COVID-19
ជាតិ
សារព័ត៌មាន​អាល្លឺម៉ង់ DW ផ្តល់​ពាន «​សេរីភាព​បញ្ចេញមតិ​» ដល់​លោក សុវណ្ណ រិទ្ធី
07, May 2020 , 12:01 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក សុវណ្ណ រិទ្ធី ចាងហ្វាង​សារព័ត៌មាន​អន​ឡាញ TVFB ដែល​កំពុង​ជាប់​ឃុំឃាំង ស្ថិតក្នុង​ចំណោម​អ្នកកាសែត​១៧​នាក់ ពី​១៤​ប្រទេស​ដែល​ត្រូវ​ទទួលបាន​ពាន «Freedom of Speech Award» ប្រចាំឆ្នាំ​២០២០ ពី​ស្ថាប័ន​សារព័ត៌មាន​អាល្លឺម៉ង់ Deutsche Welle (DW)​។ យោងតាម​ការផ្សាយ​រប​ស់​វិ​ប​សាយ DW ពាន​នេះ គឺ​ឧទ្ទិស​ដល់​អ្នកកាសែត​ទាំងអស់​នៅលើ​ពិភពលោក ជួប​ការ​ធ្វើទុក្ខបុកម្នេញ​ពេល​រាយការណ៍​ពី COVID-19​។​

 
DW បាន​បង្កើតពាន Freedom of Speech Award ប្រចាំឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៥​មក ដើម្បី​លើកទឹកចិត្ត​ចំពោះ​អ្នកសារព័ត៌មាន​ដែលមាន​គំនិត​ផ្តួចផ្តើម និង​ការតាំង​ចិត្ត​លើ​ការការពារ​សិទ្ធិមនុស្ស និង​សេរីភាព​នៃ​ការបញ្ចេញមតិ​។​
 
​សម្រាប់​ឆ្នាំ​២០២០​នេះ DW បានផ្តល់​សម្រាប់​បណ្តា​អ្នកសារព័ត៌មាន​ដែល​បាត់​ខ្លួន ឬ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​បេសកកម្ម​រាយការណ៍​ពី COVID-19​។​
 
​លោក សុវណ្ណ រិទ្ធី ចាងហ្វាង​TVFB ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​៨ ខែមេសា ក្រោម​បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាម​មាត្រ ៤៩៥ ពាក់ព័ន្ធ​នឹង​ការសរសេរ​លើ​ហ្វេ​ស​ប៊ុ​កដោយ​ស្រង់​ពាក្យសម្តី​សម្ដេច ហ៊ុន សែន ដែល​បាន​និយាយថា «​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះទេ​»​។ ក្រោយមក ក្រសួង​ព័ត៌មាន​ក៏បាន​លុប​អាជ្ញា​បណ្ណ​ស្ថាប័ន​សារព័ត៌មាន TVFB ផងដែរ​។​
 
​ជុំវិញ​ករណី​ខាងលើនេះ លោក សុវណ្ណ សុខា ឪពុក​លោក សុវណ្ណ រិទ្ធី ក៏បាន​ស្នើ​សុំឱ្យ​ប្រមុខ​រដ្ឋាភិបាល អធ្យាស្រ័យ​និង​អនុគ្រោះ​លោក រិទ្ធី តាមរយៈ​វីដេអូ​សុំទោស​ជំនួស​កូន​ផងដែរ ។ លោក​អះអាងថា កូន​របស់ខ្លួន គ្មាន​ចេតនា​វាយប្រហារ​លើ​រដ្ឋា​ភិ​បាល​ឡើយ​។ 
 
​ម្ចាស់​ពាន​១៦​នាក់​ផ្សេងទៀត​រួមមាន Ana Lalic (​ស៊ែ​ប៊ី​), Blaz Zgaga (​ស្លូ​វេ​នី​), Sergej Sazuk (​បេឡា​រុស​), Elena Milashina (​រុស្ស៊ី​), Darvinson Rojas (​វេ​ណេ​ស៊ុយ​អេ​ឡា​), Mohammad Mosaed (​អ៊ីរ៉ង់​), 
Beatific Gumbwanda (​ស៊ីម​បា​វ៉េ​), David Musisi Karyankolo (​អ៊ូ​ហ្គ​ង់​ដា​), Nurcan Baysal (​តួ​ក​គី​), İsmet Çiğit (​តួ​ក​គី​), Fares Sayegh (​ហ្ស៊​កដា​នី​), Siddharth Varadarajan (​ឥណ្ឌា​), Maria Victoria Beltran (​ហ្វីលីពីន​), Chen Qiushi (​ចិន​), Li Zehua (​ចិន​), Fang Bin (​ចិន​)៕

Tag:
 DW
© រក្សាសិទ្ធិដោយ thmeythmey.com