COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Bundesliga ប្រកួត​វិញ​ហើយ​ចាប់ពី​ថ្ងៃទី​១៥ ឧសភា​តទៅ​
07, May 2020 , 1:47 pm        
រូបភាព
 ក្របខណ្ឌ Bundesliga នឹង​ត្រឡប់​ទៅកាន់​ការប្រកួត​ឡើងវិញ​នៅ​ថ្ងៃទី​១៥ ខែឧសភា បន្ទាប់ពី​ផ្អាក​ជិត​​២​ខែ ដោយសារ COVID-19​។ អធិការបតី​អាល្លឺម៉ង អែន​ជែ​ឡា មឺ​ហ្គែ​ល (Angela Merkel) ជា​អ្នក​បញ្ជាក់​ដោយផ្ទាល់ ក្រោយ​កិច្ចប្រជុំ​ជាមួយ​អភិបាលរដ្ឋ​នានា​ នៅ​ថ្ងៃទី​៦ ខែឧសភា​។​



​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFL) បាន​អះអាងថា លី​គ​កីឡាបាល់ទាត់​កំពូល​អាល្លឺម៉ង់​ បានក្លាយ​ជាលី​គ​ដំបូង ក្នុង​ចំណោម​លី​គ​ធំៗ​ទាំង​៥​ ​នៅ​អឺរ៉ុប ដែល​អាច​វិល​ចូល​ការប្រកួត​វិញ​ សម្រាប់​រដូវ​សេសស​ល់ ក្រោយ​ផ្អាក​តាំងពី​ថ្ងៃទី​១៣ ខែមីនា​មក​។​
 
​ក្នុង​សន្និសីទ​សារព័ត៌​មាន នៅ​ទីក្រុង​បែរ​ឡាំង (Berlin) អ្នកស្រី Angela Merkel បាន​និយាយថា ការប្រកួត​នឹងត្រូវ​អនុញ្ញាតឲ្យ​លេង​ក្រោម​ច្បាប់​ដែល​បានអនុម័ត ដើម្បី​បង្ការ​ជំងឺឆ្លង COVID-19​។ ថ្នាក់ដឹកនាំ​កំពូល​របស់​អាល្លឺម៉ង់​រូបនេះ បាន​យល់ព្រម​លើ​ផែនការ​មួយ​ សម្រាប់ Bundesliga ដើម្បី​បន្ត​ប្រកួត​ ក្នុង​កីឡដ្ឋាន​ដោយ​គ្មាន​អ្នកគាំទ្រ ហើយ​កីឡាករ​ទាំងអស់​ត្រូវ​ទ​ទួល​ការត្រួតពិនិត្យ​ជាប្រចាំ​។​
 
​មួយវិញទៀត ការអនុញ្ញាត​ខាងលើនេះ ​ត្រូវបាន​ផ្តល់ជូន​ក្នុង​លក្ខខណ្ឌ​ណែនាំ​យ៉ាង​តឹងរ៉ឹង​ ទៅលើ​កីឡាករ ដោយមាន​មន្ត្រី​អនាម័យ​ដែល​ត្រូវបានតែងតាំង​សម្រាប់​ក្រុម​នីមួយៗ​ ដើម្បី​ការពារ​ការឆ្លង​ជំងឺ​រាតត្បាត​សកល​មួយ​នេះ​។​ 
 
​ការសម្រេច​ឲ្យ​ត្រឡប់​ទៅរក​ការប្រកួត​វិញ​នេះ បានទទួល​ការ​សាទរ​អ្នកគាំទ្រ កីឡាករ ក៏ដូចជា​ប្រធាន​ក្លិប​ផងដែរ​។ លោក Karl Heinz Rummenigge ប្រធាន​ក្លិប Bayern Munich បាន​សម្តែង​ការ​អរគុណ ​ទៅកាន់​ក្រុម​អ្នកនយោបាយ​ ដែល​យល់ព្រម​ផ្តល់ឱកាស ​ឲ្យ​មានការ​ប្រកួត​ដើម្បី​បញ្ចប់​លី​គ​រដូវ​កាល​នេះ​។  ​ប្រធាន DFL លោក Christian Seifert ថា ការផ្តល់ជូន​នេះ ​ជា​ព័ត៌មាន​ដ៏​ល្អ​បំផុត​ សម្រាប់​ក្របខណ្ឌ Bundesliga និង Bundesliga 2 លី​គ​ទី​ពីរ​អាល្លឺម៉ង់​។​
 
​លី​គ​កំពូល​អាល្លឺម៉ង់​ ដែលមាន​១៨​ក្រុម​ចូលរួម បាន​ឆ្លងកាត់​ការប្រកួត​ចំនួន​២៥​លើក​រួចមកហើយ ពោលគឺ​នៅសល់​៩​ប្រកួត​ទៀត​ប៉ុណ្ណោះ ​នឹង​បញ្ចប់​រដូវ​កាល ២០១៩-២០២០​នេះ​។ Bayern Munich ជា​ក្រុម​នាំមុខគេ​ក្នុង​តារាង Bundesliga ដោយ​រកបាន​៥៥​ពិន្ទុ នាំមុខ​គូប្រជែង Borussia Dortmund ចំនួន​៤​ពិន្ទុ​៕

Tag:
 Bundesliga
  COVID-19
  Angela Merkel
© រក្សាសិទ្ធិដោយ thmeythmey.com