រោងចក្រ​មួយចំនួន​តូច​ងាក​មក​ផលិត​ម៉ាស ខណៈ​រដ្ឋាភិបាល​បញ្ចប់​កំហិត​ការនាំចេញ​
ជាតិ
សេដ្ឋកិច្ច
រោងចក្រ​មួយចំនួន​តូច​ងាក​មក​ផលិត​ម៉ាស ខណៈ​រដ្ឋាភិបាល​បញ្ចប់​កំហិត​ការនាំចេញ​
07, May 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​ដេក​សម្លៀកបំពាក់​នៅ​ក្នុង​រោងចក្រ​មួយ​ នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧។
រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​ដេក​សម្លៀកបំពាក់​នៅ​ក្នុង​រោងចក្រ​មួយ​ នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧។
ដោយ: VOA
​ភ្នំពេញ ៖ រោងចក្រ​មួយចំនួន​ដែល​កំពុង​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ បាន​ងាក​មក​ផលិត​ម៉ាស​វេជ្ជសាស្ត្រ​ច្រើន​ប្រភេទ​ដើម្បី​បញ្ចៀស​ការបិទ​រោងចក្រ​ស្របពេល​រដ្ឋាភិបាល​កម្ពុ​ជា​អនុញ្ញាត​ឲ្យ​មានការ​នាំចេញ​ម៉ាស​និង​ផលិតផល​វេជ្ជសាស្ត្រ​ដទៃទៀត​ដោយ​សេរី​ទៅ​លក់​នៅក្រៅ​ប្រទេស​។​

 
​ចាប់តាំងពី​ចុងខែ​មីនា​ការនាំ​ចេញទៅ​ក្រៅប្រទេស​នូវ​រាល់​សម្ភារៈ​វេជ្ជសាស្ត្រ​នានា ដូចជា​ម៉ាស ទឹក​អាល់កុល​លាងដៃ សម្លៀកបំពាក់​ពេទ្យ ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដោយ​រដ្ឋាភិបាល​ចង់រ​ក្សា​ទុក​សម្ភារៈ​ទាំងនេះ​ក្នុងប្រទេស​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​
 
​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​៤ ខែឧសភា លោក គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានសម្រេច​អនុញ្ញាត​ការនាំចេញ​ម៉ាស​គ្រប់​ប្រភេទ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ទៀតឡើយ​។ ការសម្រេច​នេះ​ធ្វើឡើង​នៅ​គ្រា​ដែល​កម្ពុជា​រក​មិនឃើញ​មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​ជាង​៣​សប្តាហ៍​មកនេះ​។​
 
​លោក គុណ ញឹម បញ្ជាក់​ក្នុង​លិខិត​នោះ​ថា ការបន្ធូរបន្ថយ​នេះ​កើតមាន​«​ដោយ​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​អាច​គ្រ​ប់​គ្រង និង​ធានាបាន​នូវ​ស្តុក​បម្រុង​គ្រប់គ្រាន់​នូវ​មុខទំនិញ​ម៉ាស ដែល​បម្រើ​ដល់​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​នៅក្នុង​ប្រទេស​»​។​
 
​ស្ថិតិ​របស់​ក្រសួង​ឧស្សាហកម្ម ដែល​កត់ត្រា​នៅ​ដើមខែ​មេសា​នេះ​បង្ហាញថា​មាន​រោងចក្រ​យ៉ាងហោច​៧ និង​សិប្បកម្ម​យ៉ាងហោច​៧​មូលដ្ឋាន ផលិត​ម៉ាស ដែល​ខ្លះ​កំពុងដំណើរការ និង​ខ្លះទៀត​កំពុង​សុំ​ចុះបញ្ជី​ផលិត​ម៉ាស​និង​សម្លៀកបំពាក់​ពេទ្យ​។​

 
 
​ក្រសួង​ឧស្សាហកម្ម​លើកឡើងថា បើ​រោងចក្រ​និង​សិប្បកម្ម​ទាំងអស់នេះ​ដំណើរការ​ព្រម​គ្នា កម្ពុជា​មានលទ្ធភាព​ផលិត​ម៉ាស​យ៉ាងហោចណាស់​៩១​លាន​ម៉ាស​ក្នុង​មួយខែៗ សម្លៀកបំពាក់​ពេទ្យ​យ៉ាងហោច​១៧​លាន​សម្រាប់​និង​មួក​ពេទ្យ​យ៉ាងហោច​៩​លាន​មួក​។​
 
​ខណៈ​រោងចក្រ​សហគ្រាស​ជាច្រើន​ក្នុង​វិស័យ​កាត់ដេរ​នេះ ត្រូវ​បិទទ្វារ​ផ្អាក​ដំណើរការ បណ្ដាល​ពី​ផលប៉ះពាល់​នៃ​ការឆ្លង​រាលដាល​ជាស​កល​នៃ​វីរុស​កូ​រ៉ូ​ណា នោះ រោងចក្រ​កាត់ដេរ​យ៉ាងហោច​ចំនួន​៣ បាន​បង្វែរ​ឬ​បន្ថែម​ការផលិត​ជា​ម៉ាស​ដើម្បី​បញ្ចៀស​ការផ្អាក​ផលិតកម្ម​។  នេះ​បើតាម​តួលេខ​របស់​រដ្ឋាភិបាល​ដែល​VOA​ទទួលបាន​។​
 
​រោងចក្រ​មីង​ហ្វៃ​(Ming Fai)​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​ត្រូវបាន​ក្រសួងសុខាភិបាល​បញ្ជា​ទិញ​ម៉ាស​សម្រាប់​ស្តុក​ក្នុង​ឃ្លាំង​បម្រុង​ប្រើប្រាស់​របស់​រដ្ឋ​នោះ បានសម្រេច​ផ្លាស់ប្តូរ​ទៅ​ផលិត​ម៉ាស​វិញ​។​
 
​រោងចក្រ​ដែលមាន​ម្ចាស់​ជា​ជនជាតិ​ចិន​ហុងកុង​មួយ​នេះ ក៏បាន​រង​ផលប៉ះពាល់ ដោយសារ​ការបញ្ជាទិញ​ផលិតផល​ប្រើប្រាស់​ក្នុង​សណ្ឋាគារ និង​យន្តហោះ​ធ្លាក់ចុះ​។​នេះ​បើ​យោងតាម លោក អ៊ឹម សារ៉ាត់ តំណាង​រោងចក្រ​មីង​ហ្វៃ​។​
 
«​ដោយសារតែ​កូ​វីដ​១៩​នេះឯង​ដល់ពេល​អ៊ីចឹងទៅ នាំឱ្យ​តម្រូវការ​នៃ​ការបញ្ជាទិញ​ហ្នឹង​មានការ​ធ្លាក់ចុះ ... ហើយ​ពាក់ព័ន្ធ​ជាមួយនឹង​ការបញ្ជាទិញ​ពី​ខាង​អឺរ៉ុប ពី​ខាង​អាមេរិក​ក៏​គេ​ផ្អាក​អ៊ីចឹង​»​។​
 
​លោក អ៊ឹម សារ៉ាត់ បាន​ថ្លែងប្រាប់​VOA​តាម​ទូរស័ព្ទ​ថា ដើម្បី​បញ្ចៀស​ការផ្អាក​ដំណើរការ រោងចក្រ​មីង​ហ្វៃ​បាន​បង្វែរ​ផលិតកម្ម​របស់ខ្លួន​ទៅជា​ការផលិត​ម៉ាស ដែលជា​បរិក្ខារ​សំខាន់​សម្រាប់​បម្រើឱ្យ​សកម្មភាព​វេជ្ជសាស្ត្រ និង​ជីវភាព​ប្រជាជន​ទូទៅ​ក្នុងការ​ការពារ​ទ​ប់​ទល់នឹង​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​។​
 
«​ដោយសារ​តែមាន​តម្រូវការ​[​ម៉ាស​]​ពី​ខាង​Buyers (​អ្នកបញ្ជា​ទិញ​) ខាង​ខ្ញុំ​នេះ​សម្រេច​ថា ផលិត​បន្ថែម​ផលិតផល​មួយ​មុខ​ទៀត​ទាក់ទង​នឹង​ការ​ដេរ​ម៉ាស​នេះ​»​។​
 
​រោងចក្រ​ផ្សេងទៀត​ដែល​ប្តូរ​មក​ផលិត​ម៉ាស រួមមាន​រោងចក្រ Roo Hsing Garment ស្ថិតក្នុង​ខណ្ឌឫស្សីកែវ និង​រោងចក្រ Global Apparel Textile (Cambodia) Manufacturing ដែល​ពីមុន​ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​។​
 
VOA​មិនទាន់​អាចទាក់ទង​តំណាង​រោងចក្រ​ទាំងនេះ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បាន​នៅឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ​។​
 
​តំណាង​រោងចក្រ​មីង​ហ្វៃ លោក អ៊ឹម សារ៉ាត់ បន្ថែមថា បើ​គ្មាន​ការផលិត​ម៉ាស​នោះទេ រោងចក្រ​មានការ​ងារ​តិចតួច​ប៉ុណ្ណោះ​សម្រាប់​កម្មករ​។ លោក​បញ្ជាក់ថា ការប្តូរ​មក​ផលិត​ម៉ាស​នេះ​បាន​រក្សា​ការងារ​សម្រាប់​កម្មករ​ប្រមាណ​៧០%​ក្នុងចំណោម​កម្មករ​ស​រុ​ប​២.៣០០​នាក់​។ លោក​ថា រោងចក្រ​នេះ​ក៏មាន​គម្រោង​នាំចេញ​ដែរ បើ​មាន​តម្រូវការ​និង​ការបញ្ជាទិញ​។​
 
​តម្រូវការ​ម៉ាស​និង​សម្លៀកបំពាក់​ពេទ្យ​កំពុងមាន​កម្រិត​ខ្ពស់​នៅ​ទូទាំង​ពិភពលោក ខណៈ​ករណី​ឆ្លង​សរុប​វីរុស​កូ​រ៉ូ​ណា​ក្នុង​សាកលលោក មាន​ទៅដល់​ជាង​៣​លាន​៦​សែន​នាក់ គិត​ត្រឹម​សប្ដាហ៍​ដំបូង​នៃ​ខែឧសភា​នេះ​។​
 
​លោកស្រី Fadela Chaib អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក​(WHO) ឱ្យដឹងថា​តម្រូវការ​សម្ភារៈ​វេជ្ជសាស្ត្រ​បម្រើឱ្យ​មន្ទីរពេទ្យ​នៅ​ទូទាំង​ពិភពលោក រួមមាន​ម៉ាស បំពង់​ជំនួយការ​ដកដង្ហើម និង​សម្លៀកបំពាក់​ពេទ្យ កើនឡើង​២០​ដង​លើស​ពេល​ធម្មតា​។ លោកស្រី​ប្រាប់​VOA​តាម​សារ​អេឡិចត្រូនិក ឬ​អ៊ី​ម៉ែ​ល​ក្នុងន័យ​ដើម​ថា​៖
 
«​យើង​បានឃើញ​រោងចក្រ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​បាន​បង្វែរ​ខ្សែសង្វាក់​ការផលិត​របស់ខ្លួន​ទៅ​ផលិត​ជា​ឧបករណ៍​វេជ្ជសាស្ត្រ​វិញ​។ ការណ៍​នេះ​ពិតជា​មាន​តម្រូវការ​ចាំបាច់​ណាស់​អំ​ឡុង​ពេល​មាន​កល​យុគ​ធ្ងន់ធ្ងរ​បំផុត​[​នៃ​ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​]​ដែល​មិន​ធ្លាប់មាន​នេះ​»​។​
 
​កាលពី​ថ្ងៃទី​៧ ខែមេសា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា វា​មិន​ងាយ​នឹង​ប្រែក្លាយ​ម៉ាស៊ីន​ផលិត​ខោអាវ និង​ស្បែកជើង​ទៅ​ផលិត​ម៉ាស​នោះទេ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​អ៊ីចឹង​ខ្ញុំ​អាច​គ្រាន់តែ​បញ្ជាក់ថា មិនមែន​រដ្ឋាភិបាល​គិត​មិនឃើញ​ទេ​។ តាំងពី​ខ្ញុំ​ចេញ​ប្រជុំ​(​ជាមួយ​អ្នក​)​កាសែត​ដំបូង ខ្ញុំ​ស្នើ​ឲ្យ​រោងចក្រ​នៅក្នុង​ប្រទេស​របស់​យើង​ផលិត​ម៉ាស​។ ប៉ុន្តែ​ធ្វើទៅ​មិន​រួច ដោយ​ផ្ទេរ​អា​សង្វាក់​ផលិតកម្ម​ទៅ​វា​មិនបាន​»​។​


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
 
​លោក អ៊ុំ សុថា រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម ប្រាប់​VOA​ថា រដ្ឋាភិបាល​លើកទឹកចិត្ត​ឱ្យ​រោងចក្រ​កាត់ដេរ​ងាក​ទៅ​ផលិត​ម៉ាស បើសិន​មានលទ្ធភាព តែ​លោ​កថា មិនមែន​គ្រប់​រោងចក្រ​សុទ្ធតែ​អាច​ប្តូរ​ការផលិត​បានទេ​។​
 
«​មិនមែន​ថា គាត់​មិន​ចង់​ទេ​។ ប៉ុន្តែ​អ្នកខ្លះ​ការ​បង្វែរ​Convert(​ប្តូរ​)​វា​ទៅជា​ការផលិត​ម៉ាស​អ៊ីចឹង ខ្លះ​គាត់​ត្រូវ​ខ្វះ​អ្នកបច្ចេកទេស ដែល​ត្រូវ​រៀបចំ​។ អ៊ីចឹង ដែល​ត្រូវ​បង្វែរ​ភ្លាម​មិនមែន​បាន​ដូច​ចិត្ត​យើង​ទេ ត្រូវ​កែច្នៃ​ខ្សែសង្វាក់​ផលិតកម្ម​ខ្លះ​។ នេះ​ទីមួយ​។ ទី​ពីរ​គឺ ចំពោះ​រោងចក្រ​មួយចំនួន​ដែល​យើង​ដឹង ខ្វះ​គឺ​ខ្វះ​ហើយ តែ​គាត់​ចង់ឱ្យ​មានការ​កុម្ម៉ង់​ទិញ​ច្បាស់លាស់​ដែរ​»​។​
 
​ដូច​ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​មានប្រសាសន៍ថា ការ​បង្វែរ​ផលិតកម្ម​ទៅធ្វើ​ម៉ាស​វិញ​នោះ សម្រាប់​រោងចក្រ​កាត់ដេរ វា​មិនមែនជា​រឿង​ធម្មតា​ដែល​អាចធ្វើ​បាន​ដោយ​ងាយ​ឡើយ ដោយសារតែ​ម៉ាស៊ីន​ផលិត​មាន​ទ្រង់ទ្រាយ​ខុសគ្នា ហើយ​ការផលិត​ម៉ាស​ទាមទារ​ឱ្យមាន​បន្ទប់​លម្ហ​ផលិតកម្ម​ដែលមាន​អនាម័យ និង​ស្អាត​បំផុត​។​
 
«​វា​ពិបាក​ខ្លាំងណាស់​។ វា​មិន​ដូច​លោក​គិតថា​ងាយស្រួល​ឡើយ​។ បើ​វា​ងាយ​នោះ មកដល់​ម៉ោង​នេះ យើង​ជា​រោងចក្រ​ទាំងអស់​ធ្វើការ​ប​ម្លែ​ង​មក​ផលិត​ម៉ាស​រួចទៅហើយ​»​។​
 
​តំណាង​សមាគម​ថៅកែ​រោងចក្រ​រូបនេះ​លើកឡើងថា អ្នកវិនិយោគ​មិនទាន់​រក​ច្រកចេញ​ឃើញ​នៅឡើយ​អំពី​ជម្រើស​សេដ្ឋកិច្ច​ផ្សេងទៀត ដើម្បី​បញ្ចៀស​ផលប៉ះពាល់ ខណៈ​អ្នកបញ្ជា​ទិញ​នៅ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក មិនទាន់​ទទួល​ផលិតផល​ដែល​ផលិត​សម្រេច ហើយ​មិនមាន​ការបញ្ជាទិញ​ថ្មី​។​
 
​លោក​បញ្ជាក់ថា​៖«​គ្មាន​ជម្រើស​អ្វី​ផ្សេង​ឡើយ​។ នេះហើយ​ជា​បញ្ហា​»​។​
 
​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ប៉ាន់ប្រមាណ​ថា គិតពី​ខែមករា​រហូតដល់​ចុងខែ​ឧសភា​ខាងមុខនេះ រោងចក្រ​ដែល​បិទ ឬ​ផ្អាក​ដំណើរការ អាច​កើន​ទៅដល់​ប្រមាណ​២៤០ ដែល​ប៉ះពាល់​ដល់​ការងារ​កម្មករ​សរុប​ប្រមាណ​៣០​ម៉ឺន​នាក់​។​
 
​អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​យល់ស្រប​នឹង​ការលើកឡើង​របស់​តំណាង​សមាគម​រោងចក្រ​កាត់ដេរ ដោយ​ថ្លែងថា ផលិតកម្ម​រោងចក្រ​ធំៗ ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន ហាក់​ពិបាក​ប្តូរ​ទៅ​ផលិត​ម៉ាស​វិញ ដែល​អ្នកស្រី​ថា អាចមាន​តម្រូវការ​ប៉ុន្តែ​មិនមែន​ក្នុង​រយៈពេល​វែង​នោះទេ​។ មេដឹកនាំ​សហជីព​រូបនេះ ក៏បាន​បង្ហាញ​ក្តីបារម្ភ​ដែល​កម្មករ​ជាច្រើន​បាន​បាត់បង់​ការងារ​នៅក្នុង​វិស័យ​កាត់​ដែរ​នេះ​។​
 
​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​សម្រាប់​ធ្វើដំណើ​រ គឺជា​ក្បាលម៉ាស៊ីន​នៃ​ការនាំចេញ​ធំ​បំផុត​លំដាប់​ទីមួយ​របស់​កម្ពុជា ដែលមាន​រោងចក្រ​សរុប​ប្រមាណ​១.០៧០​។ វិស័យនេះ​បាន​ស្រូបយក​កម្លាំង​ពលកម្ម​ជាង​៨០​ម៉ឺន​នាក់ ដែល​ភាគច្រើន​គឺជា​ប្រជាពលរដ្ឋ​មកពី​បណ្តា​ខេត្ត​និង​ជនបទ​។​
 
​ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាន​ព្យាករ​ថា ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​នេះ​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ​២០២០​នេះ​ថមថយ ពោល​គឺអាច​ធ្លាក់ចុះ​ពី​ការ​ព្យាករ​ពីមុន​ដែលថា មាន​កំណើន​៦,៨% នោះ​ធ្លាក់​រហូតដល់​ទៅ​១,៥% ដែលជា​ការធ្លាក់ចុះ​ខ្លាំង​បំផុត​លើកដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com