គការ​ដោះលែង​អ្នកទោស​អន្តរជាតិ លើកឡើង​បែបនេះ​៕
 

Tag:
 សហរដ្ឋអាមេរិក​
  ក្រសួងការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com