សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាត់ទុកការពិន័យមន្ត្រី៤រូប មិនឲ្យពាក់ព័ន្ធកីឡាអស់មួយជីវិត ជារឿងមួយដ៏លំបាកសម្រាប់ខ្លួន ខណៈពួកគេសុទ្ធសឹងជាមន្ត្រីមានសមត្ថភាព។ ប៉ុន្តែសហព័ន្ធ ត្រូវតែចិត្តដាច់ ក្នុងការបោសសម្អាតមន្ត្រីពុករលួយនេះ ដើម្បីបង្ហាញពីភាពស្អាតស្អំ ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា។
លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែត ស្តីពីការពិន័យមន្ត្រីទាំង៤នាក់ខាងលើ ចាត់ទុកការបោសសម្អាតមន្ត្រីខិលខូច គឺជាការផ្តល់ឱកាសឲ្យមនុស្សជំនាន់ក្រោយ ដែលមានសមត្ថភាពផងដែរ។ បើតាមលោក សារ៉េត បច្ចុប្បន្នកម្ពុជាសម្បូរធនធានផ្នែកវិស័យកីឡាបាល់ទាត់ច្រើនណាស់។
«ថ្នាក់ដឹកនាំនិងគណៈកម្មការប្រតិបត្តិទាំងអស់ គាត់បានពិចារណាថា ធនធានយើងឥឡូវច្រើន ត្រូវតែចិត្តដាច់បន្តិច ព្រោះអ្នកជំនាន់ក្រោយមានច្រើនណាស់ ហើយអ្នកចេះភាសាអង់គ្លេស និងអ្នកស្រឡាញ់បាល់ទាត់កាន់តែសប្បូរ។ យើងដឹងថា ការរៀនជំនាញខាងផែ្នកបាល់ទាត់ ត្រូវការចំណាយពេលច្រើន តែយើងមានធនធានសម្រាប់ត្រៀម»។ នេះជាការបញ្ជាក់របស់លោក កែវ សារ៉េត។
អតីតប្រធានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទីរូបនេះបានបន្ថែមថា ការលុបបំបាត់អំពើអវិជ្ជមាន ក៏ជាផ្នែកមួយជួយស្តារមុខមាត់ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ដែលកំពុងបោះជំហានទៅមុខជាលំដាប់ផងដែរ។ ការធ្វើបែបនេះ ក៏ជាការព្រមានដល់មន្ត្រីផ្សេងៗ កុំឲ្យប្រព្រឹត្តកំហុសឆ្គងបែបនេះ ទៅថ្ងៃអនាគតផងដែរ។
លោក កែវ សារ៉េត បានបន្ថែមថា៖«យើងត្រូវតែចិត្ដដាច់ ក្នុងការបោសសម្អាតអំពើអវិជ្ជមានទាំងអស់នេះ ដើម្បីយើងស្តារមុខមាត់ផង ហើយកុំឲ្យខូច នូវអ្វីដែលទិសដៅរបស់យើង។ គណៈកម្មការប្រតិបត្តិ ជាពិសេសឯកឧត្តម សៅ សុខា តែងតែលើកនូវយុទ្ធសាស្ត្រទាំង១២ចំណុច គឺមានការអភិវឌ្ឍគ្រប់បែបយ៉ាង ក្នុងនោះក៏មានផែ្នកដែលអស់លោកទទួលខុសត្រូវដែរ»។
តែយ៉ាងណា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញការសោកស្តាយ ចំពោះការបាត់បង់មន្ត្រីមានសមត្ថភាពទាំង៤រូប ជាពិសេសគុណសម្បត្តិ ដែលពួកគេបានធ្វើកន្លងមក ជាមួយសហព័ន្ធ។ ការសម្រេចចិត្តទាំងបង្ខំរបស់សហព័ន្ធ ធ្វើឡើងក្រោយទោសកំហុសរបស់ពួកគេ មិនអាចទទួលបានការលើកលែង។
លោក កែវ សារ៉េត បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖«ពេលគាត់ចេញទៅ មិនមែនយើងមិនសោកស្តាយនូវគុណប្រយោជន៍ ដែលគាត់បានធ្វើកន្លងមកនោះទេ តែដោយសារគាត់បានប្រព្រឹត្តកំហុស ដែលយើងពិបាកនឹងលើកលែងទោសឲ្យបាន ហើយក៏មានទំពាំងស្នងឫស្សី លើផ្នែកនីមួយៗដែរ»។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី៦ ឧសភា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្រេចពិន័យមន្ត្រី៤រូប មិនឲ្យពាក់ព័ន្ធវិស័យកីឡាមួយជីវិត ពាក់ព័ន្ធការកិបកេងថវិកាជាង៥ម៉ឺនដុល្លារ ដែលកម្មវិធីប្រកួតបាល់ទាត់ Tiger Street ផ្តល់ឲ្យសហព័ន្ធ(គិតចាប់ពីឆ្នាំ២០១៥-២០១៩)។
មន្ត្រីទាំង៤រូបនោះ រួមមានលោក ម៉ៃ តុលា អតីតអគ្គលេខាធិការរងសហព័ន្ធ, លោក ឆាំង ពិសិដ្ឋ អតីតប្រធានការិយាល័យរៀបចំការប្រកួត, លោក ទុយ វិច្ឆិកា អតីតប្រធានការិយាល័យអាជ្ញាកណ្តាល និងលោក គល់ សុភារម្យ អតីតប្រធានការិយាល័យរដ្ឋបាល៕