COVID-19
អន្តរជាតិ
លោក ត្រាំ ថា​វិបត្តិ COVID-19 អាក្រក់​ជាង​ការវាយប្រហារ​នៅ​ភើ​ល ហា​ប៊័រ ឬ​ភេរវកម្ម ១១ កញ្ញា​
07, May 2020 , 3:51 pm        
រូបភាព
ប្រធានាធិបតីត្រាំ និងប្រមុខការបរទេសម៉ៃ ប៉ុមប៉េអូ-រូបភាពAFP
ប្រធានាធិបតីត្រាំ និងប្រមុខការបរទេសម៉ៃ ប៉ុមប៉េអូ-រូបភាពAFP
ដោយ:
​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃទី​៦ ខែឧសភា បាន​និយាយថា ជំងឺ​រាតត្បាត​សកល​COVID-19 មាន​សភាព​អាក្រក់​ខ្លាំងណាស់​សម្រាប់​អាមេរិក​។ ដោយ​អាក្រក់​ជាង​ការវាយប្រហារ​លើ​ភើ​ល ហា​រ៍​ប៊័រ (Pearl Harbor) និង​ភេរវកម្ម​បុក​អាគា​ពាណិជ្ជកម្ម​ពិភពលោក​ទៅទៀត​។ លោក ត្រាំ បន្ត​ការរិះគន់​ទៅលើ​ចិន ដោយ​ថា ជំងឺឆ្លង​គួរតែ​បាន​បញ្ឈប់​ក្នុង​ទឹកដី​ចិន​។​

 
«​នេះ​គឺជា​ការវាយប្រហារ​អាក្រក់​បំផុត ដែល​យើង​ពុំ​ធ្លាប់មាន​»​។ នេះ​ជា​ប្រសាសន៍​របស់លោក​ប្រធានាធិបតី​ត្រាំ ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សេត​វិមាន ដោយ​សំដៅ​ដល់​ការ​រាតត្បាត​ជំងឺ COVID-19 នៅ​ទឹកដី​អាមេរិក​។ លោក ត្រាំ អះអាងថា COVID-19 អាក្រក់​ជាង​ហេតុការណ៍​នៅ​ភើ​ល ហា​ប៊់័រ និង​អាគា​ពាណិជ្ជកម្ម​ពិភពលោក​ទៅទៀត​។ 
 
​លោក ត្រាំ សង្កត់ធ្ងន់​ផងដែរ​ថា ផលប៉ះពាល់​បណ្តាលមកពី​ជំងឺ COVID-19 គឺ​អាក្រក់​ជាង​ការវាយប្រហារ​ទម្លាក់​គ្រាប់បែក​របស់​ជប៉ុន ​លើ​មូលដ្ឋាន​នាវា​អាមេរិក​នៅ​ភើ​ល ហា​ប៊័រ​រដ្ឋ​ហា​វ៉ៃ និង​អំពើ​ភេរវកម្ម​ដោយ អាល់​កៃ​ដា​ ដោយ​បើក​យន្តហោះ​បំ​បុក​អាគា​ពាណិជ្ជកម្ម​ពិភពលោក​ នៅ​ទីក្រុង​ញូវយ៉ក និង​រដ្ឋធានី​វ៉ាស៊ីនតោន​។​
 
​ការវាយប្រហារ​របស់​ជប៉ុន​លើ​មូលដ្ឋាន​នាវា​ភើ​ល ហា​ប៊័រ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​១៩៤១ បាន​ទាញ​អាមេរិក​ចូល​សង្គ្រាមលោកលើកទី​២​។ ចំណែកឯ​អំពើ​ភេរវកម្ម​បំ​បុក​អាគា​ពាណិជ្ជកម្ម​ពិភពលោក​ កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​៣​ពាន់​នាក់​ស្លាប់ និង​នាំ​ឲ្យ​មាន​សង្គ្រាម ​និង​ការបើក​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​ រយៈពេល​ជាង​២០​ឆ្នាំ នៅ​អ៊ីរ៉ាក់ អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប្រទេស​ដទៃទៀត​។​
 
​ក្រៅពី​ប្រៀបធៀប​ការ​រាលដាល COVID-19 និង​មហន្តរាយ​កន្លងមក លោក ត្រាំ ក៏​ឆ្លៀត​បន្ត​សង្គ្រាមពាក្យសម្តី​ជាមួយ​ចិន ​ដោយ​លើកឡើង​ពី​ប្រភពដើម​នៃ​វីរុស​ទៀត​។ លោក​និយាយថា រឿងនេះ​មិនគួរ​កើតមាន​ឡើយ ដោយ​ចិន​គួរ​ណាស់​តែ​បញ្ឈប់​ការឆ្លង ​នៅ​កន្លែង​ផ្ទុះ​ជំងឺ​នៅ​ទីក្រុង​វូ​ហាន ឬ​គួរតែបញ្ឈប់​ការឆ្លង​ក្នុងប្រទេស​ចិន​។​
 
​ក្នុង​រយៈពេល​ថ្មីៗ​នេះ លោក ត្រាំ ក៏ដូចជា​ប្រមុខ​ការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ​ បាន​បង្កើន​ការវាយប្រហារ​ទៅលើ​ចិន ដោយ​លើកឡើងថា​ប្រភព​ជំងឺ​COVID-19 ចេញ​មកពី​មន្ទីរពិសោធន៍​នៅ​វូ​ហាន​។​
 
​នៅ​ថ្ងៃទី​៦ ខែឧសភា របាយ​ការ​ណ៍របស់​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) បាន​បង្ហាញថា នៅ​អាមេរិក​ ចំនួន​ឆ្លង​មាន​១,១៩៣,៨១៣ ករណី និង​ស្លាប់​ចំនួន​៧០,៨០៣​នាក់​។ CDC ក៏បាន​ព្យាករណ៍​ផងដែរ​ថា ចំនួន​អ្នកស្លាប់​នៅ​អាមេរិក​ នឹង​កើន​ដល់​១​សែន​នាក់ ​នៅ​ដំណាច់​ខែឧសភា​នេះ​។​
 
​លោក​វេជ្ជបណ្ឌិត Tom Frieden ដែលជា​អ្នកជំនាញ​ជំងឺឆ្លង បាន​ព្រមាន​តំណាងរាស្ត្រ​អាមេរិក ថា ត្រូវ​ត្រៀម​សម្រាប់​សមរភូមិ​ដ៏​យូរ និង​លំបាក​មួយ​នេះ ហើយ​បាន​ទទូច​ឲ្យ​ពង្រីក​សមត្ថភាព​ធ្វើតេស្ត ​ដើម្បី​យកឈ្នះ​លើ​ជំងឺឆ្លង​។ លោក Frieden បន្ថែមទៀតថា បើ​គ្មាន​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​ទេ យើង​នឹង​រស់នៅ​ជាមួយ​ជំងឺ​នេះ​រាប់​ខែ​ឆ្នាំ ទៅមុខទៀត​។​
 
​គិត​ត្រឹម​ថ្ងៃទី​៧ ខែឧសភា​នេះ ចំនួន​អ្នក​ឆ្លង​នៅលើ​ពិភពលោក​ កើន​ដល់​៣,៨​លាន​ករណី និង​ស្លាប់​ចំនួន​២៦៥,០៨៤​នាក់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com